ចាប់បាន​អ្នកទោស​ម្នាក់ ក្នុងចំណោម​៧​នាក់ ដែល​ហែក​គុក​រត់​ខ្លួន​!

ខេត្តស្ទឹងត្រែង​៖ អ្នកទោស​ម្នាក់ ក្នុងចំណោម ៧​នាក់ ដែល​ហែក​គុក​រត់គេចខ្លួន នៅ​ខេត្តស្ទឹងត្រែង កាលពីពេល​ថ្មីៗ​នេះ ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​មកវិញ នៅវេលា​ម៉ោង​៨:៣០​នាទី​យប់ ថ្ងៃទី​៩ ខែវិច្ឆិកា នៅ​ចំណុច​ភូមិ​ថា​ឡា​បរិ​វ៉ា​ត់ ឃុំ​ថា​ឡា​បរិ​វ៉ា​ត់ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។ ​សមត្ថកិច្ច​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា អ្នកទោស​រូបនេះ​ឈ្មោះ ទូច វ៉ា​ត់ ជាប់ទោស​ចំនួន ៣០​ឆ្នាំ ពីបទ​ជួញដូរ​គ្រឿងញៀន​។

​សូមបញ្ជាក់ថា អ្នកទោស​ចំនួន ៧​នាក់ បាន​ទម្លាយ​របង​ថ្ម​ពន្ធនាគារ​ខេត្តស្ទឹងត្រែង ស្ថិតនៅ​ភូមិ​បា​ចុង សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង កាលពី​វេលា​ម៉ោង​៣:២០​នាទី​ទៀបភ្លឺ​រំលង​អា​ធ្រា​ត្រ ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២១ រួច​រត់​គេចខ្លួនបាត់​។ អំឡុង​ពេលដែល​ក្រុម​អ្នកទោស​ធ្វើ​សកម្មភាព​រត់​គេ​ខ្លួន មន្ត្រី​អនុរក្ស​ពន្ធនាគារ​បាន បាញ់​ជាច្រើន​គ្រាប់ ដើម្បី​គម្រាម​បញ្ឈប់​សកម្មភាព​រត់គេច តែ​មិនអាច​រារាំង​បាន​។ នៅ​កន្លែងកើតហេតុ​គេ​ឃើញ​ឧបករណ៍​ធ្វើ​សិប្បកម្ម និង​វត្ថុ​រឹង​មួយចំនួន ដែលជា​ឧបករណ៍​សម្រាប់​ទម្លាយ​របង​ថ្ម ដូចជា ប្រដាប់​ខួង ដែក​ត្រសេះ កំណាត់ឈើ ខ្នើយ ភួយ ដើម្បី​ខ្ទប់​វាយ​មិន​ឱ្យឮ​សំឡេង​។​

​ក្នុងចំណោម​អ្នកទោស​ទាំង ៧​នាក់ ដែល​រត់គេចខ្លួន​នោះ មាន​ម្នាក់​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត ក្នុងករណី​ជួញដូរ​គ្រឿងញៀន និង​៦​នាក់​ទៀត ជាប់ទោស​ស្រាល ហើយក៏​ស្ថិត​ក្នុងករណី​ជួញដូរ​គ្រឿងញៀន និង​ម្នាក់ ជាប់ទោស​ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស ក្នុងចំណោម​នោះ​ក៏មាន​ទាំង​ជនជាតិខ្មែរ និង​ជនជាតិ​ឡាវ​។​

​ក្រោយពី​អ្នកទោស​ហែក​គុក​រត់​អស់​៧​នាក់​រួចមក ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង បានប្រកាស​តាម​ចាប់ខ្លួន​ពួកគេ​មកវិញ និង​បានប្រកាស​លេខ​ទូរស័ព្ទ​ដើម្បី​ទំនាក់ទំនង​ផងដែរ ប្រសិនបើ​សារ​ធា​រណៈ​ជន​បានឃើញ​ពួកគេ​ដូច​មាន​ក្នុង​រូ​បថ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close