ចៅក្រម​ស៊ើបសួរសម្រេចដោះ​លែង​​ឧកញ៉ា លី សាយ​ឃាង

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​វេលា​ម៉ោង​ប្រមាណ​ជិត​៨​យប់ ថ្ងៃ​ទី​១០ ខែ​វិ​ច្ឆិកា ឆ្នាំ​២០២១​ បាន​សម្រេច​ធ្វើការ​ដោះ​លែង​លោក​ឧកញ៉ា លី សាយ​ឃាង តែ​តម្រូវ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ។

លោក​ឧកញ៉ា លី សាយ​ឃាង ត្រូវ​បាន​សមត្ត​កិច្ច​នគរបាល​នាំ​ខ្លួន​ពី​ខេត្តសៀមរាប​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ ដើម្បី​សាកសួរ​លើ​សំណុំ រឿង​ពី​បទ រំលោភ​លើ​ទំនុកចិត្ត និង​បទ​បរិហារកេរ្ដិ៍​ជា​សាធារណៈ។

បើ​យោង​តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​លេខ ១០៩២«​ធ​»​ច​ដ​ន ចុះ​ថ្ងៃ​ទី ០៨​វិច្ឆិកា ឆ្នាំ​២០២១ ចេញ​ដោយ​លោក សេង លាង អនុប្រធាន នឹង​ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្គាប់​ឲ្យ​នាំ​ខ្លួន​លោក​ឧកញ៉ា លី សាយ​ឃាង អាយុ​៥៨ ឆ្នាំ មុខរបរ​ពាណិជ្ជករ មាន​ទីលំនៅ​ផ្ទះ​លេខ​៥៣ ផ្លូវ​លេខ​១៨៤ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌ ដូនពេញ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ករណី រំលោភ​លើ​ទំនុកចិត្ត និង​បរិហារកេរ្ដិ៍​ជា​សាធារណៈ ប្រព្រឹត្ត​នៅ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​សង្កាត់​និមិត្ត និង​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្ត​បន្ទា យ​មាន​ជ័យ កាលពី​អំឡុង​ឆ្នាំ ២០១៨ និង​អំឡុង​ឆ្នាំ ២០១៩ ដែល​បទល្មើស​នេះ មាន​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​មាត្រា ៣៩១ មាត្រា ៣៩២ និង​មាត្រា ៣០៥ នៃ​ក្រមព្រហ្មទណ្ឌ ។

ហេតុ​ដូច្នេះ ដើម្បី​ធានា​ដល់​ការ​ស៊ើបសួរ​ឱ្យ​បាន​ពេញលេញ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្គាប់​ឲ្យ​នាំ​ខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ លី សាយ​ឃាង មក​ចំពោះ​ចៅក្រម​ស៊ើបសួរ ដើម្បី​ធ្វើការ​សាកសួរ​បំភ្លឺ​ការ​ពិត និង បង្គាប់​មក​កងកម្លាំង​សាធារណៈ ឲ្យ​ចាប់ និង​នាំ​ខ្លួន​ឈ្មោះ​ខាងលើ​នេះ​មក​ប្រគល់​ជូន សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យ​បាន​មុន​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១ ដើម្បី​ចាត់ការ​តាម​នីតិវិធី។

សូម​ជម្រាប​ថា លោក​ឧកញ៉ា លី សាយ​ឃាង បាន​ចូលខ្លួន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ចូលខ្លួន​ហើយ សមត្ថកិច្ច​ខេត្តសៀមរាប បាន​បញ្ជូន​លោក​ឧក ញ៉ា មក​កាន់​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃ​ទី​១០ ខែវិច្ឆិកា​។

សំណុំរឿង​បាន​ដល់​ដៃ​ចៅក្រម​ស៊ើបសួរ ដោយ​បាន​សាកសួរ​អស់​រយៈពេល​ច្រើន​ម៉ោង ទើប​សម្រេច​ដោះ​លែង​លោក​ឧកញ៉ា លី សាយ​ឃាង តែ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ៕

12

12

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close