ដំណើរ​ឆ្ពោះទៅកាន់​មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា​ឆ្នាំ២០២១ នៅ​ខេត្ត​ព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​៖ ក្រសួងបរិស្ថាន​និង​រដ្ឋបាលខេត្ត​ព្រះសីហនុ ធ្វើ​សន្និសីទ​សារព័ត៌មាន​មុនពេល​ចាប់​ផ្តើ​សម​ហា​ន្និបាត​សមុទ្រ​អាស៊ី​បូព៌ា​លើក​ទី​៧ ដើម្បី​ជម្រាបជូន​អ្នកសារព័ត៌មាន​អំពី​ការត្រៀមខ្លួន​រួចជាស្រេច​របស់​កម្ពុជា​ក្នុងការ​រៀបចំ​ដឹកនាំ​មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា ២០២១ និង​បង្ហាញ​ពី​សមិទ្ធផល​នានា​ដែល​រាជរដ្ឋាភិបាល​សម្រេចបាន​សម្រាប់​ខេត្ត​ព្រះសីហនុ​។

​សន្និសីទ​សារព័ត៌មាន​ដែល​រៀបចំ​នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ​មានការ​ចូលរួម​ពី​សំណាក់​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួង បរិស្ថាន និង​ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​នៅ​រដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ​។

​ឯកឧត្តម នេត្រ ភក្ត្រា បាន​ថ្លែងថា មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា​លើក​ទី​៧ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១ និង​ទី​២ ខែធ្នូ ឆ្នាំ​២០២១ ក្រោម​ប្រធានបទ​«​បង្កើត​ទសវត្សរ៍​ថ្មី​សម្រាប់​សុខមាលភាព​មហាសមុទ្រ មនុស្ស និង​សេដ្ឋកិច្ច​»​។

មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា​ឆ្នាំ​២០២១ នេះ​ដែល​រួមមាន​កិច្ចប្រជុំ​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ការ​ជាតិ​នៃ​បណ្តា​ខេត្ត​របស់​ប្រទេស​សមាជិក PEMSEA សន្និសីទ​អន្តរជាតិ និង​វេទិការ​រដ្ឋមន្ត្រី​គឺជា​មហាសន្និបាត​លើក​ទី​៧ ហើយ​បន្ទាប់ពី​បានរៀបចំ​ជា​លើក​ទី​១ នៅ​ឆ្នាំ​២០០៣ នៅ​ប្រទេស​ម៉ាឡេស៊ី​។ មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា​ត្រូវបាន​រៀបចំឡើង​រៀងរាល់ ៣ ឆ្នាំ​មក​ដោយមាន​ការចូលរួម​ពី​ប្រទេស​ជា​សមាជិក​នៃ​អង្គការ​អន្តរជាតិ​ភាពជា​ដៃគូ​នៃ​ការគ្រប់គ្រង​បរិស្ថាន​សមុទ្រ​អាស៊ី​បូព៌ា​។

​ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ជម្រាបជូន​ក្រុម​អ្នកសារព័ត៌មាន​ជាង ៣០ រូប​មកពី ១៦ អង្គភាព​សារព័ត៌មាន​អំពី​ស្ថានភាព​ទូទៅ​របស់​ខេត្ត​ព្រះសីហនុ សក្តានុពល​ទេសចរណ៍ សេដ្ឋកិច្ច និង​ឧស្សាហកម្ម ព្រមទាំង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច ក្នុង​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព​ជូន​អ្នក​វិនិយោគិន ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​មក​ទស្សនា​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​។


​
ជាមួយគ្នានេះ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​បង្ហាញ​ពី​សមិទ្ធផល​ថ្មីៗ ដែល​រាជរដ្ឋាភិបាល​បាន​កសាង​សម្រាប់ធ្វើ​ទំនើបកម្ម​ខេត្ត​ព្រះសីហនុ ក្នុងនោះ​រួមមាន ការកសាង​ផ្លូវ​ថ្នាល់​ជា​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ផ្លូវថ្នល់​ចំនួន ៣៧​ខ្សែ អាង​ប្រព្រឹត្ត​កម្ម​សំណល់​រាវ​ទឹក​កខ្វក់ ការគ្រប់គ្រង​សំណល់​រឹង​សំរាម អនាម័យ​បរិស្ថាន ការសម្អាត​ឆ្នេរ ការគ្រប់គ្រង​និង​អភិរក្ស​តំបន់ឆ្នេរ និង​កិច្ចការងារ​សំខាន់ៗ​ជាច្រើន​ទៀត​ដែល​ស្ថិតក្នុង​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ក្នុងការ​ប្រែក្លាយ​ខេត្ត ព្រះសីហនុ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង​។

​នៅ​រសៀល​ថ្ងៃ​ដដែល ក្រុម​អ្នកសារព័ត៌មាន​មានឱកាស​ស្វែងយល់​ពី​ការ​ការងារ​គ្រប់គ្រង​សន្តិសុខ​របស់​កម្លាំង​សមត្ថកិច្ច ទីតាំង​អាង​ប្រព្រឹត្ត​កម្ម​សំណល់​រាវ ទឹក​កខ្វក់ ដែលមាន​តួនាទី​សម្អាត​សំណល់​រាវ​ទឹក​កខ្វក់​ក្រុងព្រះសីហនុ និង​ការអនុវត្ត​សាលា​មេត្រី​បរិស្ថាន​នៅ​សាលាបឋមសិក្សា អនុវិទ្យាល័យ និង​វិទ្យាល័យ​មិត្តភាព ក្រុងព្រះសីហនុ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close