ក្រសួងបរិស្ថាន​៖ ប្រជាជន​ជាង ៣.៦​លាន​នាក់ បាននិងកំពុង​ពឹងផ្អែក​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​លើ​ធនធានធម្មជាតិ​បឹង​ទន្លេសាប​!

​ប្រជាជន​ជាង ៣.៦​លាន​នាក់ បាននិងកំពុង​ពឹងផ្អែក​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​លើ​ធនធានធម្មជាតិ នៃ​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប​។ តំបន់​នេះ​ជា​តំបន់​មួយ​ដែលមាន​ជីវៈចម្រុះ​យ៉ាង​សម្បូរបែប​នៅ ក្នុង​តំបន់ ក៏ដូចជា​នៅក្នុង​ពិភពលោក ដែល​បានផ្តល់​ជាទី​ជម្រក​ដល់​រុក្ខជាតិ និង​សត្វ​ជាង ៨០០​ប្រភេទ​។​

​បឹង​ទន្លេសាប គ្របដណ្តប់​លើ​ផ្ទៃដី​ទំហំ​ជាង ១.៤​លាន​ហិកតា ត្រូវបាន​ទទួលស្គាល់​ជា​ឋបនីយ​ជីវ​មណ្ឌល​របស់​អង្គការ​យូណេស្កូ​ក្នុង​ឆ្នាំ ១៩៩៧ ដែលជា​ផ្នែក​មួយ នៃ​កម្មវិធី​មនុស្ស និង​ជីវ​មណ្ឌល របស់​អង្គការ​យូណេស្កូ​។ ចាប់ផ្តើម​ក្នុង​ឆ្នាំ​១៩៧១ កម្មវិធី​មនុស្ស និង​ជីវ​មណ្ឌល គឺជា​កម្មវិធី​អន្តររដ្ឋាភិបាល​បែប​វិទ្យាសាស្ត្រ ដែល​ត្រូវបាន​ប្រារព្ធ​ខួប​លើក​ទី ៥០​ឆ្នាំ ក្នុង​ឆ្នាំ ២០២១ នេះ ។ កម្មវិធី​នេះ​មាន​គោលបំណង​បង្កើត​មូលដ្ឋាន​វិទ្យាសាស្ត្រ ដើម្បី​បង្កើន​ទំនាក់ទំនង​រវាង​មនុស្ស និង​បរិស្ថាន​។​

​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប គឺជា​កន្លែង​សិក្សា​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដោយ​រួមបញ្ចូល​នូវ​មុខងារ​សំខាន់ៗ​ចំនួន​បី​៖ (i) ការអភិរក្ស​ជីវៈចម្រុះ និង​ភាព​សម្បូរបែប​នៃ​វប្បធម៌ (ii) ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដោយ​ធានាបាន​នូវ​និរន្តរភាព​សង្គម វប្បធម៌ និង​បរិស្ថាន និង (iii) ផ្តល់​ចំណេះដឹង​ដល់​ការអភិវឌ្ឍ​តាមរយៈ​ការស្រាវជ្រាវ ការត្រួតពិនិត្យ ការអប់រំ និង​ការបណ្តុះបណ្តាល​។​

ឋបនីយ​ជីវ​មណ្ឌល ផ្តល់​ជា​យន្តការ​សម្រាប់​ការចូលរួម​របស់​សហ​គម​ន៍​មូលដ្ឋាន អ្នកបង្កើត​គោលនយោបាយ ស្ថាប័ន​អប់រំ ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​ចាប់អារម្មណ៍​ក្នុងការ​រៀបចំ​ផែនការ និង​ការគ្រប់គ្រង​។​

ដោយមាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​សហភាព​អឺរ៉ុប ក្រសួងបរិស្ថាន​បាន​សហការ​ជាមួយ​អង្គការ​យូណេស្កូ និង​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត បាន និង​កំពុង​រៀបចំ​ការគ្រប់គ្រង​បែប​សមាហរណកម្ម​នៅ​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប​។ យន្តការ​ពិសេស​មួយ​នេះ នឹង​ជួយ​សម្របសម្រួល​បង្កើន​ការអភិរក្ស​ជីវៈចម្រុះ និង​ធនធានធម្មជាតិ ការអភិវឌ្ឍ​ជីវភាព​រស់នៅ​ប្រកបដោយ​និរន្តរភាព និង​ការផ្លាស់ប្តូរ​ចំណេះដឹង ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close