ការទូត​រុស្ស៊ី​២៧​នាក់ នឹងត្រូវ​បណ្តេញ​ចេញពី​សហរដ្ឋអាមេរិក​

​ម៉ូស្គូ​៖ អ្នកការទូត​រុស្ស៊ី​ចំនួន ២៧​នាក់ និង​គ្រួសារ​របស់​ពួកគេ នឹងត្រូវ​បណ្តេញ​ចេញពី​សហរដ្ឋអាមេរិក​នៅ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២២ ហើយ​បុគ្គលិក​ការទូត​រុស្ស៊ី​មួយចំនួនទៀត​នឹង​ចាកចេញ​នៅ​ថ្ងៃទី​៣០ ខែមិថុនា​ខាងមុខ​។ នេះ​បើតាម​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​សហរដ្ឋអាមេរិក លោក Anatoly Antonov ប្រាប់​សារព័ត៌មាន​រុស្ស៊ី​។​

​លោក Anatoly Antonov បាន​និយាយ​ក្នុងអំឡុងពេល​ផ្តល់​បទសម្ភាសន៍​សម្រាប់​ប៉ុស្តិ៍ Soloviev Live Youtube ថា អ្នកការទូត​របស់​យើង​កំពុង​ត្រូវបាន​បណ្តេញចេញ ហើយ​ថា សម​មិត្ត​របស់ខ្ញុំ​មួយក្រុម​ធំ ២៧​នាក់​ដែលមាន​គ្រួសារ នឹង​ចាក​ចេញពី​ពួកយើង​នៅ​ថ្ងៃទី​៣០ ខែមករា ដោយ​លោក​បាន​បន្ថែមថា មន្ត្រី​រុស្ស៊ី​កំពុង​ប្រឈមមុខ​នឹង​ការខ្វះខាត​បុគ្គលិក​យ៉ាងធ្ងន់ធ្ងរ​។ កាលពី​ខែសីហា លោក Antonov បាន​និយាយថា អ្នកការទូត​រុស្ស៊ី​ចំនួន ២៤​នាក់​ត្រូវបាន​ស្នើសុំ​ដោយ​សហរដ្ឋអាមេរិក​ឱ្យ​ចាក​ចេញពី​ប្រទេស​នៅ​ដើមខែ​កញ្ញា ខណៈដែល​ទិដ្ឋាការ​របស់​ពួកគេ​ផុតកំណត់​។

​លោក Antonov បាន​ប្រាប់​កាសែត The Antonov ថា វា​បាន​ឈានដល់​ចំណុច​ដែល​អាជ្ញាធរ​អាមេរិក​លុបចោល​ទិដ្ឋាការ​ត្រឹមត្រូវ​របស់​ប្តី​ប្រពន្ធ និង​កូន​របស់​បុគ្គលិក​រប​ស់​យើង​ដោយ​គ្មាន​ហេតុផល​។ យ៉ាងណាមិញ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​លោក ណេ​ត ប្រាយ​ដ៍ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ទៅកាន់​កាសែត​រ៉​យ​ទ័​រថា វា​មិនមែនជា “​អ្វី​ថ្មី​” ក្នុងការ​តម្រូវឱ្យ​ជនជាតិ​រុស្ស៊ី​បន្ត​ទិដ្ឋាការ​របស់​ពួកគេ បន្ទាប់ពី​រយៈពេល ៣​ឆ្នាំ ហើយ​បាន​អះអាងថា ការផ្លាស់ប្តូរ​នេះ​មិនមែន​ជាការ​សងសឹក​នោះទេ​។
​ដោយឡែក​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី​បាន​និយាយថា អ្នកការទូត​រុស្ស៊ី​ជិត ២០០​នាក់ នៅតែ​ធ្វើការ​នៅ​សហរដ្ឋអាមេរិក គិត​ត្រឹម​ថ្ងៃទី​២៩ ខែតុលា នេះ​បើ​យោងតាម​ការ​សែត​រ៉​យ​ទ័​រ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close