ចុង​សប្ដាហ៍ ទី​២ នៃ​ខែ​នេះ​! ភ្ញៀវទេសចរ​ជាង ១៨​ម៉ឺន​នាក់ បានចេញ​ដើរ​កម្សាន្ត

ភ្នំពេញ​៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២១ ថា ក្នុងឱកាស​ចុង​សប្តាហ៍​នេះ (១៣-១៤) មាន​ភ្ញៀវទេសចរ បានចេញ​ដើរ​ទស្សនា​កម្សាន្ត សរុប​១៨០,២៩៦​នាក់​។​

​ឯកឧត្ដម ថោង ខុន បានបញ្ជាក់​ទៀតថា ភ្ញៀវ​សរុប​មាន​ចំនួន​១៨០,២៩៦​នាក់ ក្នុងនោះ មាន​ភ្ញៀវ​ជាតិ​១៧៥,៨០១​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ៤,៤៩៥​នាក់ ដែល​បាន​ដើរ​កម្សាន្ត​ក្នុងប្រទេស​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បានបង្ហាញ​អំពី​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖
* ខេត្ត​ព្រះសីហនុ ៣៤,៣០៦​នាក់​
* រាជធានី​ភ្នំពេញ ៣២,០៣៤​នាក់​
* ខេត្តកំពត ១៦,០០៧​នាក់​
* ខេត្តពោធិ៍សាត់ ១៥,៥០៨​នាក់​
* ខេត្តសៀមរាប​១៣,១០៤​នាក់​

​ឯកឧត្ដម ថោង ខុន បាន​គូសបញ្ជាក់ថា ជាការ​កត់សំគាល់​តួលេខ​ខាងលើ មានការ​កើនឡើង​ប្រមាណ ៣.២៩% ធៀប​នឹង​សប្តាហ៍​កន្លងមក​។​
* រមណីយដ្ឋាន​ទេសចរណ៍ និង​គោលដៅ​ទេសចរណ៍ រួមជាមួយ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​នានា​ទូទាំងប្រទេស បាន​បើក​ដំណើរ​ការទទួល​ភ្ញៀវទេសច​រ និង​បាន​កំពុង​ត្រៀមខ្លួន​ទទួលភ្ញៀវ​ទេសចរ​នាពេល​ថ្ងៃ​ឈប់សម្រាក​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នា​សប្តាហ៍​ក្រោយនេះ​។​
* ចំពោះ​សភាពការណ៍​ជារួម គឺ​ពុំមាន​បញ្ហា​ណាមួយ​គួរកត់សម្គាល់​ទេ​។​

​បន្ថែម​ពី​នោះ​ទៀត អនុវត្តតាម​សារ​សម្លេង​ពិសេស​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី កាលពី​រសៀល​ថ្ងៃទី​១៤​នេះ សម្រាប់​ទេសចរ​អន្តរ​ជាតិ និង​អ្នកដំណើរ ចាក់​វ៉ាក់សាំង ដែល​ចូលមកក្នុង​កម្ពុជា​ថ្ងៃស្អែក ក្រសួងទេសចរណ៍ នឹង​ប្រជុំ​ពិនិត្យមើល​ឡើងវិញ អំពី​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ប្រតិបត្តិ ស្តង់ដា​អប្បបរមា (SOP) លើ​គ្រប់​សេវា​ដែល ក្រសួងទេសចរណ៍ បានដាក់​ចេញ​នាពេល​កន្លងមក ដើម្បី កែសំរួល​ឲ្យ​បាន​សមស្រប ដើម្បី​ជំរុញ​ចលនា ទេសចរណ៍​ផ្ទៃក្នុង ឲ្យ​កាន់តែ​មានការ​អភិវឌ្ឍ​ន៍​ល្អ និង​ខ្លាំងខ្លា​ថែមទៀត​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close