កម្ពុជាប្រកាសដាក់ឱ្យអនុវត្ត «កម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍»

ក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា និងមជ្ឈមណ្ឌលកម្ពុជា៤.០ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរៀបចំពិធីប្រកាសដាក់ឱ្យអនុវត្ត «កម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជា» ដើម្បីរួមគ្នាអភិវឌ្ឍសមត្ថភាពអ្នកបើកអាជីវកម្មទេសចរណ៍ និងអ្នកបម្រើការក្នុងវិស័យទេសចរណ៍ ឱ្យស្របនឹងបរិបទនៃការវិវត្តបច្ចេកវិទ្យាឌីជីថល ឬហៅថា «បដិវត្តឧស្សាហកម្ម ៤.០»។

ពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីនេះ ធ្វើឡើងដោយផ្ទាល់នៅទីស្ដីការក្រសួងទេសចរណ៍ផង និងតាមប្រព័ន្ធអនឡាញផង ក្រោមអធិបតីភាពរបស់ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ និងឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលនិងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ រួមនឹងវត្តមានអ្នកចូលរួមជាតិ-អន្តរជាតិប្រមាណ២៧២នាក់។

កម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជា ត្រូវបានរៀបចំឡើងក្នុងគោលបំណងឆ្លើយតបនឹងតម្រូវការនៃការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងបរិបទបច្ចុប្បន្ន ព្រមទាំងចូលរួមស្តារកំណើនទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។ វគ្គបណ្តុះបណ្តាលនេះនឹងចូលរួមអភិវឌ្ឍចំណេះ និងជំនាញឌីជីថលសម្រាប់បុគ្គលិកឯកជន ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ ក៏ដូចជាសម្រាប់មន្ត្រីទេសចរណ៍ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ឯកឧត្ដម អាំង សុវណ្ណរ័ត្ន អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ បានពន្យល់ថា «អក្ខរកម្មឌីជីថល» សំដៅដល់ការបណ្ដុះបណ្ដាលសមត្ថភាពប្រជាពលរដ្ឋឱ្យចេះ «ស្វែងរក» «ប្រើប្រាស់» «វាយតម្លៃ» នូវអ្វីមួយដែលគាត់ចង់បាន ចង់ដឹង ចង់ចេះ ហើយឈានទៅ «បង្កើត» ខ្លឹមសារដោយខ្លួនឯងទាក់ទងនឹងអ្វីមួយនោះប្រកបដោយសុវត្ថិភាព និងមានភាពត្រឹមត្រូវ ព្រមទាំងអាច «ចែករំលែក» ទៅកាន់អ្នកដទៃបាន ធ្វើយ៉ាងណាឱ្យបានជាប្រយោជន៍សម្រាប់ការងារ ការសិក្សា និងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាជួយសង្គមផងដែរ។ ដោយឡែកសម្រាប់ «អក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍» គឺមានការសម្រួចបន្ថែមទៀតដោយផ្ដោតលើអ្វីដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ដូចជាមុខជំនាញមួយចំនួនដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍។ ឧទាហរណ៍ដូចជាការកក់សណ្ឋាគារ កក់សំបុត្រយន្តហោះតាមប្រព័ន្ធឌីជីថល ឬការស្វែងរកទីតាំងសម្រាប់ដំណើរកម្សាន្តនៅលើអ៉ីនថឺរណេតជាដើម។

ថ្លែងក្នុងពិធីខាងលើនោះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានគូសបញ្ជាក់ពីសារៈសំខាន់នៃអក្ខរកម្មឌីជីថល ដែលដើរតួយ៉ាងសំខាន់ក្នុងការទ្រទ្រង់ដល់ការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាពីវិបត្តិជំងឺកូវីដ-១៩ ព្រមទាំងចូលរួមពង្រឹងនិរន្តរភាព និងឧត្តមភាព ប្រកួតប្រជែងនៃវិស័យទេសចរណ៍ជាតិ តាមរយៈការទាញយកសក្តានុពលពីការប្រើប្រាស់បច្ចេកវិទ្យាបម្រើដល់ការគ្រប់គ្រង និងការអភិវឌ្ឍនៅក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ស្របតាមបរិបទនៃបដិវត្តឧស្សាហកម្ម ៤.០។ ជាក់ស្តែង បច្ចេកវិទ្យាកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងបានជ្រៀតចូលយ៉ាងជ្រៅក្នុងសកម្មភាពសេដ្ឋកិច្ច សង្គម ក៏ដូចជាទំនាក់ទំនងរវាងកោសិកាគ្រប់ផ្នែក គ្រប់វិស័យនៃជីវភាពរស់នៅប្រចាំថ្ងៃ ដោយបានជះឥទ្ធិពលយ៉ាងខ្លាំងលើកត្តាផលិតកម្ម ឥរិយាបថនៃការប្រើប្រាស់ និងរចនាសម្ពន្ធសេដ្ឋកិច្ចជាតិ រួមទាំងវិស័យទេសចរណ៍ផងដែរ។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី បានចូលរួមមតិយោបល់ចំនួន៤ចំណុច ដើម្បីជំរុញអក្ខរកម្មឌីជីថលនៅកម្ពុជា រួមមាន៖ ទី១៖ បន្តពង្រឹងការបណ្តុះបណ្តាលផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ចាប់ពីការសិក្សានៅកម្រិតមូលដ្ឋាន មធ្យមសិក្សាទុតិយភូមិ, ទី២៖ បន្តជំរុញការស្រូបយក និងការសម្របខ្លួន ដោយបំផុសចលនាឱ្យប្រជាពលរដ្ឋគ្រប់រូបដែលជាកោសិកាសង្គម-សេដ្ឋកិច្ច និងជាតួអង្គដែលមិនអាចខ្វះបាន ត្រូវស្រូបយក និងសម្របខ្លួនទៅនឹងបច្ចេកវិទ្យាថ្មីៗ ដោយចូលរួមវគ្គបណ្តុះបណ្តាលអក្ខរកម្ម និងអាចស្វែងរកធនធានបន្ថែមដែលមាននៅលើអឺនធឺណិត, ទី៣៖ បន្តពង្រឹងកិច្ចសហការរវាងស្ថាប័នរដ្ឋជាមួយវិស័យឯកជន និងគ្រឹះស្ថានអប់រំ ទាំងសាលាចំណេះទូទៅ សាលាវិជ្ជាជីវៈ និងសាកលវិទ្យាល័យ ដើម្បីបញ្ចូលការអប់រំផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ នៅក្នុងការបណ្តុះបណ្តាល ការតម្រង់ទិស និងការពង្រឹងសមត្ថភាព ទី៤៖ បន្តអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធគាំទ្រពិសេសបណ្ដាញព័ត៌មានវិទ្យា និងទូរគមនាគមន៍ ដើម្បីគាំទ្រដល់នវានុវត្តន៍ និងការពង្រឹងចំណេះ និងជំនាញឌីជីថលនៅកម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close