ឥណ្ឌូនេស៊ី៖ ភ្នំភ្លើងកម្រើកខ្លួនស្លាប់និងរបួសជាច្រើន

យ៉ាងហោចណាស់ក៏មានមនុស្ស ១៣នាក់ស្លាប់និងរាប់សិបនាក់រងរបួស ហើយពលរដ្ឋរាប់ពាន់នាក់ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែងទៅកាន់តំបន់មានសុវត្ថិភាពក្រោយភ្នំភ្លើង Semeru នៅក្នុងប្រទេសឥណ្ឌូនេស៊ី ។ ក្រុមជួយសង្គ្រោះបានធ្វើការទាំងយប់ទាំងថ្ងៃដើម្បីជួយមនុស្ស១០នាក់ជាប់គាំងដោយភ្នំភ្លើង។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៉ី (BNPB) នៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ហេតុការណ៍ផ្ទុះភ្នំភ្លើង Semeru នៅកោះជ្វា បានផ្តាច់ជីវិតមនុស្សកើនដល់យ៉ាងហោច ១៣នាក់ ហើយបង្កឲ្យជិត១០០នាក់ផ្សេងទៀត ទទួលរងរបួស។
ភ្នំភ្លើង Semeru ដែលជាភ្នំខ្ពស់ជាងគេប្រចាំនៅកោះជ្វា កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានផ្ទុះជះផេះនិងដុំពពកដ៏ក្តៅគគុក ឡើងទៅលើផ្ទៃអាកាស ដែលបានគ្របដណ្តប់ភូមិជាច្រើននៅជុំវិញនោះ ក្នុងខេត្តជ្វាខាងកើត ជាហេតុបណ្តាលឲ្យមនុស្សម្នា នាំគ្នារត់ភៀសខ្លួនទាំងភ័យតក់ស្លុត។
តាមសារព័ត៌មាន BNPB បានឲ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃអាទិត្យនេះថា មនុស្សយ៉ាងតិច១៣នាក់ បានបាត់បង់ជីវិត ក្រោយបន្ទុះភ្នំភ្លើងខាងលើ។ ចំណែកមនុស្ស៩៨នាក់ទៀត បានរងរបួស ក្នុងនោះមានស្ត្រីមានផ្ទៃពោះ ២នាក់ផងដែរ និង៩០២នាក់ ត្រូវបានជម្លៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាព។
ភ្នំភ្លើង Semeru ដែលមានកម្ពស់ជាង ៣,៦០០ម៉ែត្រ គឺជាភ្នំភ្លើងមួយ ក្នុងចំណោមភ្នំភ្លើងសកម្មសរុបជិត១៣០កន្លែង នៅប្រទេសឥណ្ឌូណេស៉ី។ វាធ្លាប់បានផ្ទុះឡើងម្តងដែរកាលពីខែមករា ដើមឆ្នាំនេះ ប៉ុន្តែមិនបានបង្កឲ្យមានមនុស្សណាម្នាក់ រងគ្រោះថ្នាក់ឡើយ នាពេលនោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។