រុស្ស៊ី គាំទ្រ​យុទ្ធសាស្ត្រ​ទេសចរ​វ៉ាក់សាំង​របស់​កម្ពុជា នឹង​រៀបចំ​ឲ្យ​ពលរដ្ឋ មកលេង​ក្នុងពេល​ឆាប់ៗ​នេះ​

​ភ្នំពេញ​៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក អាណា​តូ​លី បូ​រ៉ូ​វិក ឯកអគ្គរដ្ឋទូត​វិសមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សហព័ន្ធរុស្ស៊ី​ប្រចាំ​កម្ពុជា នៅ​ស្ថា​ត​ទូត​រុស្ស៊ី ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​នៃ​ប្រទេស​ទាំងពីរ​។​

​ជំនួប​នេះដែរ​សំដៅ​រៀបចំ​ឲ្យ​មានការ​មក​ទស្សនា​រប​ស់​ទេសចរ​រុស្ស៊ី​នៅ​កម្ពុជា​ឡើងវិញ ក្រោម​យុទ្ធសាស្ត្រ​បើក​ទេសចរ​វ៉ាក់សាំង ដែល​រាជរដ្ឋាភិបាល​បានប្រកាស​នាពេល​ថ្មីៗ​នេះ ជាពិសេស​ការបើក​តំបន់​គោលដៅ​សុវត្ថិភាព ដូចជា ក្រុងព្រះសីហនុ កោះរុង និង​តំបន់​តារា​សាគរ ចាប់ពី​ថ្ងៃទី​៣១ ខែវិច្ឆិកា ឆ្នាំ​២០២១​ខាងមុខ ហើយ​តំបន់​សៀមរាប​អង្គរ ក្នុងអំឡុង​ខែមករា ឆ្នាំ​២០២២ ខាងមុខ​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី បន្ថែមថា ថ្មីៗ​នេះ​ប្រធានាធិបតី ពូ​ទីន ក៏បានផ្ដល់​មេដាយ​មហា​កិត្តិយស​ថ្នាក់​មិត្តភាព ដល់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បង្ហាញ​អំពី​ការកោតសរសើរ​ដល់​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ រហូត​ទទួលបាន​សុខសន្តិភាព និង​វិបុលភាព​ដូច​បច្ចុប្បន្ន ក៏ដូចជា​កិច្ចខិតខំ​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​កា​រទូ​ត មិត្តភាព ជាមួយ​រុស្ស៊ី​។​

​លោក អាណា​តូ​លី បូ​រ៉ូ​វិក ក៏បាន​បង្ហាញ​អំពី​ការពេញចិត្ត​នៃ​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍ រវាង​ប្រទេស​ទាំងពីរ​កន្លងមក ក៏ដូចជា​ផែនការ និង​យុទ្ធសាស្ត្រ​ដាក់ចុះ​ដោយ​រាជរដ្ឋាភិបាល​នាពេល​ថ្មីៗ ជាការ​ស្ដារ​វិស័យ​ទេសចរណ៍ មានដូចជា​៖ ផែនការ​ស្ដារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា អំឡុង និង​ក្រោយ​វិបត្តិ​កូ​វីដ​១៩ ឆ្នាំ​២០២០-២០២៥, ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប​, ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​មណ្ឌល​គី​រី​, យុទ្ធសាស្ត្រ​បើក​ទេសចរ​វ៉ាក់សាំង​, វិធាន​នយោបាយ​លើ​ការជំរុញ​ទេសចរ​ផ្ទៃក្នុង​, ការរៀបចំ​វិធាន​សុវត្ថិភាព​ទេសចរណ៍​នានា (SOP) នានា​ជាដើម​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បាន​បញ្ជាក់ថា ផ្អែក​តាម​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រវត្តិសាស្ត្រ និង​សមិទ្ធិផល​កន្លងមក កម្ពុជា​នឹងមាន​លទ្ធភាព​ទាក់ទាញ​ទេសចរ​រុស្ស៊ី​បន្ថែមទៀត ដែល​មុន​វិបត្តិ​កូ​វីដ​១៩ កំណើន​ពលរដ្ឋ​រុស្ស៊ី​មក​ទស្សនា​នៅ​កម្ពុជា មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ រហូត​ជាង​កន្លះ​លាន​នាក់ ហើយ​ចំនួន​នេះ​នឹង​អាច​កើនឡើង​ខ្ពស់​ថែមទៀត ដោយ​រុស្ស៊ី​ជា​ប្រភាព​ទីផ្សារ​ដ៏​ធំ មាន​ប្រជាជន​ជាង ១៤៦​លាន​នាក់​។​

​លោក​ឯកអគ្គរដ្ឋទូត ក៏បាន​អរគុណ​ដល់​ក្រសួងទេសចរណ៍​កម្ពុជា ក្នុងនាម​ជា​ម្ចាស់ផ្ទះ​នៃ​វេទិកា​ទេសចរណ៍​អាស៊ាន ២០២២ ខាងមុខ និង​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​លើក​ទី​២៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ដែល​បាន​សម្របសម្រួល​ជំរុញ​ឲ្យ​មាន​កិច្ចប្រជុំ​ទេសចរណ៍​អាស៊ាន​-​រុស្ស៊ី រហូតដល់​ថ្នាក់​រដ្ឋមន្ត្រី ដែល​កិច្ចប្រជុំ​លើក​ទី ១ នឹងធ្វើ​ឡើង នាឱកាស​វេទិកា​ទេសចរណ៍​អាស៊ាន​ខាងមុខ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close