រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ចុះ​ពិនិត្យ​ក្រុមហ៊ុន​ដាំ​ដំណាំ​ចេក​អំ​ពូក​លឿង នៅក្នុង​ខេត្តកំពត​

​បន្ទាប់ពី​ពិធី​សំណេះសំណាល និង​សួរសុខទុក្ខ​នាយទាហាន ពលទាហាន​នៃ​អង្គភាព​វរៈ​សេនា​តូច​លេខ​២ ការពារ​ព្រំដែន​គោក នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពត​ត្រូវបាន​បញ្ចប់ ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន អមដំណើរ​ដោយ ឯកឧត្តម អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត ព្រមទាំង​សហការី​បាន​បន្តដំណើរ​ឆ្ពោះទៅ​ពិនិត្យ​វឌ្ឍនភាព នៃ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន ឡង មេ​ត អេ​ហ្គ្រី​ខ​ល​ឈ័​រ ឯ​.​ក ក្នុង​ការដាំដុះ​ដំណាំ​កសិកម្ម ជាពិសេស​ដំណាំ​ចេកអំបូង​លឿង ដើម្បី​ធ្វើការ​នាំចេញ​ជា​ចំបង​ទៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ស្ថិតនៅ​ភូមិ​ជុំ​ផ្តៅ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត​។

​សូមបញ្ជាក់ថា គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន គឺជា​ការបណ្ដាក់ទុន​វិនិយោគ​រួមគ្នា​រវាង​អ្នកវិនិយោគ​គិ​ន​ក្នុងស្រុក និង​ក្រៅ​ស្រុក ដែលមាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា ៣២​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ស​ម្រា​ប់​ធ្វើ​ការដាំដុះ​ដំណាំ​ចេកអំបូង​លឿង លើ​ផ្ទៃដី​ជាង ១ ០០០​ហិកតា​ដែលជា​ដំណាក់កាល​ទី ១​នៃ​ផែនការ​វិនិយោគ​។ មកដល់​ពេលបច្ចុប្បន្ន​នេះ ក្រុមហ៊ុន​បាន​ដាំ​កូន​ចេក​បាន​ជាង ៣០០​ហ​ត ដោយ​កូន​ចេក​នីមួយៗ​ត្រូវបាន​ឆ្លងកាត់​ការ​បង្កាត់​ពូជ​ចេញពី​ជាលិកា ការដាំដុះ និង​ថែទាំ​ប្រកបដោយ​បច្ចេកទេស​និង​ស្តង់ដារ ដើម្បី​តម្រូវ​ចិត្ត ក៏ដូចជា​ស្របតាម​តម្រូវការ​នៃ​ទីផ្សារ​នាំចេញ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​គម្រោង​វិនិយោគ​កសិដ្ឋាន​ចំការចេក​បាន​ស្រូបយក​កំលាំង​ពលកម្ម​ប្រមាណ​ជា ៥០០​នាក់ និង​ត្រូវ​ស្រូបយក ១ ០០០​នាក់​បន្ថែមទៀត​ក្នុង​ដំណាច់ឆ្នាំ ២០១៨​នេះ ដើម្បី​ជួយ​ធ្វើការ​ប្រមូល​ផល និង​កែច្នៃ​វេច​ខ្ចប់​ផល​ចេក​ជាង ៣០ ០០០​តោន​។

​មានមតិ​សំណេះសំណាល ឯកឧត្តម​រដ្ឋមន្ត្រី​បានធ្វើការ​ស្ងើចសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព និង​សមិទ្ធិផល​
​នានា​ដែល​ក្រុមហ៊ុន​សម្រេចបាន​ក្នុង​រយៈពេល​ដ៏​ខ្លី ហើយ​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​សាទរ​ចំពោះ​ភាព​ឆ្លាត​វៃ​របស់​ក្រុមហ៊ុន​ដែល​បាន​ចាប់យក​ឱកាស​ធ្វើការ​វិនិយោគ​កសិដ្ឋាន​ចំការ​ចេកអំបូង​លឿង ចំ​ពេលដែល​ទីផ្សារ​ចេក​នៃ​ប្រទេស​ចិន ត្រូវបាន​បើក​ជូន​កម្ពុជា​តាមរយៈ​ការចុះ​ពិធីសារ​ស្តីពី​លក្ខ​ខ័​ណ​ភូតគាម​អនាម័យ​សំរាប់​ការនាំ​ចេក​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​អគ្គ​រដ្ឋបាល​គយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៨ កន្លងមកនេះ​។ សមិទ្ធិផល​នេះ ស្តែង​ចេញពី​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​ក្នុងការ​លើកស្ទួយ​វិស័យ​កសិកម្ម និង​ប្រែក្លាយ​វិស័យ​កសិកម្ម​ទៅជា​ក​សិ​-​ឧស្សាហកម្ម និង​វិស័យ​ឯកជន​ទៅជា​ក​សិ​ពាណិជ្ជករ រួមជាមួយ​ការ​ជម្រុញ​ធ្វើ​ទំនើបកម្ម​កសិកម្ម ដើម្បី​បង្កើន​ការទុកចិត្ត​ពី​អ្នកបញ្ជា​ទិញ និង​បង្កើន​ប្រាក់ចំណូល​ដល់​ក្រុមហ៊ុន និង​កម្មករ ដែល​ឈានទៅ​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​របស់​រា​ជ​រដ្ឋាភិបាល ក្នុងការ​ប្រែក្លាយ​ប្រទេស​ទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នា​ឆ្នាំ​២០៣០​។

​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ផងដែរ ដោ​យស​ង្គេ​ត​ឃើញថា ក្រុមហ៊ុន​បាននិងកំពុង​អនុវត្ត​ស្របតាម​គោលនយោបាយ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ដូចជា​ការធ្វើ​ទំនើបកម្ម​កសិកម្ម ការបង្កើត​ការងារ​យ៉ាងច្រើន​ជូន​ប្រជាពលរដ្ឋ ជាពិសេស​ការលើកកម្ពស់​ធនធានមនុស្ស​ក្នុងស្រុក ដោយ​ផ្តល់​ការងារ​ជូន​និស្សិត​ដែល​បានបញ្ចប់​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម និង​សាលា​ជាតិ​កសិកម្ម​។ ទន្ទឹមនឹងនេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​បុគ្គលិក​បម្រើ​ការងារ​ក្នុង​កសិដ្ឋាន​ទាំងអស់​ឲ្យ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​បំពេញការងារ និង​បង្កើន​ភាព​ប្រុងប្រយ័ត្ន ដើម្បី​ជា​ប្រយោជន៍​ដល់​ក្រុមហ៊ុន​ក្នុងការ​ធានា​ដល់​គុណភាព និង​និរន្តរភាព​នៃ​ទីផ្សារ ហើយក៏​ជា​ប្រយោជន៍​ដល់​ខ្លួនឯង​ផងដែរ​ក្នុងការ​ធានា​ដល់​ការរក្សា​ការងារ និង​បង្កើន​សមត្ថភាព​ខ្លួន​ឲ្យ​កាន់​តែមាន​ភាពទូលំទូលាយ និង​រីកចម្រើន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close