ទីបំផុត​! អវកាសយានិក ៤​នាក់​របស់ NASA ត្រឡប់​មកដល់​ផែនដី​វិញ​ដោយ​សុវត្ថិភាព

បរទេស​៖ នៅ​ទីបំផុត​អវកាសយានិក ៤​នាក់​បាន​ត្រឡប់​មកដល់​ផែនដី​វិញ​ដោយ​សុវត្ថិភាព នៅក្នុង​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ ត្រូវ​នឹង​ថ្ងៃ​អង្គារ​នៅ​កម្ពុជា តាមរយៈ​យានអវកាស​របស់​ក្រុមហ៊ុន SpaceX បន្ទាប់ពី​ចំណាយពេល ២០០​ថ្ងៃ​ក្នុង​បេសកម្ម​នៅលើ​ស្ថានីយ​អវកាស​អន្តរជាតិ (ISS)​។​

​អវកាសយានិក ៤​នាក់​បាន​ចុះមក​ផែនដី​វិញ តាមរយៈ​ឆត្រយោង​ធំ​ចំនួន​បួន ដោយ​យានអវកាស Dragon បាន​ធ្លាក់​ក្នុង​ឈូង​សមុទ្រ​ម៉ិ​ក​ស៊ិ​កនៅ​ម៉ោង ១០៖៣៣​នាទី​យប់​ថ្ងៃ ចន្ទ ត្រូវ​នឹង​ព្រឹក​ថ្ងៃ​អង្គារ​នៅ​កម្ពុជា មុនពេល​វា​ត្រូវបាន​លើកដាក់​លើ​នាវា​។

​អវកាសយានិក NASA ឈ្មោះ មេ​ហ្គា​ន ម៉ា​អា​ធឺ និង​សេន គីម​ប្រូ លោក អាគី​ហ៊ី​កូ ហូ​ស៊ី​ហ៊ី​ដេ មកពី​ជប៉ុន និង​ជនជាតិ​បារាំង​ឈ្មោះ ថូ​ម៉ាស ប៉េ​ស្កេ មកពី​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​ត្រូវបាន​យកចេញ​ពី​យាន ហើយ​ដាក់​នៅលើ​រទេះរុញ​ជា​វិធានការ​ប្រុងប្រយ័ត្ន ព្រោះ​រាងកាយ​របស់​មនុស្ស​ត្រូវ​កែសម្រួល​ឡើងវិញ​ទៅនឹង​ទំនាញផែនដី បន្ទាប់ពី​នៅលើ​លំហ​រយៈពេល​វែង​។​

​គួរ​បញ្ជាក់ថា អវកាសយានិក​អន្តរជាតិ​បានធ្វើការ​ពិសោធន៍​រាប់ពាន់​នៅលើ​ដង​តារាវិថី និង​ជួយ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ​នៅលើ​ស្ថានីយ ISS ក្នុងអំឡុងពេល​បេសកកម្ម “Crew-2” របស់​ពួកគេ​៕

​ប្រភព​៖ CGTN​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close