អង់គ្លេស អនុម័ត​ឥ្យ​ប្រើ​ថ្នាំលេប​ព្យាបាល COVID-19 ប្រភេទ​ថ្មី មាន​ប្រសិទ្ធភាព​ប្រឆាំងនឹង​វីរុស អូ​មី​ក្រុង

ឡុង​ដ៍​៖ ការព្យាបាល​ថ្មី​មួយ​ត្រូវ​បានអនុម័ត​នៅក្នុង​ចក្រភព​អង់គ្លេស សម្រាប់​អ្នកជំងឺ​ដែល​ឆ្លង​វីរុស​កូ​វីដ​១៩ ដោយ​ក្រុមហ៊ុន​ផលិត​ថ្នាំ​ព្យាបាល​មេរោគ​នេះ​បាន​និយាយថា វា​ក៏​អាច​ប្រឆាំងនឹង​វីរុស​បំប្លែង​ថ្មី អូ​មី​ក្រុង បាន​ផងដែរ​។​

​ថ្នាំ​នេះ​ត្រូវបាន​គេ​ហៅថា sotrovimab គឺ​សម្រាប់​អ្នក​កូ​វីដ​ដែលមាន​អាកា​រៈ “​កម្រិត​ស្រាល​ទៅ​មធ្យម ដែលមាន​ហានិភ័យ​ខ្ពស់​ក្នុង​ការវិវត្ត​ទៅជា​ជំងឺ​ធ្ងន់ធ្ងរ​” នេះ​បើ​យោងតាម​នាយកដ្ឋាន​សុខភាព​ចក្រភព​អង់គ្លេស​។ Xevudy គឺជា​ឈ្មោះ​យីហោ​សម្រាប់​ថ្នាំ​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ឱសថ GSK និង Vir Biotechnology ។

​ក្រុមហ៊ុន​ឱសថ GlaxoSmithKline នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ បាន​និយាយថា ការវិភាគ​មន្ទីរពិសោធន៍​នៃ​ការព្យាបាល​ជំងឺ​កូ​វីដ​១៩ ផ្អែកលើ​អង់ទីគ័រ​ដែល​ខ្លួន​កំពុង​អភិវឌ្ឍ​ជាមួយ​ដៃគូ​អាមេរិក Vir បាន​បង្ហាញថា ថ្នាំ​របស់ខ្លួន​មាន​ប្រសិទ្ធភាព​ប្រឆាំងនឹង​វីរុស​បំប្លែង​ថ្មី អូ​មី​ក្រុង ។

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ក្រុមហ៊ុន​ផលិត​ថ្នាំ​អង់គ្លេស​មួយ​នេះ​បាន​និយាយថា ការធ្វើ​តេស្ត​មន្ទីរពិសោធន៍ និង​ការសិក្សា​លើស​ត្វ​កណ្តុរ​បាន​បង្ហាញថា ថ្នាំ Sotrovimab មាន​សមត្ថភាព​ប្រឆាំងនឹង​មេរោគ​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​វិស្វកម្ម​ជីវសាស្ត្រ ដោយ​មេរោគ​នេះ​មាន​ផ្ទុក​បម្រែបម្រួល​សំខាន់ៗ​មួយចំនួន​ដូច​ទៅនឹង​វីរុស​បំប្លែង​ថ្មី អូ​មី​ក្រុង ដែរ​។ ទោះបីជា​យ៉ាងណាក៏ដោយ ការធ្វើ​តេស្ត​កំពុង​បន្ត ដើម្បី​បញ្ជាក់​លទ្ធផល​ប្រឆាំងនឹង​ការប្រែប្រួល​របស់​វីរុស អូ​មី​ក្រុង ទាំងអស់ ហើយ​ការធ្វើ​បច្ចុប្បន្នភាព​ត្រូវបាន​គេ​រំពឹងទុក​ថា នឹង​បញ្ចេញ​នៅ​ចុង​ឆ្នាំនេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close