អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ត្រៀមលក្ខណៈ​រួចរាល់ សម្រាប់​ការស្វាគមន៍​ភ្ញៀវទេសចរ​វ៉ាក់សាំង​ពេញលេញ ចូលមក​ទស្សនា​ខេត្តសៀមរាប​

​ខេត្តសៀមរាប​៖ ឯកឧត្តម ប៊ុន រដ្ឋា នាយក​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា បានអនុញ្ញាត​ឱ្យ​ទេសចរ​អន្តរជាតិ និង​អ្នកដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ពេញលេញ ចូលក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មិន​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក្តិ ចាប់ពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ​តទៅ ដូច្នេះ ការបើក​ប្រទេស​ឡើងវិញ​នោះ គឺ​ក្រោម​មោទនភាព​នៃ​ការផ្តល់​វាក់​សាំង​ជូន​ប្រជាពលរដ្ឋ​ក្នុង​កម្រិត​ភាគរយ​ខ្ពស់​ដែល​ពិភពលោក​ទទួលស្គាល់ ការបើកទទួល​ភ្ញៀវទេសច​រ​វ៉ាក់សាំង​ពេញលេញ​របស់​កម្ពុជា អាច​ថា​ជាការ​រង់ចាំ​របស់​ភ្ញៀវទេសចរ​អន្តរជាតិ​។​

​ឯកឧត្តម ប៊ុន រដ្ឋា បានប្រកាស​បែបនេះ ក្នុង​កិច្ចសម្ភាសន៍​មួយ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ពិភាក្សា ស្តីអំពី​កិច្ច​ប្រតិបត្តិ​ស្តង់ដារ​វិធាន​សុ​វត្តិភាព SOP ដើម្បី​ទទួលភ្ញៀវ​ទេសចរ​វាក់​សាំង​ពេញលេញ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប កាលពី​រសៀល​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១​កន្លងទៅ​ថ្មី​នេះ​។​

​ឯកឧត្តម ប៊ុន រដ្ឋា មានប្រសាសន៍ថា ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្តសៀមរាប អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប បាន​ត្រៀមលក្ខណៈ​រួចរាល់​ហើយ សម្រាប់​ការស្វាគមន៍​ភ្ញៀវទេសចរ​វ៉ាក់សាំង​ពេញលេញ ដែល​ចូលមក​ទស្សនា​កម្សាន្ត​ក្នុង​ខេត្តសៀមរាប ខណៈ​កម្ពុជា​បានកំណត់​ក្នុង​បញ្ជី​សម្រាប់​បណ្តា​ប្រទេសមួយ​ចំនួន​នៅលើ​ពិភពលោក​មកកាន់​កម្ពុ​ជា ដោយ​មិនចាំបាច់​តម្រូវ​ឲ្យ​មានវី​ហ្សា​នោះឡើយ ជាពិសេស​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ី ដែល​នេះ​គឺជា​គោលនយោបាយ​បើកចំហរ​ជើងមេឃ​របស់​កម្ពុជា​។​

​ឯកឧត្តម​នាយក​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប មានប្រសាសន៍​បន្ថែមទៀត​ថា ការពិភាក្សា​នៅ​កិច្ចប្រជុំ​នេះ គឺ​បាន​ផ្តោត​សំខាន់​ទៅលើ​នីតិវិធី​ប្រតិបត្តិ ធានា​ការពារ​ប្រកបដោយ​ប្រសិទ្ធភាព ការឆ្លង​-​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ដោយ​ឈរលើ​គោលការណ៍​សម្រេច​ឯកភាពគ្នា​កន្លងមក រវាង​រដ្ឋមន្ត្រី​ទាំង​២ ក្រសួងសុខាភិបាល និង​ក្រសួងទេសចរណ៍ ក្នុងនោះ គឺ​ការត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់ ប័ណ្ណ​បញ្ជាក់​ការចាក់​វ៉ាក់សាំង​ពេញលេញ លិខិតបញ្ជាក់​ការធ្វើ​តេស្ត PCR ៧២​ម៉ោង​មុន​មកដល់​គោលដៅ និង​ការធ្វើ​តេស្ត​រហ័ស​នៅពេល​ឆ្លងកាត់​ព្រលានយន្តហោះ ស្រប​ពេលដែល​ស្ថានភាព​នៅ​កម្ពុជា អត្រា​ភាគរយ​ខ្ពស់​នៃ​ការផ្តល់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ និង ការបើក​ប្រទេស​ឡើងវិញ អាច​និយាយបានថា កម្ពុជា គឺជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព ហើយ​ការដែល​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​បើកទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​វ៉ាក់សាំង​ពេញលេញ​ពី​ក្រៅប្រទេស អាច​និយាយបានថា នេះ​គឺជា​ការរង់ចាំ​របស់​ភ្ញៀវទេសចរ​អន្តរជាតិ ។​

​គួររំលឹកថា កាល​រសៀល​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២១​កន្លងទៅនេះ ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ រួមជាមួយ​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេសរ​វាង​ក្រសួងសុខាភិបាល និង​ក្រសួងទេសចរណ៍ ដោយមាន​ការចូលរួម​ពី​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្តសៀមរាប អញ្ជើញ​ចុះ​ពិនិត្យ​ការរៀបចំ​ទីតាំង​ដែល​ត្រូវអនុវត្ត​វិធាន​សុខាភិបាល ចំពោះ​អ្នកដំណើរ​ដែល​ចូល​ប្រទេស​កម្ពុជា តាម​ច្រក​អាកាស​យន្ត​ដ្ឋា​ន​អន្តរជាតិ​ខេត្តសៀមរាប ក្នុងការ​ត្រៀមលក្ខណៈ​ទ​ទួល​ភ្ញៀវទេសចរ​អន្ត​រ​ជាតិ​ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ពេញលេញ​ចូលមក​ទស្សនា​ខេត្តសៀមរាប​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close