ខេត្តសៀមរាប ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ចំនួន​៣ នៅ​ចុងឆ្នាំ​២០២១​នេះ​

លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​មានប្រសាសន៍​កាលពី​ថ្មីៗ​នេះ ថា ក្រោយ​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​បើក​ប្រទេស​ឡើងវិញ និង​ទទួលយក​ភ្ញៀវទេសចរ​បរទេស ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង​ពេញលេញ​កាលពីពេល​ថ្មីៗ​នេះ រដ្ឋបាល​ខេត្តសៀមរាប បាន​នឹង​កំពុង​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ចំនួន​៣ នៅក្នុង​ខែធ្នូ នា​ឆ្នាំ​២០២១​នេះ ដើម្បី​ជំរុញ​ទេសចរ​ផ្ទៃក្នុង ហើយក៏​ជា​សញ្ញា​បង្ហាញ​ផងដែរ​ថា ខេត្ត​ទេសចរណ៍​ដ៏​ធំ​របស់​កម្ពុ​ជាមួយនេះ បាន​ត្រៀមខ្លួន​រួចរាល់ ក្នុង​ការទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ក្នុងនោះ​រួមមាន ៖ ១. ព្រឹត្តិការណ៍​អបអរ​ទីក្រុង​សៀមរាប ជាទី​ក្រុង​វប្បធម៌​អាស៊ាន , ២. ព្រឹត្តិការណ៍​ប្រកួត​វាយ​កូន​ហ្គោល សៀមរាប​ថ្មី​២០២១ និង ៣. ព្រឹត្តិការណ៍​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​លើក​ទី​២៦ ។​

​លោក​ប្រធាន​មន្ទីរ បន្ថែមថា តាម​ការណែនាំ​របស់​ឯក​ឧ​ត្ត​ម ទៀ សីហា អភិបាលខេត្ត​សៀមរាប ឯកឧត្តម​បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​បណ្ដា​មន្ទីរ អង្គភាព និង​ក្រុមហ៊ុន​ឯកជន ចូលរួម​បង្កើត​ព្រឹត្តិការណ៍​នានា ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវទេសចរ ខណៈដែល​មាន​ភ្នាក់ងារទេសចរណ៍​ជិត​៣០០​ក្រុមហ៊ុន​ក្នុង​ខេត្តសៀមរាប បាន​នឹង​កំពុង​ទាក់ទង​ជាមួយ​ដៃគូ​របស់​ពួកគេ​នៅ​បរទេស ដើម្បី​ផ្សព្វផ្សាយ​ពី​កញ្ចប់​ទេសចរណ៍ ក៏ដូចជា​សិក្សា​ពី​ព័ត៌មាន​លម្អិត​ផ្សេងៗ​ជុំវិញ​វិធាន​សុខាភិបាល​ចំពោះ​ភ្ញៀវ​អន្តរជាតិ ដែល​ទទួលបាន​វ៉ាក់សាំង​ពេញលេញ ប៉ុន្តែ​ការរៀបចំ​ដំណើរ​ទស្សនកិច្ច​សម្រាប់​ភ្ញៀវ​អន្តរជាតិ​មក​កម្ពុជា ត្រូវការ​កិច្ចសហការ​ទៅវិញទៅមក​ទាំង​ក្នុង និង​ក្រៅប្រទេស ព្រមទាំង​ត្រូវការ​ពេលវេលា​ច្រើន​។​

​លោក ង៉ូ​វ សេង​កាក់ មានប្រសាសន៍​បន្ថែមថា ទោះបី​ការរង់ចាំ​ភ្ញៀវទេសចរ​ពី​ក្រៅប្រទេស​នៅមាន​ឧបសគ្គ​ខ្លះៗ​ក៏ពិតមែន ប៉ុន្តែ​លោក​នៅតែ​មានគំនិត​វិជ្ជមាន​ថា ទេសចរ​ផ្ទៃក្នុង គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុងការ​លើកកម្ពស់​ច​ល​នា​ទេសចរណ៍​ក្នុងស្រុក ឱ្យមាន​សកម្មភាព​ឡើងវិញ ក្នុងនោះ ជនបរទេស ដែល​កំពុងស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ប្រមាណ ២០​ម៉ឺន​នាក់ ក៏​នឹង​រួមចំណែក​ជួយ​ជំរុញ​ទេសចរណ៍​ក្នុងស្រុក​ផងដែរ ដែល​ជាក់ស្ដែង នៅក្នុង​ថ្ងៃ​ឈប់សម្រាក​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ​អកអំបុក​កន្លងទៅនេះ ខេត្តសៀមរាប​ទទួលបាន​ភ្ញៀវទេសចរ​ប្រមាណ ១៤​ម៉ឺន​នាក់ ដែល​ជួយ​ឱ្យ​សេវាកម្ម​ទេសចរណ៍​មួយចំនួន​ក្នុង​ខេត្ត បាន​បើក​ដំណើរការ​ឡើងវិញ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close