មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា ឆ្នាំ​២០២១ ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ «​បង្កើត​ទសវត្សរ៍​ថ្មី​នៃ​សុខុមាលភាព​សមុទ្រ មនុស្ស និង​សេដ្ឋកិច្ច​»

ខេត្ត​ព្រះសីហនុ​៖ ក្រសួងបរិស្ថាន ធ្វើជា​ម្ចាស់ផ្ទះ​នៃ​មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា ឆ្នាំ​២០២១ ក្រោម​ប្រធានបទ «​បង្កើត​ទសវត្សរ៍​ថ្មី​នៃ​សុខុមាលភាព​សមុទ្រ មនុស្ស និង​សេដ្ឋកិច្ច​» ដែល​ប្រព្រឹត្តទៅ​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី​០១ ដល់​០២ ខែធ្នូ ឆ្នាំ​២០២១ នា​ខេត្ត​ព្រះសីហនុ​។

​អង្គ​មហាសន្និបាត​នេះ ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង​តំណាង​ប្រទេស​ដែលជា​សមាជិក​នៃ​អង្គការ PEMSEA ព្រមទាំង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង មន្ទីរ ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត ដោយមាន​ការចូលរួម​ផ្ទាល់ និង​ចូលរួម​តាមរយៈ​ប្រព័ន្ធ​បញ្ជូន​សំឡេង និង​រូបភាព​។​

​មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា លើក​ទី​៧ ក្រោម​ប្រធានបទ «​បង្កើត​ទសវត្សរ៍​ថ្មី​នៃ​សុខុមាលភាព​សមុទ្រ មនុស្ស និង​សេដ្ឋកិច្ច​» នាពេលនេះ គឺជា​លើក​ទី​១ ដែល​កម្ពុជា​បានទទួល​ធ្វើ​ម្ចាស់ផ្ទះ​នៃ​ការរៀបចំ​មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា លើក​ទី​៧ ចាប់តាំងពី​ការចូល​ជា​សមាជិក​នៃ​អង្គការ​អន្តរជាតិ​ភាពជា​ដៃគូ​នៃ​ការគ្រប់គ្រង​បរិស្ថាន​សមុទ្រ​អាស៊ី​បូព៌ា (PEMSEA) នៅ​ឆ្នាំ​១៩៩៤​។

​មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា ត្រូវបាន​រៀបចំឡើង​រៀងរាល់​៣​ឆ្នាំ​ម្តង ដោយមាន​ការចូលរួម​ពី​ប្រទេស​ជា​សមាជិក​នៃ​អង្គការ​អន្តរជាតិ​ភាពជា​ដៃគូ​នៃ​ការគ្រប់គ្រង​បរិស្ថាន​សមុទ្រ​អាស៊ី​បូព៌ា​។ មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា​លើក​ទី​៦ ត្រូវបាន​រៀបចំឡើង​នៅ​ប្រទេស​ហ្វីលីពីន​។ ប្រទេស​ជា​សមាជិក​នៃ​អង្គការ PEMSEA មាន​ចំនួន​១១ ក្នុងនោះ​រួមមាន កម្ពុជា សិង្ហ​បុរី ឡាវ ហ្វីលីពីន ឥណ្ឌូនេស៊ី វៀតណាម ទី​ម័​រ ចិន កូរ៉េខាងត្បូង កូរ៉េខាងជើង ជប៉ុន ព្រមទាំង​មាន​អង្គការ​ដៃគូ​ជាច្រើន​ទៀត​។
​គោលបំណង​សំខាន់ៗ​នៃ​ការរៀបចំ​មហាសន្និបាត​សមុទ្រ​រួមមាន​៖
​ទី​១) ចែករំលែក​មេរៀន​ជា​បទពិសោធន៍ តាមដាន​វឌ្ឍនភាព​ការងារ​កន្លងមក និង​ពង្រីក​បន្ថែម​នូវ​ការអនុវត្ត​យុទ្ធសាស្ត្រ ដែល​បាន​ប្រតិបត្តិ​នៅ​ថ្នាក់​តំបន់ ជាតិ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។
​ទី​២) បង្កើត​និង​រៀបចំ​ឡើងវិញ​នូវ​យន្តការ​គ្រប់គ្រង​ដែលមាន​ស្រាប់ និង​ជំរុញ​បង្កើត​ឱកាស​ថ្មីៗ​បន្ថែមទៀត សម្រាប់​ភាពជា​ដៃគូ​ក្នុង​តំបន់ តាមរយៈ​បច្ចេកវិទ្យា នវានុវត្តន៍ ការវិនិយោគ និង​ហិរញ្ញប្បទាន ដើម្បី​បន្ត​និរន្ត​ភាព​នៃ​បរិស្ថាន​តំបន់ឆ្នេរ និង​សមុទ្រ និង​ទី​៣)​កំណត់​នូវ​ផែនទី​បង្ហាញផ្លូវ​ដ៏​ច្បាស់លាស់​មួយ សម្រាប់​ជា​ដំណោះស្រាយ​ចំពោះ​បញ្ហា​សមុទ្រ​នា​ទស្សវត្ស​ន៍​ខាងមុខ ដោយ​អនុលោម​ទៅតាម​ផែនការ​មួយ​ទសវត្សរ៍​របស់​អង្គការសហប្រជាជាតិ នៃ​វី​ទ្យា​សាស្ត្រ​មហាសមុទ្រ របៀបវារៈ​របស់​អង្គការ​សហ​ប្រជា​តិ​ឆ្នាំ​២០៣០ អនុសញ្ញា​ក្របខ័ណ្ឌ​សហ​ប្រជា​តិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ និង​ក្របខ័ណ្ឌ​ជីវៈចម្រុះ​សកល​ក្រោយ​ឆ្នាំ​២០២០ ព្រមទាំង​បណ្តា​ក្របខ័ណ្ឌ​ពាក់ព័ន្ធ​នានា​។​

​នៅ​ក្របខ័ណ្ឌ​នៃ​មហាសន្និបាត​ឆ្នាំ​២០២១​នេះ មាន​ព្រឹត្តិការណ៍​សំខាន់​ចំនួន​៣ គឺ​ទី​១) សន្និសីទ​អន្តរជាតិ ដែលមាន​ការចូលរួម​ពី​វាគ្មិន​ល្បីៗ​ពី​ការអភិវឌ្ឍ ការអភិរក្ស ការគ្រប់គ្រង​សមុទ្រ​ប្រកបដោយ​ចីរភាព ការគ្រប់គ្រង​សេដ្ឋកិច្ច​ខៀវ និង​ការស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​។ ទី​២)​វេទិកា​រដ្ឋមន្ត្រី​ទី​៧ ផ្តោតលើ​សេចក្តីថ្លែងការណ៍​នៃ​បណ្តា​ប្រទេស​សមាជិក​អង្គការ​ទាំង​១១ ដែល​ផ្តោតលើ​ការរៀបចំ​ផែនទី​នៃ​ការអភិរក្ស និង​អភិវឌ្ឍ​តំបន់​សមុទ្រ​ដែល​គិតគូរ​ពី​សុខុមាលភាព​មហាសមុទ្រ មនុស្ស និង​សេដ្ឋកិច្ច​ពី​ឆ្នាំ​២០២១ ដល់​២០៣០ និង​ទី​៣) ផែនការ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៃ​បណ្តា​ប្រទេស​សមាជិក​។​

​មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា​នេះ គឺជា​មោទកភាព​សម្រាប់​កម្ពុជា ដែល​បាន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​មហាសន្និបាត​ដ៏​មាន​សារៈសំខាន់​នេះ ដែល​រៀបចំឡើង​ក្នុង​គោលបំណង​ពិនិត្យ​លើ​ផែនការ​ការងារ​ដែល​បានសម្រេច​អនុម័ត​កន្លងមក និង​ផែនការ​ទិសដៅ​ដែល​ត្រូវ​ធ្វើជា​បន្តបន្ទាប់ រួមទាំង​ការគិតគូរ​ពី​មូលនិធិ​ដែល​ត្រូវ​យកមកអនុវត្ត​ដើម្បី​ការពារ និង​អភិរក្ស​សមុទ្រ​នៅ​តំបន់​អាស៊ី​បូព៌ា​។
​មុននឹង​ឈានដល់​ការរៀបចំ​មហាសន្និបាត​សមុទ្រ​ឆ្នាំ​២០២១ ដែល​ត្រូវ​រៀបចំ​នៅ​កម្ពុជា​គឺជា​លើក​ទី​៧ ក្រោម​ប្រធានបទ «​បង្កើត​ទសវត្សរ៍​ថ្មី​សម្រាប់​សុខុមាលភាព​មហាសមុទ្រ មនុស្ស និង​សេដ្ឋកិច្ច​» មាន​ព្រឹត្តិការណ៍​អម​ជាច្រើន​ចាប់តាំងពី​ខែមករា មកដល់​ខែ វិច្ឆិកា ឆ្នាំ​២០២១​នេះ រួមមាន​ការប្រជុំ​ពិភាក្សា​តុមូល សិក្ខាសាលា និង​ប្រជុំ​ក្រុមប្រឹក្សា​របស់​អង្គការ ដើម្បី​ពិនិត្យ​លើ​វ​ឌ្ឍ​ភាព​នៃ​ការងារ​និង​សមិទ្ធផល​ទាំងអស់ រួមទាំង​ការធានា​សន្តិសុខ​ស្បៀង ចំណូល និង​ជីវភាព​នៃ មនុស្ស​ដែល​រស់នៅ​តំបន់ឆ្នេរ និង​ការ​ស្តារឡើងវិញ​នូវ​ធនធានធម្មជាតិ​នៅក្នុង​សមុទ្រ​ដូចជា​ផ្កា​ថ្មី ស្មៅ​សមុទ្រ និង​ព្រៃកោងកាង រួម​នឹង​ការគ្រប់គ្រង​លើ​ការបំពុល​ទឹក ការប្រែប្រួល​អាកាសធាតុ និង​ភាព​ធន់​ទៅនឹង​ការប្រែប្រួល​អាកាស និង​ការរស់នៅ​របស់​សហគម​ន៍​។​

​គួរបញ្ជាក់​ឱ្យដឹងថា កម្ពុជា​បានជ្រើសរើស​យក​ខេត្ត​ព្រះសីហនុ ជា​ខេត្ត​ដែល​រាជរដ្ឋាភិបាល បាននិងកំពុង​ប្រែក្លាយ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ដែលជា​ប៉ូល​សេដ្ឋកិច្ច​មួយ​យ៉ាងសំខាន់​របស់​កម្ពុជា និង​ភ្ជាប់​កម្ពុជា​ទៅកាន់​ពិភពលោក​កាន់តែ​ទូលាយ ជាទី​កន្លែង​ដើម្បី​ប្រារព្ធ​មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា​ឆ្នាំ​២០២១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close