សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារ​ទីស្តីការក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ នា​ព្រឹក​នេះ​!

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ទីស្តីការ​នៃ​អគារ​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់​។

​អគារ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​សមិទ្ធផល​មួយ ដែល​បង្ហាញ​ពី​គុណ​តម្លៃ​នៃ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្នុងការ​លើ​កម្ពស់​តម្លៃ​ស្ថាបត្យកម្ម ដែលជា​ស្នាដៃ​ផ្ទាល់​របស់​កូន​ខ្មែរ ហើយក៏​បានបង្ហាញ​នូវ​សមត្ថភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​លើ​ការគ្រប់គ្រង និង​ប្រើប្រាស់​ថវិកាជាតិ ដើម្បី​បង្កើត​នូវ​សមិទ្ធផល​ជាទី​មោទនភាព​សម្រាប់​ជាតិ​ផងដែរ​។​

​អគារ​ទីស្តីការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មាន​ទីតាំង​ស្ថិតនៅ ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នា​ប៉ែក​ខាងជើង​ឆៀង​ខាងលិច​រាជធានី​ភ្នំពេញ ត្រូវបាន​ប្រារព្ធ​ពិធី​បើ​ការដ្ឋាន​សាងសង់ នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០​។

​អគារ​នៃ​ក្រសួង​នេះ សាងសង់​នៅលើ​ផ្ទៃដី​ទំហំ ៤.៥​ហិកតា មាន​ទំហំ​តួ​អគារ​បណ្ដោយ​ប្រវែង ១៣២.៧ ម៉ែត្រ និង​ទទឹង​ប្រវែង ៩៤.៧​ម៉ែត្រ មាន​ចំនួន ៨​ជាន់ កម្ពស់​សរុប​ពី​ទ្រនាប់​ខ្សាច់ ដល់​ចុង​កំពូល​បុស្បុក ៨៨.៥​ម៉ែត្រ ក្នុងនោះ​មាន​កម្ពស់​បុស្បុក ៣៣.២៨​ម៉ែត្រ មាន​ចំណតរថយន្ត​ប្រមាណ ៤៥០​គ្រឿង និង​ចំណត​ទោចក្រយានយន្ត​ជាច្រើន​គ្រឿង​ទៀត​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​នៃ​អគារ​ទីស្ដីការក្រសួង​រៀបចំ​ដែនដី​ន គ​រូបនីយកម្ម និង​សំណង់​ដែល​ត្រូវដាក់​ឲ្យ​ប្រើប្រាស់​នាពេលនេះ​ទេ​។ ទាក់ទង​ទៅនឹង​បញ្ហា​នៃ​ជំងឺ​កូ​វីដ​-១៩ សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍ថា នេះ​ជាការ​រៀន​រស់​តាម​កន្លង​ថ្មី ដែល​យើង​មានការ​កាត់បន្ថយ​ចំនួន​មនុស្ស​ចូលរួម ជាក់ស្ដែង​ដូចជា​អគារ​សាលប្រជុំ​នេះ​ដែល​កន្លងមក​ធ្លាប់តែ​ដាក់​មនុស្ស​ជាង​១,០០០ ពាន់​នាក់ តែ​ពេលនេះ យើង​កាត់បន្ថយ​មក​ត្រឹម​ប្រមាណ​ជាង​៥០០​នាក់​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា នៅក្នុង​ឆ្នាំនេះ​យើង​នឹង​សម្ភោ​ធ​អគារ​ក្រសួង​ចំនួន​៣ រួមមាន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដែល​បាន​សម្ពោធ​រួច ក្រសួង​រៀបចំ​ដែនដី​ន​នគររូបនីយកម្ម និង​សំណង់​ដែល​សម្ពោធ​នាពេលនេះ និង​នៅ​ចុងឆ្នាំ​២០២១ យើង​នឹង​សម្ពោធ​អគារ​ទីស្ដីការក្រសួង​ការពារជាតិ ដែល​នឹងត្រូវ​សម្ពោធ​ចំ​ខួប​លើក​ទី​២៣ នៃ​ការដាក់ចេញ​នយោបាយ​ឈ្នះ ឈ្នះ គឺ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២១​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ដាសតឿន​រំលឹក ដល់​មន្ត្រី​ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់​អោយ​ខិតខំ​បំពេញការងារ​អោយបាន​ល្អប្រសើរ​។ សម្តេច​តេ​ជោ​បាន​សង្កត់ធ្ងន់ថា ត្រូវ​រួម​ថែរក្សា​សមិទ្ធផល​ដែល​កើតមាន​នេះ​អោយបាន​គង់វង្ស​ប្រើប្រាស់​អោយបាន​យូរអង្វែង មាន​កន្លែងធ្វើការ​ល្អ​ហើយ ត្រូវ​ធ្វើការ​អោយមាន​ប្រសិទ្ធភាព និង​ចំនុច​មួយទៀត​ត្រូវ​ចេះ​សន្សំ ទឹក ភ្លើង ផងដែរ​។

​នៅក្នុង​ឱកាស​នេះ​ផងដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ផ្ដល់នូវ​ការណែនាំ​ទៅកាន់​មន្ត្រី​ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​ដែល​ទី​នូវ ៣​ចំនុច​សំខាន់​:
១- ត្រូវ​បន្ត​ខិតខំ​ចេញ​ប័ណ្ណកម្មសិទ្ធិ​អោយ​ប្រជាពលរដ្ឋ​អោយបាន​ឆាប់​។
២- ត្រូវ​បន្ត​ខិតខំ​ដោះស្រាយ​ជំលោះ​ដីធ្លី ជាពិសេស​ការ​ដោះ​ក្រៅ​ប្រព័ន្ធតុលាការ ។
៣-​ត្រូវខិតខំ​បន្ត​ដោះស្រាយ​ដី​សម្បទាន​សង្គមកិច្ច​ជា​បន្តបន្ទាប់​ទៀត​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ជូនពរ​ដល់​មន្ត្រីរាជកា​រ នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ អោយ​ជូ​ប​តែ​សេចក្តីសុខ សេចក្តីចម្រើន និង​ជោគជ័យ​ក្នុង​ការងារ​ជា​បន្តបន្ទាប់​ទៀត​។ មុននឹង​បញ្ចប់ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បានផ្ដល់​គ្រឿង​ឥស្សរិយយស​ដល់​មន្ត្រី​មាន​ស្នាដៃ នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​មួយចំនួន​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close