អបអរខួប៦៨ឆ្នាំ ទិវាឯករាជ្យជាតិ ៩ វិច្ឆិកា

នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ​២០២១នេះ គឺជា​ខួប​លើកទី៦៨ឆ្នាំ បន្ទាប់ពី​ប្រទេស​កម្ពុជា​បានទទួល​ឯករាជ្យ​ពេញលេញ​ចេញពី​អាណានិគមបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣។

ប្រវត្តិ

បារាំងបានចុះមកដាក់អាណានិគមលើកម្ពុជានៅឆ្នាំ១៨៦៣។ នៅអំឡុងឆ្នាំ១៩៤៩ ព្រះបាទនរោត្តម សីហនុបានចាប់ផ្តើមធ្វើការទាមទារឯករាជ្យពីបារាំង។ បន្ទាប់ពីស្ថិតនៅក្រោមនឹមអាណានិគមបារាំងអស់រយៈពេល ៨០ ឆ្នាំ ទីបំផុតប្រទេសកម្ពុជាក៏ទទួលបានឯករាជ្យពេញលេញនៅឆ្នាំ១៩៥៣។ ដោយសារសាមិទ្ធិកម្មដ៏អស្ចារ្យនេះ ប្រជារាស្ត្រខ្មែរគ្រប់រូបបានចាត់ទុកសម្តេចថាជា”ព្រះបិតាឯករាជ្យជាតិខ្មែរ” ឬ”ព្រះមហាវីរបុរសជាតិ”។ ក្រោមការដឹកនាំរបស់ព្រះអង្គក្រោយឯករាជ្យ ប្រទេសកម្ពុជាបានឆ្លងកាត់ការអភិវឌ្ឍន៍ស្ទើរតែគ្រប់វិស័យ។

ការប្រារព្ធ

បុណ្យឯករាជ្យជាតិគឺជាពិធីបុណ្យដ៏សំខាន់និងពិសេសមួយសម្រាប់ជាតិខ្មែរទាំងមូល។ វាជាតំណាងឱ្យការតស៊ូយកឈ្នះលើនឹមអាណានិគមរបស់បរទេសលើកម្ពុជា។ បុណ្យឯករាជ្យជាតិត្រូវប្រារព្ធធ្វើឡើងនៅទូទាំងប្រទេស ជាពិសេសគឺនៅវិមានឯករាជ្យក្នុងរាជធានីភ្នំពេញ។

នៅថ្ងៃប្រារព្ធនោះ ថ្នាក់ដឹកនាំនិងតំណាងអង្គការរដ្ឋនិងមន្ទីរសាធារណៈការទាំងអស់គឺតម្រូវឱ្យចូលរួមនិងប្រារព្ធពិធីផ្លូវការនៅអំឡុងពេលព្រឹក។ ជាធម្មតា ផ្លូវនៅជុំវិញនិងក្បែរវិមានឯករាជ្យត្រូវបានបិទដើម្បីផ្តល់កន្លែងទំនេរសម្រាប់ដំណើរការពិធី។ ពិធីទាំងមូលត្រូវបានចាក់ផ្សាយតាមទូរទស្សន៍ជាតិនិងវិទ្យុ។ ចំណែកឯបណ្តាញទូរទស្សន៍ផ្សេងៗក៏តម្រូវឱ្យចាក់ផ្សាយពិធីនេះដូចទូរទស្សន៍ជាតិផងដែរដើម្បីឱ្យប្រជាពលរដ្ឋខ្មែរមានភាពងាយស្រួលក្នុងការទស្សនា។

រាល់អគាររដ្ឋនិងរដ្ឋាភិបាលទាំងឡាយត្រូវបានតុបតែងជាមួយបាវចនាមួយចំនួនទាក់ទងនឹងឯករាជ្យភាពរបស់កម្ពុជាអមជាមួយនឹងភ្លើងពន្លឺដ៏ត្រចះត្រចង់។ នៅពេលយប់គឺមានពិធីបាញ់កាំជ្រួចនៅទន្លេចតុមុខដែលស្ថិតនៅទល់មុខព្រះបរមរាជវាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close