អាជ្ញាធរ​ខេត្តសៀមរាប ជំរុញ​ការចាប់ផ្តើម​រៀបចំ​កំពង់ផែ​ចុង​ឃ្នៀ​ស​ឡើងវិញ ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​ជាតិ និងអន្តរជាតិ​

​ខេត្តសៀមរាប​៖ កាលពី​រសៀល​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២១​កន្លងទៅនេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ​ខេត្ត ចុះ​ពិនិត្យ​ផ្ទាល់​កំពង់ផែ​ចុង​ឃ្នៀ​ស ដែលជា​កំពង់ផែ​ដ៏​មាន​សក្តានុពល ក្នុងការ​ស្រូប​ទាញ​ភ្ញៀវទេសចរ​ធ្វើដំណើរ​ទស្សនា​សម្រស់​ធម្មជាតិ​នៃ​បឹង​ទន្លេសាប ក្នុង​គោលបំណង​ធ្វើការ​រៀបចំ និង ជួសជុល​កែលម្អ​ឡើ​ញ​វិញ​ស្រប​តាប​តាម​ស្តង់ដា​កំពង់ផែ​ទេសចរណ៍ ដើម្បី​បម្រើ​សេវាកម្ម​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ បន្ទាប់ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​បើក​ដំណើរការ​ប្រទេស​ឡើងវិញ ចាប់ពី​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​តទៅ ។​

 

​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប មានប្រសាសន៍ថា ក្នុងឱកាស​អញ្ជើញ​បិទ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ សម្រាប់​អ្នកមាន​អាយុ​៦​ឆ្នាំ​ឡើង និង​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ សម្រាប់​ក្មេង​អាយុ​៥​ឆ្នាំ នា​ព្រឹក​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១​កន្លងទៅនេះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​បើក​ដំណើរការ​ប្រទេស​ពេញលេញ​ឡើងវិញ លើ​គ្រប់​វិស័យ និង​ការរស់នៅ​ជាមួយ​កូ​វីដ​១៩ តាមបែប​គន្លង​ថ្មី ចាប់ពី​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​តទៅ ដូច្នេះ​ខេត្តសៀមរាប ដែលជា​ខេត្ត​គោលដៅ​ទេសចរ​វប្បធម៌ ធម្មជាតិ និង​ប្រវត្តិសាស្ត្រ​ផង​នោះ យើង​ត្រូវ​យកចិត្តទុកដាក់ និង គិតគូរ​ឲ្យ​បាន​ហ្មត់ចត់​បំផុត ដើម្បី​ត្រៀមលក្ខណៈ​បើក​ដំណើរ​ការទទួល​ភ្ញៀវទេសច​រ​ឡើងវិញ នា​ដើមឆ្នាំ​២០២២​ខាងមុខនេះ ស្របតាម​គន្លង​ប្រក្រតីភាព​ថ្មី និង​ត្រូវ​រៀបចំ​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​សុវត្ថិភាព ( SOP ) រៀន​រស់​ជាមួយ​កូ​វីដ​-១៩ ។​

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍​បន្ថែមថា ក្រៅពី​តំបន់​ប្រាង្គ​ប្រាសាទ កំពង់ផែ​ចុង​ឃ្នៀ​ស​នេះ គឺជា​គោលដៅ ទេសចរណ៍​យ៉ាងសំខាន់​ផងដែរ ព្រោះ​កន្លងមក​នៅពេល​ភ្ញៀវទេសចរ​បញ្ចប់​ការ​ទស្សនា​តំបន់​ប្រាង្គ​ប្រាសាទ ពួកគាត់​នឹង​មក​តំបន់​នេះ ដើម្បី​ទស្សនា​សម្រស់​ធម្មជាតិ​នៃ​បឹង​ទន្លេសាប ហេតុនេះ​ការងារ​បន្ទាន់ និង ចំពោះមុខ​នេះ ជា​ជំហាន​ដំបូង​យើង​ត្រូវ​រៀបចំ ជួសជុល និង កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ អនាម័យ និង បរិស្ថាន​ឲ្យ​បាន​ស្អាត​ជាមុនសិន រួមទាំង​បញ្ហា​សន្តិសុខ និង សណ្ដាប់ធ្នាប់​សាធារណៈ​ផងដែរ ដូច្នេះ​ដើម្បី​បង្កើន​ភាព​ទាក់ទាញ និង ការ​ចំណាប់អារម្មណ៍​របស់​ភ្ញៀវទេសចរ​សូម​លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​មន្ទីរ និង អង្គភាព​ពាក់ព័ន្ធ សូម​ធ្វើ​ការងារ​នេះ​ឲ្យ​បាន​ឆាប់រហ័ស និង ត្រូវ​កំណត់​ច្បាស់លាស់ ដោយ​បែងចែក​ឲ្យ​មាន​ជា​តំបន់​បដិសណ្ឋារកិច្ច តំបន់​ប្រជាជន​រស់នៅ និង​តំបន់​ផ្សារ​ត្រី​ជាដើម ។​

​សូមបញ្ជាក់ថា កំពង់ផែ​ចុង​ឃ្នៀ​ស​នេះ ស្ថិតនៅក្នុង​តំបន់​បឹង​ទន្លេសាប នៃ​សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប ត្រូវបាន​រដ្ឋបាលខេត្ត​គ្រប់គ្រង​ជា​បណ្តោះអាសន្ន​កាលពី​ចុងខែ​សីហា​កន្លងមក បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដកហូត​ចេញពី​ការវិនិយោគ​របស់​ក្រុមហ៊ុន​ឯកជន តាមរយៈ​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១ របស់​ទីស្តីការ​គណៈ​រដ្ឋ​មន្តី បាន​កំណត់ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រគល់ជូន​រដ្ឋបាល​ខេត្តសៀមរាប និង​គ្រឹះស្ថាន​អង្គរ គ្រប់គ្រង​តំបន់​កំពង់ផែ​នេះ​ជា​បណ្តោះអាសន្ន ដែល​ប្រការ​សំខាន់​គឺ ផែនការ​១០​ចំណុច​សម្រាប់​ការគ្រប់គ្រង​តំបន់​នេះ ដើម្បី​អភិវឌ្ឍន៍ រក្សា​តម្លៃ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close