ក្រសួងធម្មការ អនុញ្ញាតឲ្យបើកដំណើរការឡើងវិញ នូវពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗ បែបសាសនា
ភ្នំពេញ៖ យោងតាមសេចក្តីណែនាំ របស់ក្រសួងធម្មការ និងសាសនា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា តាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងការបើកឲ្យដំណើរការប្រទេសឡើងវិញ លើគ្រប់វិស័យ និងការរស់នៅជាមួយកូរីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ក្រសួងធម្មការ និងសាសនា សូមធ្វើការណែនាំដល់ ថ្នាក់ដឹកនាំសាសនា និងបណ្តាអង្គភាពនានាចំណុះឱ្យក្រសួងទាំងអស់ ត្រូវអនុវត្តដូចខាងក្រោម៖
១- ត្រូវសហការជាមួយអាជ្ញាធរដែនដី ក្នុងការបើកដំណើរការឡើងវិញ នូវពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗ បែបសាសនា តាមវត្ត វិហារ(ម៉ាស្ទិទ) ស៊ូរ៉ាវ ស្នាក់ការថ្វាយបង្គំ និងកន្លែងប្រតិបត្តិសាសនា។
២- ត្រូវរៀបចំត្រួតពិនិត្យប័ណ្ណចាក់វ៉ាកសាំងរបស់ព្រះសង្ឃ និងសាសនិកគ្រប់និកាយសាសនាទាំងអស់ ព្រមទាំង អ្នកចេញ-ចូលក្នុងបរិវេណពិធី មិនឲ្យលើសពីចំនួនកំណត់ របស់រដ្ឋបាលរាជធានី-ខេត្ត ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរាលដាលកូវីដ-១៩។
៣-គ្រប់វត្ដ និងគ្រប់កន្លែងប្រតិបត្តិផ្នែកពាហិរសាសនា ត្រូវអនុវត្តនូវវិធានការការពារនានា របស់ក្រសួងសុខាភិបាល វិធានការរដ្ឋបាល និងជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ច នូវវិធានការ «៣ការពារ និង ៣កុំ» របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។