ស្លាប់​មនុស្ស ៣​នាក់ និង​រងរបួស​ម្នាក់ទៀត ក្នុង​ហេតុការណ៍​ឆេះ​ក្លឹប​កម្សាន្ត​មួយកន្លែង នៅ​ក្រុង​សៀមរាប​

​ខេត្តសៀមរាប​៖ ក្លឹប​កម្សាន្ត​ក្រោម​ដី​មួយកន្លែង ឈ្មោះ អេ​លី​ត ស្ថិតនៅ​ក្នុងភូមិ​តាភុល សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ កាលពី​វេលា​ម៉ោង​ប្រមាណ​ជិត​៨​យប់ នា​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២១​នេះ បណ្ដាលឱ្យ​មនុស្ស​ស្លាប់​ចំនួន​៣​នាក់ និង​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់ ដោយសារ​ឆ្លង​ចរន្ដអគ្គិសនី ខណៈពេលដែល​បុគ្គលិក​កំពុងធ្វើការ​ហាត់​សម​ត្រៀម ដើម្បី​ត្រៀម​បើក​ដំណើរការ​ឡើងវិញ​នោះ ។​ ក្នុង​ប្រតិបត្តិការ​​នេះ ក៏មាន​វត្តមាន​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​ចុះទៅពិនិត្យ និង​ដឹកនាំ​ផ្ទាល់​ផងដែរ ។​

​លោក នួន ពុទ្ធា​រ៉ា អភិបាលក្រុង​សៀមរាប បានឱ្យដឹងថា ក្លិប​អេ​លី​ត​នេះ មិនទាន់បាន​បើក​ដំណើរការ​នៅឡើយ​ទេ ប៉ុន្តែ​រយៈពេល​៣​ថ្ងៃ​មកនេះ បុគ្គលិក​បានចាប់ផ្ដើម​ធ្វើការ​សាកល្បង និង​ហាត់​សម ដើម្បី​ស្នើសុំ​ទៅ​អាជ្ញាធរ​បើក​ឡើងវិញ តែ​ជា​អកុសល ក៏​កើតហេតុ​អគ្គិភ័យ​នេះ​តែម្តងទៅ ដែល​ករណី​អគ្គិភ័យ​នេះ ដំបូង​ឡើយ​បុគ្គលិក​បានធ្វើការ​សាក​ឧបករណ៍ ក៏មាន​ការឆ្លង​ចរន្តអគ្គិសនី ហើយ​បាន​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​ដែរ​តែ​មិន​អាចជួយ​បាន ទើប​សុំ​ការអន្តរាគមន៍​ពី​សមត្ថកិច្ច ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះដែរ ឯកឧត្តម ទៀ សីហា បាន​បញ្ជាក់ថា អគ្គិភ័យ​តែងតែ​កើតឡើង​គ្រប់ពេល ប្រសិនបើ​យើង​មានការ​ធ្វេសប្រហែស ដូច្នេះ សូម​ឲ្យ​ក្លិប​កម្សាន្ត​ទាំងអស់​មុន​និង​បើក​ដំណើរការ​ឡើងវិញ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​ពិនិត្យមើល​បច្ចេកទេស​ឱ្យបាន​សមស្រប ព្រោះ​ឥឡូវនេះ ជា​បញ្ហា​មួយ​ជាក់ស្តែង​ឃើញថា បុគ្គលិក​មួយចំនួន​បានមក​ធ្វើការ​តេស្ត​សាកល្បង ដែល​មិនបាន​ធ្វើឱ្យ​គ្រោះថ្នាក់​កើតឡើង​ច្រើន ហើយ​បើសិនជា​គាត់​លួច​បើក មាន​ភ្ញៀវ​ចូល​មិនដឹង​ជា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ប៉ុណ្ណា​នោះទេ ។​

​បើតាម​សមត្ថកិច្ច​បានឱ្យដឹងថា ជនរងគ្រោះ​ទាំង​៤​នាក់​នោះ រួមមាន ៖ ១. ឈ្មោះ អ៊ឹង ស៊ីម ភេទ​ប្រុស អាយុ​ប្រហែល ៤២ ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ​ឈើ សង្កាត់​ទឹក​វិល មុខរបរ​សន្តិសុខ​ក្លឹប​អេ​លី​ត បាន​ស្លាប់​ពេល​ដឹក​មកដល់​មន្ទីរពេទ្យ​ខេត្ត , ២. ឈ្មោះ ប្រាក់ សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​បន្ទប់​ជួល​ភូមិ​តាភុល មុខរបរ DJ ក្លឹប​អេ​លី​ត រងរបួស​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត , ៣. ឈ្មោះ ឈឿន សំណាង ភេទ​ប្រុស អាយុ ២៦​ឆ្នាំ រស់នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប មុខរបរ​អ្នកចំរៀង បាន​ស្លាប់ និង ៤. ឈ្មោះ ធី មេសា ហៅ ចិត្ត ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ រស់​ភូមិ​កន្ត្រក់ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប មុខរបរ​សន្តិសុខ បាន​ស្លាប់ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ទៀតថា អគ្គិភ័យ​នៅ​ក្លឹប​កម្សាន្ត​នេះ មិន​បណ្ដាលឱ្យ​ឆេះ​រាលដាល​ដល់​គេហដ្ឋាន ឬ​អគារ​ផ្សេៗ​ង​នៅក្បែ​នោះទេ ដោយសារ​មានការ​អន្ដរាគមន៍​ឡានទឹក​ទាន់ពេល ហើយ​ពីមុន​មានឈ្មោះ ELIT Club Party ប៉ុន្ដែ​បាន​ដូរ​ឈ្មោះ​ជា ភោជនីយដ្ឋាន អេ​លី​ត​វី​ញ ក្នុងអំឡុងពេល​ជំងឺ​កូ​វីដ​-១៩ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close