ឃាត់ខ្លួនជនបរទេសម្នាក់ លួចឆ្លងដែនចូលមកកម្ពុជា ដោយខុសច្បាប់!
ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលវរសេនាតូចការពារព្រំដែន កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឃាត់ខ្លួនជនជាតិអ៊ុយកង់ដា (UGANDA)ម្នាក់ ករណីលួចឆ្លងដែនពីថៃចូលមកកម្ពុជា ដោយខុសច្បាប់ ត្រង់ចំណុចចន្លោះបង្គោលសីម៉ាលេខ៣៧-៣៨ ក្នុងភូមិសាស្ត្រ ភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក។
លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានឲ្យដឹងថា ខណៈដែលកម្លាំងរបស់លោក កំពុងដើរល្បាតតាមបន្ទាត់ព្រំដែន ប្រទះឃើញជនបរទេសម្នាក់ ឈ្មោះ SHARIF AHMED ភេទប្រុសអាយុ៣៦ឆ្នាំ ជាជនជាតិអ៊ុយកង់ដា បានលួចឆ្លងដែនពីប្រទេសថៃ ចូលមកកម្ពុជា និងបានធ្វើការឃាត់ខ្លួន ហើយបញ្ជូនទៅការិយាល័យនគរបាលអន្តោប្រវេសន៍ដើម្បីមានវិធានការបន្ត។
ជនជាតិអ៊ុយកង់ដា រូបនេះ ក្រោយពីនគរបាលការិយាល័យជំនាញ ធ្វើការសួរនាំរួច នឹងចាត់វិធានការតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។