ការបើកដំណើរការខារ៉ាអូខេ ឌីស្កូថេក និងរង្គសាល គឺត្រូវរង់ចាំក្រោយថ្ងៃទី៣០ វិច្ឆិកា
ថ្លែងក្នុងពិធីបើកសម្ពោធជាផ្លូវការ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី៨ ខែមីនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានមានប្រសាសន៍ថា អាជីវកម្មដែល មានហានិភ័យខ្ពស់ ដូចជា ខារ៉ាអូខេ ឌីស្កូថេក និងរង្គសាល ពេលនេះមិនទាន់អនុញ្ញាតឲ្យបើកឡើងវិញទេ ដោយត្រូវរង់ចាំរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។
សម្តេចតេជោ បន្តថា ការសម្រេចបើកប្រទេសឡើងវិញជាបណ្តើរៗលើគ្រប់វិស័យនេះ គឺដោយសារតែប្រជាពលរដ្ឋគ្រប់ៗគ្នាស្ម័គ្រចិត្តទៅទទួលការ ចាក់វ៉ាក់សាំងយ៉ាងត្រឹមត្រូវនិងពេញលេញ ហើយបានស៊ូទ្រាំការលំបាកកាលពីមុនជាមួយគ្នា ទើបពេលនេះរាជរដ្ឋាភិបាលកម្ពុជា អាចបើកដំណើរប្រទេសឡើងវិញស្ទើរគ្រប់វិស័យ ។
« នេះហើយទើបយើងបើកប្រទេសឡើងវិញ គឺកំពុងតែបើកហើយ ប៉ុន្តែសម្រាប់ខារ៉ាអូខេ KTV ឌីស្កូថេក ហើយនិងរង្គសាល គឺរង់ចាំក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ខ្ញុំសម្រេចយប់មិញតាមសំណើ របស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានដឹកនាំប្រជុំដោយ ឯកឧត្តម ម៉ម ប៊ុនហេង ពីគណៈកម្មការ ពីព្រោះបើសិនជាបើកកន្លែងទាំងនេះលឿនពេក គឺអាចនឹងមានការឆ្លង ដូច្នេះធ្វើយ៉ាងណាគឺត្រូវឱ្យសាលាបើកទៅមុនសិន អត្រាឆ្លងគឺមានការធ្លាក់ចុះ បើក សាលាមនុស្សជាង ៣លាននាក់បានចូលរៀន តែឆ្លងមានកម្រិតតូចតាច ដោយសារមកពីបងប្អូនព្រមទទួលយកវ៉ាក់សាំង ក្នុងពេលដែលពួកអ្នកដទៃប្រឆាំងការចាក់វ៉ាក់សាំង ការចាក់វ៉ាក់សាំងគឺជាការសង្គ្រោះជីវិតមនុស្ស ប្រសិនបើបងប្អូនមិនទទួលបានវ៉ាក់សាំងទេច្បាស់ជាមកដល់ពេលនេះបើកប្រទេសមិនរួចទេ ដូច្នេះពេលមុនបងប្អូនទ្រាំទ្រការលំបាក តែពេលនេះបងប្អូនបានធូរស្រាលហើយ ក្នុងមួយអាទិត្យនេះគឺខ្ញុំតាមដានគឺឃើញថា បងប្អូនមានការសប្បាយចិត្តនៅពេលដែលយើងបានបើកប្រទេសឡើងវិញ » ។
ជាមួយគ្នានេះដែរសម្តេចតេជោ ហ៊ុន សែន បានបង្ហាញអារម្មណ៍ សប្បាយរីករាយ ក្នុងពេលដែលសង្កេតឃើញថា ប្រជាពលរដ្ឋទាំងអស់បានប្រកានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ជាពិសេសអនុវត្តវិធានការ ៣កុំនិង៣ការពារ យ៉ាងខ្ជាប់ខ្ជួនជាទីបំផុត ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។