ធុងសំរាម រួមចំណែក​លើកកម្ពស់​សោ​ភណ្ឌ​ភាព និង​ចំណេះដឹង​អនាម័យ​បរិស្ថាន នៅតាម​សាលារៀន​ក្នុង​រាជធានី​ភ្នំពេញ

​ភ្នំពេញ​៖ ក្រសួងបរិស្ថាន បាន​គាំទ្រ​ដល់​គម្រោង​បំពាក់​ធុងសំរាម​ដល់​សាលារៀន ចំនួន ១៥​កន្លែង ស្ថិតក្នុង​រាជធានី​ភ្នំពេញ តាមរយៈ​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ ដើម្បី​លើកកម្ពស់​ការចូលរួម​ពង្រឹង​ចំណេះដឹង​អនាម័យ​បរិស្ថាន​តាម​សាលារៀន សោ​ភណ្ឌ​ភាព​ស្អា​យ និង​សុខភាព​សិក្សា​។

​កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២១ លោក ខ្វៃ អាទិ​ត្យា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង​និង​ព័ត៌មាន​បរិស្ថាន បាន​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី អប​ដោយ​លោក សន ប៊ុន​មាន តំណាង​ស​.​ស​.​យ​.​ក​. រាជធានី​ភ្នំពេញ តំណាង​គណៈ​អភិបាលខណ្ឌ​ចំការមន​-​ខណ្ឌ​បឹង​កេងកង តំណាង​ការិយាល័យ​អប់រំ​ខណ្ឌ គណៈ​គ្រប់គ្រង​សាលា នាយក​សាលា និង​យុវជន​មួយចំនួន បានប្រគល់​ធុងសំរាម​ដល់​សាលារៀន​នៅក្នុង​ខណ្ឌចំការមន ចំនួន ១០​ទីតាំង និង​ខណ្ឌ​បឹង​កេងកង ចំនួន ៥​ទីតាំង​។​

​លោក ខ្វៃ អាទិ​ត្យា បាន​លើកឡើងថា ការគ្រប់គ្រង​សំរាម​ឱ្យបាន​ត្រឹមត្រូវ គឺ​ផ្តើមចេញពី​ភាពម្ចាស់ការ​របស់​យើង​ម្នាក់ៗ ហេ​ី​យ​ប្អូនៗ​សិស្សានុសិស្ស គឺជា​ទំពាំង​ស្នង​ឬ​ស្សី ដែល​ចាំបាច់​ត្រូវ​ការបណ្តុះ​ផ្នត់គំនិត​ក្នុងការ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ ការយល់ដឹង​ពី​អនាម័យ​បរិស្ថាន និង​ការចូលរួម​លើកកម្ពស់​សោ​ភណ្ឌ​ភាព​ស្អាត​តាម​សាលារៀន​ផងដែរ​។

​លោក ខ្វៃ អាទិ​ត្យា បញ្ជាក់​ផងដែរ​ថា ការច្នៃប្រឌិត​ធុងសំរាម​ជា​ក្អម ជា​អង្រុត​នេះ គឺ​ចង់បង្ហាញ​អំពី​អត្តសញ្ញាណ​របស់​ខ្មែរ និង​ចូលរួម​ថែរក្សា​នូវ​កេរ្តិ៍​ទុកឱ្យ​ក្មេងជំនាន់ក្រោយ​បាន​ស្គាល់ ជាពិសេស​ដាស់​ស្មារតី​ប្អូនៗ​សិស្សានុសិស្ស​ឱ្យចូល​រួម​ថែរក្សា​ភាព​ស្អាត អនាម័យ​បរិស្ថាន​ស្អាត សោ​ភណ្ឌ​ភាពល្អ គឺ​ចាប់ផ្តើម​ពី​យើងទាំងអស់គ្នា​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close