ស្ត្រី​ម្នាក់​កំពុង​ជិះ​ម៉ូតូ ត្រូវ​រថយន្ត​ដឹក​ដី បុក​អូស​ជិត​១០០​ម៉ែត្រ ស្លាប់​ភ្លាមៗ​

​ខេត្តកណ្ដាល​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បានកើត​ឡើង ដោយ​រថយន្ដ​យី​ឌុប​កង់​ដប់​ដឹក​ដី បាន​បុក​ស្ត្រី​ម្នាក់ ខណៈ​កំពុង​ជិះ​ម៉ូត ហើយ​អូស​ចម្ងាយ​ជិត ៨០​ម៉ែត្រ បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។ ករណីនេះ បាន​កើតឡើង​កាលពី ថ្ងៃទី​៤ ខែ​វិច្ចិកា ឆ្នាំ​២០២១ លើផ្លូវ​៣៨០ ស្ថិត​ភូមិ​ឃ្លាំងមឿង​ជើង ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

​សមត្ថកិច្ច បានឱ្យដឹងថា រថយន្ត​បង្ក​បើកបរ​ដោយ​ឈ្មោះ កែវ សំណាង ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិខ្មែរ នៅ​ភូមិ​ស្ថាពរ ឃុំ​ប៉ាល​ហា ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ​(​ឃាត់ខ្លួន​) និង​ជនរងគ្រោះ​ឈ្មោះ ស្រេង ឡ​ន ភេទ​ស្រី អាយុ ៦១​ឆ្នាំ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​សាក្សី បាន​បញ្ជាក់ថា គេ​បានឃើញ​ឈ្មោះ ស្រេង ឡ​ន បើកបរ​ម៉ូតូ​ឆ្លងផ្លូវ​ពី​ទិសខាងកើត មក​ទិស​ខាងលិច ដល់​ចំណុច ផ្លូវ​ខាងលិច​ក៏ត្រូវ​រថយន្តបុក​អូស​កិន​ចម្ងាយ ៧៩​ម៉ែត្រ បណ្តាលឱ្យ​ជនរងគ្រោះ​មួយ​កំណាត់​លើ​ត្រូវ​រថយន្ត​កិន​ខ្ទេច​ហ្មត់ ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​

​ក្រោយ​កើតហេតុ​នគរបាល​ជំនាញ បាន​ចុះ​ពិនិត្យ និង​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្ដាល ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close