ក្រសួងសុខាភិបាល៖ ជនគ្រប់រូបចូលមកកម្ពុជា ដែលបានចាក់វ៉ាក់សាំងគ្រប់ដូស មិនតម្រូវឲ្យធ្វើចត្តាឡីស័ក!
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ បញ្ជាក់អំពីការមិនតម្រូវឲ្យធ្វើចត្តាឡីស័កសម្រាប់ជនគ្រប់រូប (បូកទាំងជនបរទេស) ដែលចូលមកប្រទេសកម្ពុជា។ ការមិនធ្វើចត្តាឡីស័កនេះ សម្រាប់តែអ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនរួចរាល់ប៉ុណ្ណោះ។
ក្រសួងសុខាភិបាល បានបន្ថែមថា បើទោះបីមិនតម្រូវឲ្យធ្វើចត្តាឡីស័ក សម្រាប់អ្នកចាក់វ៉ាក់សាំងហើយក៏ពិតមែន ប៉ុន្ដែត្រូវបំពេញកាតព្វកិច្ចមួយទៀត គឺការយកសំណាកដោយប្រើប្រាស់ឧបករណ៍តេស្ដរហ័ស។
ដោយឡែក សម្រាប់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង គឺតម្រូវឲ្យធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ និងយកសំណាកដោយម៉ាស៉ីន PCR ដដែល មិនមានការផ្ដល់ជូននូវលក្ខខណ្ឌពិសេស សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់នោះទេ។
ការចេញសេចក្ដីប្រកាសព័ត៌មានខាងលើនេះ របស់ក្រសួងសុខាភិបាល ធ្វើឡើងបន្ទាប់ពីមានការសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈសារសំឡេង ដែលបានអនុញ្ញាតឲ្យផ្សព្វផ្សាយជាសាធារណៈ នៅល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
ក្រសួងសុខាភិបាល បានបន្ថែមទៀតថា អ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ហើយកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ក, សណ្ឋាគារ និងគេហដ្ឋាន នៅទូទាំងប្រទេស និងដែលមិនមានវិជ្ជមានកូវីដ-១៩ ត្រូវអនុញ្ញាតឲ្យចេញពីការធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃ១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។