កម្ពុជា យកខេត្តព្រះសីហនុ ធ្វើជាកិច្ចប្រជុំមហាសន្និបាតសមុទ្រអាស៊ីបូព៌ា ចុងឆ្នាំ២០២១

ភ្នំពេញ៖ កម្ពុជា គ្រោងនឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំមហាសន្និបាតសមុទ្រអាស៊ី នាចុងឆ្នាំ២០២១ ក្នុងក្រុងព្រះសីហនុ ដែលនឹងក្លាយជាពិធីធំលើកដំបូងរបស់កម្ពុជា ដែលទើបបានចាប់ផ្តើមការបើកប្រទេសឡើងវិញ នាដើមខែវិច្ឆិកានេះ បន្ទាប់ពីការរាលដាលដោយជំងឺកូវីដ-១៩។

មហាសន្និបាតសមុទ្រអាស៊ីបូព៌ានឹងប្រព្រឹត្តទៅនាថ្ងៃទី១ និង២ធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ Charting a New Decade of Hope-Healthy Oceans, People and Economy មានន័យថា បង្កើតទសវត្សថ្មីសម្រាប់សុខុមាលភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច។ មហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១នេះ បានផ្តោតសំខាន់លើការអភិវឌ្ឍន៍ប្រកបដោយចិរភាពនៃសមុទ្ទពិភពលោក។
មហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ នៅកម្ពុជាក៏នឹងប្រព្រឹត្តទៅជាមួយវេទិកាថ្នាក់រដ្ឋមន្ត្រីលើកទី៧នៃភាព ជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ានៅក្នុងខេត្តព្រះសីហនុនោះផងដែរ។ ប្រទេសដែលនឹងចូលរួមក្នុង វេទិកានេះមានជាង១០ ប្រទេសមកពីខាងក្រៅដូចជាប្រទេសចិន, ជប៉ុន, សាធារណរដ្ឋកូរ៉េ និងប្រទេសជាច្រើនដទៃទៀត។
មហាសន្និបាតសមុទ្រអាស៊ីបូព៌ា នាចុងឆ្នាំ២០២១នេះ ត្រូវបានគេធ្វើចេញពីខេត្តព្រះសីហនុ ដែលមានឆ្នេរស្អាតបំផុតនៅលើពិភពលោក និងបច្ចុប្បន្នកំពុងក្លាយជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង របស់កម្ពុជា ហើយទីក្រុងនឹងក្លាយជាទីក្រុងអភិវឌ្ឍន៍នៃពហុជាតិសាសន៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។