សឹង្ហ​បុរី ស្នើសុំ​ការពិភាក្សា​ជាមួយ​​កម្ពុជា ក្នុងការ​ពង្រីក​នូវ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ

ភ្នំពេញ​៖ កាលពី​រសៀល​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានអនុញ្ញាត​ជូន​លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សឹង្ហ​បុរី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​សម្ដេច​ក្រឡាហោម ក៏បាន​យក​ឱកាស​នេះ​ថ្លែង​ចូលរួម​រំលែក​ការលំបាក​របស់​រដ្ឋាភិបាល​សឹង្ហ​បុរី ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ រហូតមកដល់​ពេលនេះ ដោយ​សម្ដេច​បាន​បន្តថា​រដ្ឋាភិបាល​សឹង្ហ​បុរី និង​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​កំពុង​អនុវត្ត​សកម្មភាព​ដូចគ្នា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​នេះ​ដើម្បី​ការពារ​សុខមាលភាព​ប្រជាពលរដ្ឋ ជាពិសេស​ការជំរុញ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ និង​ការអនុវត្ត​វិធានការ​សុខាភិបាល​ចាំបាច់​ផ្សេងៗ​។

​លោកជំទាវ Teo Lay Cheng ឯក​គ្គ​រដ្ឋទូត​សឹង្ហ​បុរី បាន​ថ្លែងថា ជំនួប​នាឱកាស​នេះ លោកជំទាវ​មាន​គោលបំណង​ណែនាំ​ខ្លួន​ក្នុងនាម​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​សឹង្ហ​បុរី​ប្រចាំ​នៅ​ព្រះរាជា​ណា​ច​កម្ពុជា និង​ស្នើសុំ​ការជជែក​ពិភាក្សា​ជាមួយ​សម្ដេច​ពាក់ព័ន្ធ​នឹង​កិច្ចការ​ផ្សេងៗ​ដែល​លោកជំទាវ​អាច​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ពង្រឹង​និង​ពង្រីក​នូវ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ និង​រវាង​ក្រសួងមហាផ្ទៃ​ជាមួយ​ផ្នែក​ពាក់ព័ន្ធ​រប​ស់​សឹង្ហ​បុរី​។​

​លោកជំទាវ​ក៏បាន​ជម្រាបជូន​សម្ដេច​ដែរ​ថា​កន្លងមក​ប្រទេស​ទាំងពីរ​មាន​កិច្ចសហប្រតិបត្តិការ​យ៉ា​ជិតស្និត​លើ​កិច្ចការ​មួយចំនួន​ក្នុង​វិស័យ​អនុវត្ត​ច្បាប់ ដូចជា​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ការរត់ពន្ធ​អាវុធ ដែល​ការងារ​នេះ​កម្ពុជា​ផ្ទាល់​ក៏​ជា​ប្រទេស​ទទួល​ដឹកនាំ​លើ​វិស័យនេះ​ក្នុង​ក្របខណ្ឌ​អាស៊ាន​។ លោកជំទាវ​ក៏បាន​ជម្រាបជូន​សម្ដេច​អំពី​ការ​កាន់​តួនាទី​ជា​ប្រធាន​អាស៊ាន និង​ការងារ​ទីក្រុង​ឆ្លាត (Smart City) ដែល​ក្រសួងមហាផ្ទៃ​ក៏​ជា​ស្ថាប័ន​ដឹកនាំ​ការងារ​នេះ​ក្នុង​កិច្ចប្រជុំ​អាស៊ាន​ផងដែរ​។

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​ជាការ​ពិត នៅ​ឆ្នាំ​២០២២​ខាងមុខនេះ សម្ដេច​ក្នុងនាម​ជា​ប្រធាន​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទទួលបន្ទុក​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ក៏​នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​នេះ និង​ក៏ត្រូវ​ធ្វើជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​ពាក់ព័ន្ធ​នឹង​ទីក្រុង​ឆ្លាត (Smart City) នេះដែរ​។ សម្ដេច​បន្តថា​សម្ដេច​នឹង​បន្ត​ខិតខំ​ចូលរួមចំណែក​គ្រប់​លទ្ធភាព​ធ្វើយ៉ាងណា​សម្របសម្រួល​ឱ្យ​កិច្ចការ​សំខាន់ៗ​ទាំងពីរ​នេះ​ទទួលបាន​ជោគជ័យ បំរើ​ផលប្រយោជន៍​ផលប្រយោជន៍​ប្រជាជន​កម្ពុជា និង​សហគមន៍​អាស៊ាន​។

​សម្ដេច​ក្រឡាហោម បាន​មានប្រសាសន៍ថា កន្លងមក​ក្រសួងមហាផ្ទៃ​កម្ពុជា និង​ក្រសួងមហាផ្ទៃ​សឹង្ហ​បុរី ធ្លាប់មាន​ការចុះ​អនុស្សារណៈ​ជាមួយគ្នា និង​ទើបតែ​ផុត​សុពលភាព​មួយរយៈ​កន្លងមក ហើយ​សម្ដេច​តាមរយៈ​លោកជំទាវ​ឯកអគ្គរដ្ឋទូត​នាឱកាស​នេះ សូម​ស្នើ​បន្ត​ពង្រីក​កិច្ចសហប្រតិបត្តិការ​តាមរយៈ​ការចុះ​អនុស្សារណៈ​ឬ​កិច្ចព្រមព្រៀង​បន្តទៀត​ដើម្បី​បន្ត​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អនុវត្ត​ច្បាប់​រវាង​ប្រទេស​ទាំងពីរ ស្រប​ពេលដែល​មកដល់​ពេលនេះ​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន និង​ទំនាក់ទំនង​វិស័យ​ពាណិជ្ជកម្ម​កាន់តែ​មានកា​រ​រីកចំរើន​ជា​លំដាប់​។ សម្ដេច​ក៏បាន​បង្ហាញ​សេចក្ដីសង្ឃឹម​ជឿជាក់ថា​តាមរយៈ​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​អនុវត្ត​ច្បាប់​នេះ​នឹង​រួមចំណែក​ការពារ​នូវ​ផលប្រយោជន៍​ទៅវិញទៅមក​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ផងដែរ​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close