អ្នកនាំពាក្យ​ក្រសួង​ធម្មការ ៖ ព្រះសង្ឃ​ណា​និមន្ត​បិណ្ឌបាត​តាម​ផ្សារ​នឹង​ត្រូវ​ចាប់​ផ្សឹក

បន្ទាប់​ពី​ក្រសួង​ធម្មការ និង​សាសនា​បាន​ប្រកាស​ឱ្យ​បើក​ដំណើរការ​ឡើង​វិញ​នូវ​ពិធី​នានាតាមបែបសាសនា អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា បាន​អំពាវនាវ​ដល់​ព្រះសង្ឃ​មិន​ត្រូវ​និមន្ត​បិណ្ឌ​បាត​តាម​ទីផ្សារ​ឡើយ តែបើ​មាន​ព្រះសង្ឃ​អង្គ​ណា​ហ៊ាន​ល្មើស​បម្រាម​នឹង​ត្រូវ​ប្រឈម​ការ​ចាប់​ផ្សឹក​ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​តម្លៃ​ព្រះពុទ្ធ​សាសនា។

លោក សេង សុ​មុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ​និង​សាសនា​បាន​មាន​ប្រសាសន៍​ថា មាន​ជនខិលខូច​មួយ​ចំនួន ដែល​យក​សាសនា​ធ្វើ​ជា​ឈ្នាន់​សម្រាប់​ធ្វើ​អាជីវកម្ម​ដូច​ជា​ដើរ​រ៉ៃ​អង្គាសប្រាក់ ឬ​ក្លែង​ធ្វើ​ជា​សង្ឃ​ត្រូវ​បញ្ឈប់​ទ​ង្វើ​ទាំងនេះ​ជា​បន្ទាន់ ដើម្បី​ចៀសវាង​ប្រឈម​នឹង​ទោសទណ្ឌ​តាម​ផ្លូវច្បាប់ ហើយ​លោក​បាន​អំពាវនាវ​ដល់​ព្រះសង្ឃ​ដែល​និមន្ត​បិណ្ឌបាត​រាល់ថ្ងៃ​នៅ​តាម​ភូមិឋាន​នានា​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​កូ​វី​ដ​-១៩​ឱ្យ​បាន​ខ្ពស់​បន្ថែម​ទៀត ទោះបី​ស្ថានភាព​ជំងឺ​នេះ​មាន​ភាព​ធូរស្រាល​បន្តិច​ក៏​ដោយ តែ​អត្រា​នៃ​ការ​ស្លាប់​របស់​អ្នកជំងឺ​នៅ​តែ​ជា​អត្រា​ដែល​គួរ​ឱ្យ​បារម្ភ​ដដែល ។

អ្នកនាំពាក្យ​ក្រសួង​ធម្មការ​និង​សាសនា​បាន​ថ្លែង​បន្ត​ថា នៅ​ពេល​និមន្ត​បិណ្ឌបាត​តាម​ភូមិ​ព្រះសង្ឃ​ត្រូវ​ពាក់​ម៉ាស និង​ត្រូវ​យក​អាល់កុល​ដាក់​តាម​ជាប់​រហូត និង​ត្រូវ​រក្សា​គ​ន្លា​ត​ពី​ពុទ្ធបរិស័ទ​យ៉ាងតិច​២​ម៉ែត្រ ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ និង​ដើម្បី​កុំ​ឲ្យ​នាំ​ជំងឺ​នេះ​មក​ចម្លង​ដល់​ព្រះសង្ឃ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ទី​អារាម ។

លោក ​សេង សុ​មុនី បាន​បន្ថែម​ថា បច្ចុប្បន្ន​ព្រះសង្ឃ​នៅ​រាជធានី​ភ្នំពេញ​អាច​និមន្ត​បិណ្ឌបាត​បាន​ឡើង​វិញ​ហើយដោយ​សារ​ស្ថានភាព​ជំងឺ​កូ​វី​ដ​មាន​ភាព​ធូរស្រាល​បន្តិច ហើយ​រាជរដ្ឋាភិបាល​ក៏​បាន​ចាប់ផ្តើម​បើក​ដំណើរការ​សេដ្ឋកិច្ច​ប្រទេស​ឡើង​វិញ​ផង​ដែរ បន្ទាប់​ពី​បាន​ផ្អាក​មួយ​រយៈ​ដោយសារ​បញ្ហា​ជំងឺ​កូ​វី​ដ​ឆ្លង​រាលដាល​ខ្លាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close