រដ្ឋបាលស្រុកបន្ទាយស្រី រៀបចំពិធីដាល់អំបុករយៈពេល៣ថ្ងៃ ក្នុងបរិវេណបរិមណ្ឌល(រង្វង់មូល)បន្ទាយស្រី
ខេត្តសៀមរាប៖ រដ្ឋបាលស្រុកបន្ទាយស្រី បានប្រកាសរៀបចំពិធីដាល់អំបុក រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ក្នុងបរិវេណបរិមណ្ឌល(រង្វង់មូល)បន្ទាយស្រី។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីដាល់អំបុកនេះ ក្រោមកិច្ចសហការរវាងប្រជាពលរដ្ឋមកពីភូមិព្រះដាក់ ក្នុងឃុំព្រះដាក់ រួមជាមួយសហគមន៍ទេសចរណ៍នានា នៃស្រុកបន្ទាយស្រី ក្នុងគោលបំណងបង្ហាញពីទំនៀមទម្លាប់ប្រពៃណីចាស់បុរាណក្នុងស្រុកភូមិនៅពេលចាប់ផ្តើមប្រមូលផលស្រូវថ្មី និងជាការបង្ហាញឱ្យភ្ញៀវទេសចរ ដែលបានធ្វើដំណើរឆ្លងកាត់រង្វង់មូលនេះ បានឃើញផងដែរ ។
លោក ឃឹម ហ្វីណង់ មានប្រសាសន៍ថា ស្រូវដែលត្រូវយកមកដាល់អំបុកនាពេលនេះ គឺជាស្រូវច្រូតកាត់ពីរង្វង់មូលបន្ទាយស្រី ដោយច្រូតភ្លាមយកមកដាក់អំបុកភ្លាម ហើយសម្រាប់ភ្ញៀវទេសចរ ដែលមានចាប់ណាប់អារម្មណ៍ជាមួយនឹងអំបុកស្រូវថ្មីនេះ អាចចូលមកទិញបាន ឬអាចច្រូតស្រូវដោយខ្លួនឯង ហើយយកមកដាល់អំបុកដោយខ្លួនឯងក៏បាន ដើម្បីបង្ហាញនូវការសប្បាយផង និងឈ្វេងយល់ពីរបៀបនៃការផលិតអំបុករបស់ប្រជាជននៅតាមភូមិនៃតំបន់ជនបទផង ជាពិសេសសម្រាប់ភ្ញៀវទេសចរដែលចូលមកកម្សាន្តនៅទីនេះ ត្រូវតែពាក់ម៉ាស់ រក្សាគម្លាត ធ្វើយ៉ាងណាធានាឱ្យបាននូវសុវត្ថិភាពសុខាភិបាល ដោយមិនឱ្យមានការប្រមូលផ្តុំកកកុញនោះទេ បើទោះជាយើងចង់ជំរុញឱ្យមានចរន្តទេសចរឡើងវិញក្នុងកម្រិតណាក៏ដោយ ក៏យើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការទប់ស្កាត់ការឆ្លងរាលដានមេរោគកូវីដ-១៩ ។
លោកអភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់បន្ថែមថា រង្វង់មូលបន្ទាយស្រី ត្រូវបានធ្វើការកែប្រែ និងអភិវឌ្ឍន៍ទៅតាមរដូវកាល ក្នុងន័យជាគោលដៅទេសចរណ៍ ដូចជា ពេលរដូវវស្សាយើងដាំស្រូវ និងរដូវរំហើយ យើងដាំផ្កា ដែលអាចឱ្យភ្ញៀវទេសចរមកលំហែកាយ និងថតរូបលេងកម្សាន្តសប្បាយផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។