ក្រសួងបរិស្ថាន​៖ រូបវន្តបុគ្គល និង​នីតិបុគ្គល​ឆ្នើម ទទួលបាន​បណ្ណ​សរសើ​រ​មេត្រីភាព​បរិស្ថាន

​ភ្នំពេញ​៖ ប្រតិបត្តិ​ករ ជា​នីតិបុគ្គល និង​រូបវន្តបុគ្គល​ឆ្នើម សរុប​ចំនួន​២៣០ ទទួលបាន​បណ្ណ​សរសើ​រ​មេត្រីភាព​បរិស្ថាន ពី​ក្រសួងបរិស្ថាន ក្រោម​អធិបតីភាព ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១​។​

​ឯកឧត្តម​រដ្ឋមន្ត្រី សាយ សំ​អាល់ បាន​មានប្រសាសន៍​លើកឡើង​នូវ​ចំណុច​គន្លឹះ​ថា ក្រសួងបរិស្ថាន​មាន​បេសកកម្ម​ជាច្រើន​ក្នុង​វិស័យ​បរិស្ថាន ក្នុងនោះ ការលើកកម្ពស់​ប្រតិបត្តិ​មេត្រីភាព​បរិស្ថាន គឺជា​កិច្ចការ​មួយ​ដ៏​សំខាន់ ធ្វើយ៉ាងណា​ឲ្យ​កម្ពុ​ជាមាន​បរិស្ថាន​ស្អាត មាន​ភាព​បៃតង និង​មាន​ភាព​ស៊ី​វិ​ល័យ​។
​
ការងារ​នេះ អាច​សម្រេចបាន ដ៏​រាប​ណា​មានការ​ចូលរួម​ពី​គ្រប់​តួរ​អង្គ​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​គ្រប់រូប​។ ជា​ប្រវត្តិសាស្ត្រ​ថ្មី​របស់​កម្ពុជា ប្រជាពលរដ្ឋ ចាប់ផ្តើម​ស្គាល់​អំពី​សក្ដានុពល និង​សម្រស់​ប្រទេស​កម្ពុជា ដែលមាន​តំបន់​ទេសចរណ៍​សម្បូរ​បែប ជាពិសេស​ទេសភាព​បែប​ធម្មជាតិ​។ ផ្តើមចេញពី​កត្តា​នេះ បង្កើត​នូវ​មនសិកា​ស្រឡាញ់​ទឹកដី និង​ធម្មជាតិ​ក្នុងប្រទេស ដែលជា​មូលដ្ឋានគ្រឹះ​ជំរុញ​ឲ្យ​កិច្ច​គាំពារ​បរិស្ថាន និង​ការអភិរក្ស​ធនធានធម្មជាតិ ទទួលបាន​ជោគជ័យ​។

​ឯកឧត្តម​រដ្ឋមន្ត្រី សូម​ថ្លែងអំណរគុណ​ចំពោះ​ការចូលរួម​ប្រតិបត្តិ​មេត្រីភាព​បរិស្ថាន​របស់​ប្រតិបត្តិ​ករ​ទាំ​អស់ ដែល​បាន​ចូលរួម​ជាមួយ​ក្រសួងបរិស្ថាន និង​សូម​បន្តសកម្មភាព​នេះ​ជាមួយ​ក្រសួងបរិស្ថាន​បន្តទៀត ដើម្បី​រួមគ្នា​លើ​កម្ពស់​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ ការប្រើប្រាស់​ធនធានធម្មជាតិ​ឲ្យ​មាន​និរន្តរភាព និង​ការរស់នៅ​ដោយ​ចីរភាព នៅ​កម្ពុជា​។​

​នាឱកាស​នោះដែរ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន ក្រសួងបរិស្ថាន បាន​ថ្លែងអំណរគុណ និង​សម្ដែង​នូវ​ការដឹងគុណ ដល់​អ្នកគាំទ្រ អ្នក​ឧបត្ថម និង​ប្រតិបត្តិ​ករ​មេត្រីភាព​បរិស្ថាន​ទាំងអស់ ក្នុង​បុព្វហេតុ​លើ​កម្ពស់​បរិស្ថាន និង​ធនធានធម្មជាតិ​។ កម្មវិធី​នេះ ជាការ​ផ្ដល់នូវ​ការអបអរសាទរ ផ្សព្វផ្សាយ និង​បំផុស​ឲ្យ​មានការ​ចូលរួម​កាន់តែ​ច្រើន ដើម្បី​ប្រែក្លាយ​កម្ពុជា​ពោរពេញ​ដោយ​ពលរដ្ឋ​ល្អ និង​បរិស្ថាន​ល្អ​។​

​គួរ​ឲ្យ​ដឹងថា ដើម្បី​ជំរុញ​ការចូលរួម​ពី​ប្រតិបត្តិ​ករ ជា​នីតិបុគ្គល និង​រូបវន្តបុគ្គល មកពី​គ្រប់​វិស័យ មិន​ថា​វិស័យ​សាធារណៈ វិស័យ​ឯកជន ឬ​គ្រឹះស្ថាន​នានា ក្នុង​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ ការប្រើប្រាស់​ធនធានធម្មជាតិ​ឲ្យ​មាន​និរន្តរភាព និង​ការរស់នៅ​ដោយ​ចីរភាព ក្រសួងបរិស្ថាន ដែលមាន​នាយកដ្ឋាន​រង្វាន់ និង​លើកទឹកចិត្ត នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន​ជា​សេនាធិការ បានរៀបចំ​កម្មវិធី​លើកទឹកចិត្ត​មេត្រីភាព​បរិស្ថាន​ប្រចាំឆ្នាំ ដើម្បី​ផ្តល់​បណ្ណ​សរសើរ​មេត្រីភាព​បរិស្ថាន​ជូន​ដល់​ប្រតិបត្តិ​ករ​ដែល​បាន​ចូលរួម​ប្រតិបត្តិ​មេត្រីភាព​បរិស្ថាន​បានល្អ​ប្រសើរ​។​

​នៅ​ឆ្នាំ​២០២១ នេះ ប្រតិបត្តិ​ករ​មេត្រីភាព​បរិស្ថាន​ឆ្នើម សរុប​ចំនួន​២៣០ ដែល​ទទួលបាន​ប​ណ្ណស​រ​សើរ​មេត្រីភាព​បរិស្ថាន មកពី​ចម្រុះ​វិស័យ រួមមាន​ជាអាទិ៍​៖ (​ទី​១)​និតិ​បុគ្គល ដូចជា ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ ក្រុមហ៊ុនទូរស័ព្ទ​ចល័ត ក្រុមហ៊ុន​អចលនទ្រព្យ ធនាគារ ផលិតកម្ម រ​ម្មណី​យ​ដ្ឋា​ន ភោ​ជនី​ដ្ឋា​ន ឬ​គ្រឹះស្ថានសាធារណៈ​ផ្សេងៗ​ជាដើម និង​(​ទី​២)​រូបវន្តបុគ្គល​៖ ដូចជា អ្នក​ថតរូប សិល្បៈករ តន្ត្រីករ ផលិតករ ឬ​បុគ្គល​សាធារណៈ​ផ្សេងៗ​ទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close