អភិបាលខេត្តព្រៃវែង ចុះពិនិត្យទីតាំងសហគមន៍កសិកម្ម កសិករខ្មែរនៅស្រុកពាមជរ
ព្រៃវែង ៖ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង អមដំណើរដោយអភិបាលរងខេត្ត និងលោក លោកស្រីប្រធានមន្ទីរ កងកំលាំងទាំង៣ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត បានអញ្ជើញសំណេះសំណាលសួសុខទុក្ខប្រជាពលរដ្ឋសមាជិកសហគមន៍ កសិកម្ម កសិករខ្មែរ និងចុះពិនិត្យស្ថានភាពផលិតកម្មដំណាំបន្លែនៅភូមិខ្ពប ឃុំព្រែកសំបួរ ស្រុកពាមជរ ខេត្តព្រៃវែង។

លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានមតិស្វាគមន៍ ដោយបានលើកឡើងថា នៅខេត្តព្រៃវែងមានសហគមន៍កសិកម្មចំនួន ១៣៩ សហគមន៍ និងបណ្តុំអាជីវកម្មផលិតកម្ម កសិកម្មដំណាំ និងការចិញ្ចឹមសត្វសរុបចំនួន ១៥២ បណ្តុំ ដែលកំពុងអនុវត្តន៍ផលិតកម្មល្អសម្រាប់ផ្គត់ផ្គង់ទៅកានទីផ្សារទាំក្នុង និងក្រៅខេត្ត។ ដោយឡែកសហគមន៍កសិកម្ម កសិករខ្មែរ ជាសហគមន៍ផ្តោលើការផលិតបន្លែសុវត្ថិភាពគ្រប់ប្រភេទទៅតាមតម្រូវការទីផ្សារ ដោយក្នុង១ថ្ងៃៗមានសមត្ថភាពផលិត និងប្រមូលទិញពីសមាជិកនាំទៅលក់នៅទីផ្សារអ្នកលឿង ផ្សារនាគមាស ផ្សារគួរស្រូវជាដើម ក្នុងបរិមាណពី ៣ ទៅ ៥ តោនក្នុង ១ ថ្ងៃ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ជា សុមេធី បានមានមតិកោតសរសើរដល់មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានគាំទ្របង្កើតឲ្យមានសហគមន៍កសិកម្ម និងបណ្តុំអាជីវកម្មផលិតកម្មកសិកម្មជាច្រើននៅក្នុងខេត្តព្រៃវែង ដោយបានសហការបណ្តាដៃគូរអភិវឌ្ឍន៍នានា ជួយគាំទ្រយ៉ាងសកម្មទាំបច្ចេកទេស សម្ភារ ដើមទុនជាដើម ដល់សហគមន៍ ដើម្បីមានលទ្ធភាពបង្កើនការផលិត និងការនាំទៅលក់នៅទីផ្សារ។ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តាំផ្ញើរដល់សមាជិកសហគមន៍ ឲ្យយកចិត្តទុកដាក់ដាំដុះបន្លែបន្ថែមទៀត ហើយកាត់បន្ថយការប្រើប្រាស់សារធាតុគីមី ផ្សេងៗដែលធ្វើឲ្យប៉ះពាល់ដល់សុខភាអ្នកប្រើប្រាស់។ ហើយ ឯកឧត្តម ក៏បានណែនាំដល់លោកប្រធានមន្ទីរ និងមន្ត្រីជំនាញ នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យកចិត្តទុកដាក់បន្ថែមទៀតក្នុងការគាំទ្រដល់សហគមន៍ផលិតបន្លែនេះ ឲ្យកាន់តែមានភាពប្រសើរឡើងថែមទៀត។

នៅក្នុងនោះ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានចែកសម្ភារដល់ក្រុមបណ្តុំអាជីវកម្មផលិតកម្មបន្លែចំនួន៤០គ្រួសារ ដោយក្នុង១គ្រួសារទទួលបានសំណាញ់១ដុំ និងគ្រាប់បន្លែមានស្ពៃគ្រប់ប្រភេទ ត្រប់ សណ្តែកគួរ និងគ្រាប់ត្រកួន ដែលគាំទ្រដោយកម្មវិធី ASPIRE។ នៅក្នុងពិធីនេះដែរ ក៏មានការចូលរួមជួយឧបត្ថម្ភរបស់ក្រុមហ៊ុន ហ៊ូយន់ នូវកំបោរកសិកម្មចំនួន២តោន ជីកសិកម្មសរីរាង្គ១តោន និងជីទឹកសរីរាង្គចំនួន៥កេះ។ ឯកឧត្តម ក៏បានផ្តល់ជូននូវទឹកសុទ្ធ និងសម្ភារការពារឆ្លងជម្ងឺកូវីដ១៩មានដូចជាម៉ាស អាល់កុល និងជេលលាងដៃ ហើយថែមទាំងផ្តល់ប្រាក់ដល់សហគមន៍ចំនួន១លានរៀលជូនដល់សហគមន៍ និងផ្តល់ជូនសមាជិកសហគមន៍ចូលរួមចំនួន៤០នាក់ ដោយទទួលបានប្រាក់២ម៉ឺន។

ជាបន្ទាប់មកទៀត ឯកឧត្តម ជា សុមេធី និងប្រតិភូតអមដំណើរ បានចុះពិនិត្យមើលស្ថានីយ៍មូបទឹក និងប្រព័ន្ធ ស្រោចស្រពដំណាំបន្លែ ដែលបានគាំទ្រដោយ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយក៏បានមើលការដាំដុះដំណាំបន្លែរបស់កសិករ ជាសមាជិកសហគមន៍កសិកម្មកសិករខ្មែរ មានដូចជា ដំណាំល្ហុង ត្រសក់ ពពាយស្បែក ត្រប់ ល្ពៅ ពោតបារាំង សណ្តែកគួរជាដើម៕
ដោយ សាត សុីន
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។