វៀតណាម៖ ក្រុមហ៊ុនដឹកជញ្ជូនឡើងថ្លៃសេវា ដោយសារប្រេងឡើងថ្លៃ
វៀតណាម៖ ទីភ្នាក់ងារព័ត៌មានVNexpress បានចេញផ្សាយ កាលពីចុងសប្តាហ៍ថា បណ្តាក្រុមហ៊ុនដឹកជញ្ជូន នៅវៀតណាម បានបង្កើនថ្លៃសេវាកម្ម ពី៥ ទៅ១០ភាគរយ ក្រោយពេលតម្លៃប្រេងសាំងឡើងថ្លៃថ្មីៗនេះ។
ដោយមានរថយន្ត សម្រាប់ជួល ៣០គ្រឿង ក្រុមហ៊ុន Hoang បានអះអាងថា ខ្លួនបានបង្កើនថ្លៃដឹកជញ្ជូន ១០ភាគរយ ដោយបញ្ជាក់ថា ក្រៅពីប្រេងសាំងឡើងថ្លៃនោះ ទំនិញផ្សេងៗទៀត ក៏ឡើងថ្លៃដែរ ហើយតម្លៃជួសជុល ថែទាំរថយន្តក៏ឡើងថ្លៃ។
នៅវៀតណាម តម្លៃសាំងលក់រាយ គិតត្រឹមថ្ងៃទី១៣ ឬ ១៤ វិច្ឆិកា នៅក្នុង១លីត្រ គឺ ១.១០ដុល្លារអាមេរិក ឬ ២៥ ០០០ដុង ជាការឡើងថ្លៃខ្លាំងលើដំបូង តាំងពីឆ្នាំ២០១៣មក។ ក្រុមហ៊ុនផ្សេងៗទៀត ក៏បានអះអាងពីការឡើងថ្លៃ ដឹកជញ្ជូន ព្រោះបញ្ហាប្រេងសាំងនេះដែរ ដូចជា ក្រុមហ៊ុន Lam Vinh ជាដើម។
Bui Van Quan ប្រធានសមាគមដឹកជញ្ជូនទំនិញក្រុងហូជីមិញ បានលើកឡើងថា សមាជិករបស់ខ្លួន បានដំណើរការសេវាកម្ម ត្រឹម៥០ភាគរយប៉ុណ្ណោះ ដោយលោក សង្ឃឹមថា រដ្ឋាភិបាល គួរដក ឬកាត់បន្ថយការបង់ថ្លៃផ្សេងៗ ជូនរដ្ឋសម្រាប់ក្រុមហ៊ុនដឹកជញ្ជូននានា ជាពិសេសថ្លៃថែទាំផ្លូវ និងសេវាហើយ ថ្លៃការពារបរិស្ថាន ដែលបន្ថែម លើថ្លៃប្រេងសាំង គួរតែកាត់បន្ថយដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។