ពលករខ្មែរជាង២០នាក់ យកអាកុលបាញ់ដៃ លាយតែអូអ៊ិជិ និងទឹកក្រូចផឹកពុលស្លាប់៦នាក់ និងកំពុងសង្គ្រោះជាង១០នាក់ នៅក្រុងប៉ោយប៉ែត
ពលករខែ្មរដែលត្រលប់មកពីប្រទេសថៃ ជាង20នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលកូបធំ ក្នុងសង្កាត់និមិត្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បែកគំនិតយកអាល់កុលបាញ់ដៃ សំរាប់ធ្វើអនាម័យ លាយជាមួយទឹកតែអូអ៊ិជិ និងទឹកក្រូច ផឹកត្រូវពុលស្លាប់និងកំពុងសង្គ្រោះជាច្រើននាក់ ។
លោកហឿន វីរៈអភិបាលរងក្រុងប៉ោយប៉ែត បានប្រាប់ថា ពិតជាមានករណីពលករខ្មែរ ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ពុល និងស្លាប់ពិតប្រាដកមែន។
លោកបញ្ជាក់ថា ករណីគឺបណ្តាលមកបងប្អូនពលករទាំងនោះ បានយកអាល់កុលដែលដាក់សំរាប់ឲ្យពួកគាត់បាញ់ធ្វើអនាម័យ យកទៅលាយជាមួយតែអូអ៊ិជិ និងទឹកក្រូច រួចនាំគ្នាទទួលទាន ត្រូវបានពុលស្លាប់នៅកន្លែង និងខ្លះទៀតពុលស្លាប់នៅមន្ទីរពេទ្យ ដែលតាមការសាកសួរពលករថា ពួកគាត់ធ្លាប់លាយបែបនេះផឹកជាប្រចាំ កាលនៅប្រទេសថៃ។
ជុំវិញបញ្ហានេះ លោក រឿន សុធី អនុប្រធានមន្ទីរសុខាភិបាល និងជាអ្នកនាំពាក្យ មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់នៅត្រឹមវេលាម៉ោង9ព្រឹកថ្ងៃទី12 ខែវិច្ឆិកានេះថា ជនរងគ្រោះ ដែលបានពុលមានចំនួន25នាក់មានរោគសញ្ញា ក្នុងនោះពុលស្លាប់ចំនួន៦នាក់។ ដែលហេតុការណ៍កាលពីថ្ងៃទី១១ ខែវិច្ឆិកា ប្រហែលជាម៉ោង២រសៀល មានរោគសញ្ញាពពុល(សង្ស័យ ពុកមេតាណុល)។
លោកបានបញ្ជាក់ទៀតថា ចំពោះអ្នកដែលមានរោគសញ្ញាធ្ងន់ធ្ងរ ត្រូវបានយកទៅសង្គ្រោះបន្ទាន់នៅខេត្តសៀមរាប។ ក្រោយពីមានករណីពុល ក្រុមការងារមន្ទីរសុខាភិបាលខេត្ត បានធ្វើការយកសំណាកដែលពុលយកទៅវិភាគនៅថ្នាក់ជាតិនៅព្រឹកនេះហើយ ចំពោះលទ្ធយ៉ាងណា នឹងជូនដំណឹងតាមក្រោយបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។