ឥណ្ឌូនេស៊ី នឹង​ផ្តល់​ការបណ្តុះបណ្តាល​សមត្ថភាព​គ្រប់គ្រង​ព្រៃឈើ និង​ភ្លើង​ឆេះ​ព្រៃ ដល់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​កម្ពុជា​

​ភ្នំពេញ​៖ នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន បានទទួល​ជួប​ឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥ​ណ្តូ​នេ​ស៊ី ដើម្បី​សម្តែង​ការគួរសម ពិភាក្សា​ការងារ និង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម​។​

​មានប្រសាសន៍​នាឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​កិច្ច​ស្វាគមន៍ និង​កោតសរសើរ​ក្នុងខណ​:​ដែល​ឯកឧត្តម​បាន​បំពេញការងារ​ទទួលបាន​ជោគជ័យ​ក្នង​រយៈពេល​ជាង ០៣​ឆ្នាំ​កន្លងទៅនេះ ជា​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥ​ណ្តូ​នេ​ស៊ី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។
​
ឆ្លៀត​យក​ឱកាស​នៃ​ជំ​នួន​ការទូត​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រាបជូន​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ដោយ​សង្ខេប​អំពី​ស្ថានភាព និង​ដំណើរ​ការវិវត្ត​រីកចម្រើន​ក្នុង​វិស័យ​កសិកម្ម​កម្ពុជា ជាពិសេស​ក្នុងដំណាក់កាល​នៃ​វិបត្តិ​ជំងឺឆ្លង​សកល​កូ​វីដ​-១៩​។

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​បន្ថែមថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដោយមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល វិស័យ​កសិកម្ម​កម្ពុជា​ជា​វិស័យ​អាទិភាព​មួយ ហើយ​បានប្រែក្លាយ​ទៅជា​ប្រទេសមួយ​ដែលមាន​លទ្ធភាព​ផ្គត់ផ្គង់​ខ្លួនឯង​ផង និង​ធ្វើការ​នាំចេញ​កសិផល​សំខាន់​ដែលមាន​សក្តានុពល​សំខាន់​ផង មាន​ជាអាទិ៍​៖ ស្រូវ អង្ករ ចេក ដំឡូង​មី​ស្រស់​-​ក្រៀម គ្រាប់ស្វាយចន្ទី​ស្រស់ និង​កែច្នៃ​រួច ស្វាយ​ស្រស់ ផលិតផល​មួយចំនួនទៀត​។

​ទន្ទឹមនឹងនេះ ឯកឧត្តម​បាន​គាំទ្រ​បក្ខ​ភាព​របស់​ឯកឧត្តម Yuri Octavian Thamrin ដែល​នឹងត្រូវ​ឈរឈ្មោះ​បោះឆ្នោត​នាពេលខាងមុខ ដើម្បី​ទទួលបាន​តួនាទី​ជានា​យក​អង្គការ​ព្រៃឈើ​អន្តរជាតិ​នៅ​តំបន់​ត្រូ​ពិ​ក (International Tropical Timber Organization) សម្រាប់​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៦​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​សង្ឃឹម និង​ជឿជាក់ថា ក្នុង​អាណត្តិ​ការទូត​របស់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ប្រទេស​ទាំងពីរ​នឹង​រឹតចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​ជារួម និង​ដោយឡែក​វិស័យ​កែច្នៃ​កសិផល និង​ខ្សែ​ច្រវាក់​តម្លៃបន្ថែម ជាពិសេស​ការចែករំលែក​បទពិសោធន៍​លើ​ការងារ​គ្រប់គ្រង និង​អភិរក្ស​ធនធាន​ព្រៃឈើ​ឲ្យ​កាន់តែ​ល្អប្រសើរ​ទ្វេ​ឡើង និង​រង់ចាំ​ស្វាគមន៍​ជានិច្ច​ចំពោះ​វិស័យ​ឯកជន​ឥ​ណ្តូ​នេ​ស៊ី​ដែលមាន​បំណង​ធ្វើការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​នាពេល​អនាគត ហើយ​បាន​ជូនពរ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត និង​ក្រុមគ្រួសារ​ឲ្យ​ទទួលបាន​ជោគជ័យ​ក្នុង​ការបន្ត​បេសកកម្ម​ការទូត​នៅ​កម្ពុជា​។

​ឯកឧត្តម Sudirman Haseng បាន​ថ្លែងអំណរគុណ​ចំពោះ​ពេលវេលា និង​កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​។ ចំពោះ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ថា​នឹង​ខិតខំ​ពង្រឹង និង​ពង្រីក​បន្ថែមទៀត ជាពិសេស​លើ​ចំណុច​សំខាន់ៗ​ដែល​បាន​រំលេច​ឡើង​ខាងលើ​ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី​។

​ទន្ទឹមនឹងនេះ ឯកឧត្តម​អគ្គរដ្ឋទូត ក៏បាន​ថ្លែងអំណរគុណ​ឯកឧត្តម​រដ្ឋមន្ត្រី​ចំពោះ​ការគាំទ្រ​បក្ខ​ភាព​របស់​ឯកឧត្តម Yuri Octavian Thamrin ដែល​ត្រូវ​ឈរឈ្មោះ​បោះឆ្នោត​នាពេលខាងមុខ ដើម្បី​ទទួលបាន​តួនាទី​ជានា​យក​អង្គការ​ព្រៃឈើ​អន្តរជាតិ​នៅ​តំបន់​ត្រូ​ពិ​ក (International Tropical Timber Organization) សម្រាប់​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៦​។

​ជាមួយគ្នានេះដែរ ឯកឧត្តម​អគ្គរដ្ឋទូត បាន​គូសបញ្ជាក់ថា ភាគី​ឥណ្ឌូនេស៊ី​នឹង​ផ្តល់​ការបណ្តុះបណ្តាល​សមត្ថភាព​គ្រប់គ្រង​ព្រៃឈើ និង​ភ្លើង​ឆេះ​ព្រៃ​ដល់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​កម្ពុជា ដែល​ស្ថិតនៅក្នុង​ក្របខ័ណ្ឌ​គម្រោង​កម្មវិធី​នៃ​ការគ្រប់គ្រង​ព្រៃឈើ​នៅក្នុង​មហា​អនុតំបន់​មេគង្គ​។

​ទន្ទឹមនឹងនេះ ឯកឧត្តម​អគ្គរដ្ឋទូត​ក៏បាន​បន្ថែមថា ភាគី​ឥណ្ឌូនេស៊ី​បានរៀបចំ​សេចក្តីព្រៀង​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​លើ​កិច្ច​សហប្រតិបត្តិ​លើ​វិស័យ​កសិកម្ម​រវាង​ប្រទេស​ទាំងពីរ ហើយ​សង្ឃឹមថានឹង​អាច​ចុះហត្ថលេខា​នាពេល​វេលា​សមស្រប​ណាមួយ​ខាងមុខ​។​

​សូម​ជម្រាបជូន​ថា ជំនួប​ការទូត​ត្រូវបាន​បញ្ចប់​ប្រកបដោយ​ផ្លែផ្កា ក្នុងន័យ​រឹតចំណង​សាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​ក្នុងនាម​ជា​ប្រទេស​សមាជិក​អាស៊ាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close