ឯកឧត្តម វេង សាខុន៖ បច្ចេកវិទ្យាថាមពល កកើតឡើងវិញសម្រាប់ប្រើប្រាស់ ក្នុងវិស័យកសិកម្ម
ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ថាមពល កកើតឡើងវិញ គឺជាថាមពលទាំងឡាយណា ដែលទាញយកបានពីធម្មជាតិអាចកកើតឡើងវិញ ជាប្រចាំដូចជា៖ ថាមពលបានពីពន្លឺព្រះអាទិត្យ កម្លាំងខ្យល់ កម្លាំងទឹកហូរ កម្លាំងរលកសមុទ្រ ជីវឥន្ធនៈ ជីវម៉ាស ជីវឧស្ម័ន និងកម្តៅផែនដី។ល។ នៅកម្ពុជាយើង ថាមពលពន្លឺព្រះ អាទិត្យមានសក្កានុពល និងសមស្របបំផុតដែលអាចប្រើប្រាស់បានដោយចីរភាព និងប្រកប ដោយសុវត្ថិភាពតាមរយៈការអភិវឌ្ឍបច្ចេកវិទ្យាសមស្របក្នុងការស្រូបយកថាមពលពីពន្លឺព្រះ អាទិត្យដើម្បីផលិតអគ្គិសនីបម្រើក្នុងផលិតកម្មកសិកម្មតាមរយៈឧបករណ៍មួយចំនួនដូចជាផ្ទាំងសូឡា ឧបករណ៍គ្រប់គ្រង និងត្រួតពិនិត្យអគ្គិសនី និងអាគុយសម្រាប់ផ្ទុកអគ្គិសនីជាដើម។
ក្រោមក្របខ័ណ្ឌថវិកាហិរញ្ញប្បទានឥតសំណងពីមូលនិធិបរិស្ថានសកល (GEF) និងដោយ មានកិច្ចសហការល្អជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា បច្ចុប្បន្ននេះការផ្សព្វផ្សាយបច្ចេកវិទ្យាស្តីពីការប្រើថាមពលព្រះអាទិត្យ (Solar Technologies) ក្នុងវិស័យកសិកម្ម និងវិស័យផ្សេងៗទៀត មានលក្ខណទូលាយនៅទូទាំងប្រទេស ហើយបាននិងកំពុងចាប់អារម្មណ៍យកទៅប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
ដោយយល់ច្បាស់ពីតម្រូវការនេះ នាយកដ្ឋានវិស្វកម្មកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម សូមលើកមកបង្ហាញជូននូវឧបករណ៍កសិកម្មប្រើថាមពលព្រះអាទិត្យមួយចំនួនដែលមានសក្ដានុពលធន់ទៅនឹងការប្រែប្រួលអាកាស ធាតុ មានប្រសិទ្ធភាព រួមចំណែកកាត់បន្ថយថ្លៃដើមក្នុងការផលិត និងកាត់បន្ថយការសាយភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស និងជាពិសេសចូលរួមកាត់បន្ថយការចំណាយលើការប្រើប្រាស់ថាមពលប្រេងឥន្ធនៈ និងធ្យូងថ្ម ដែលគ្មាននិរន្តរភាព និងសុវត្ថិភាព។
ឧបករណ៍ទាំងនោះ រួមមាន៖
១. ម៉ូទ័របូមទឹកប្រើថាមពលព្រះអាទិត្យ (Solar Water Pump) សម្រាប់ស្រោចស្រពដំណាំជាលក្ខណៈគ្រួសារ។
២. ទូភ្ញាស់ស៊ុតមាន់ប្រើថាមពលព្រះអាទិត្យ (Solar Egg Incubator)
៣. ទូហាលសម្ងួតប្រើថាមពលព្រះអាទិត្យ (Solar Dryer) សម្រាប់ហាលសម្ងួតត្រី សាច់ បន្លែ និងផ្លែឈើ ដែលអាចរក្សាគុណភាព និងអនាម័យ។
ដើម្បីរួមចំណែកកាត់បន្ថយចំណាយក្នុងផលិតកម្ម ការប្រែប្រួលអាកាសធាតុ និងការបំពុល បរិស្ថានដោយការបំភាយឧស្ម័នផ្ទះកញ្ចក់ ការបញ្ជ្រាបការប្រើប្រាស់បច្ចេកវិទ្យាថាមពលកកើតឡើងវិញទៅក្នុងផលិតកម្មកសិកម្ម ក៏ដូចជាការកែច្នៃកសិផល គឺជាជម្រើសដ៏ប្រសើរបំផុត។ ប្រទេសទាំងអស់លើពិភពលោកបានចាត់ទុកបច្ចេកវិទ្យាថាមពលកកើតឡើងវិញ គឺជាថាមពល បៃតង ឬថាមពលស្អាតដែលត្រូវលើកកម្ពស់ទាំងអស់គ្នា។
ជាទិសដៅបន្ត នាយកដ្ឋានវិស្វកម្មកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម នឹងសហការជាមួយវិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល និងភាគីពាក់ព័ន្ធដទៃទៀតដើម្បីផ្សព្វផ្សាយអំពីបច្ចេកវិទ្យាថាមពលកកើតឡើងវិញឱ្យមានភាពទូលំ ទូលាយដើម្បីផ្តល់អត្ថប្រយោជន៍សម្រាប់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។