ឯកឧត្តម ជា សុផារ៉ា ចុះមក​ពិនិត្យ និង​ចាត់វិធានការ​បង្ក្រាប​ការទន្ទ្រាន​ដី​រដ្ឋ ក្នុង​ដែន​ព្រៃ​លិច​ទឹក​នៅ​តំបន់​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ខេត្ត​ចំនួន​៤

​កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២១ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ចុះមក​ពិនិត្យ និង​ចាត់វិធានការ​បង្ក្រាប​ការទន្ទ្រាន​ដី​រដ្ឋ ក្នុង​ដែន​ព្រៃ​លិច​ទឹក​នៅ​តំបន់​បឹង​ទន្លេសាប​ស្ថិតក្នុង​ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង​ខេត្តសៀមរាប​។

​សម្រាប់​ថ្ងៃទី​១ ក្នុង​ដំណើរ​បេសកកម្ម​រយៈពេល ៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៧ ខែធ្នូ ក្រុមការងារ​បាន​អញ្ជើញ​ចុះមក​ពិនិត្យ​ទីតាំង​ជាក់ស្តែង​នៃ​ការរំលោភ​កាប់ ទន្ទ្រាន​យក​ដីព្រៃ​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ ក្នុង​ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។

​យោងតាម​របាយការណ៍​របស់​ក្រុមការងារ​អន្តរក្រសួង បាន​ឲ្យ​ដឹងថា តំបន់ ៣ នៃ​ភូមិសាស្ត្រ​ខត្ត​ពោធិ៍សាត់ មាន​ទំហំ​ផ្ទៃដី​ចំនួន ៩៤ ១៤២ ហ​ត ស្មើ ១៤,៥២% នៃ​ទំហំ​ផ្ទៃដី​តំបន់​៣ ទូទាំងប្រទេស ដែលមាន​ផ្ទៃដី​សរុប​ចំនួន ៦៤៧ ៤០៦​ហ​ត ក្នុងស្រុក​ចំនួន ៣​។

​សរុប​ជារួម​ខេត្តពោធិ៍សាត់ មាន​ប្រជាពលរដ្ឋ​ចំនួន ១៩២១ គ្រួសារ កំពុង​អាស្រ័យ​ផល​ក្នុង តំបន់​៣ លើ​ផ្ទៃដី ៤ ០០០,២៨ ហ​ត ក្នុងនោះ​មុន​ឆ្នាំ​២០១២ មាន ១៤០៩ គ្រួសារ លើ​ផ្ទៃដី ២ ៦៤១, ៤៨ ហ​ត និង​ក្រោយ​ឆ្នាំ ២០១២ មាន ៥១២ គ្រួសារ លើ​ផ្ទៃដី ១ ៣៥៨,៨ ហ​ត​។​

​បន្ទាប់ពី​ទទួលបាន​សេចក្តីរាយការណ៍​ពី​មន្ត្រី​ជំនាញ និង​ពិនិត្យ​ពិភាក្សា ជាមួយ​ក្រសួង​ពាក់ព័ន្ធ​រួចមក អង្គប្រជុំ​ទាំងមូល​បានសម្រេច​ដាក់ចេញ​វិធានការ មួយចំនួន ដូចខាងក្រោម​៖
១. ជូន​រដ្ឋបាល​ខេត្តពោធិ៍សាត់​ចេញ​លិខិត​ណែនាំ​ដល់​អាជ្ញាធរ​ស្រុក ឃុំ បញ្ឈប់​ការពិនិត្យ​បញ្ជា​ក់លើ លិខិត​សុំ​កាន់កាប់​ដី និង​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដី​ក្នុង​ដែន​ព្រៃ​លិច​ទឹក​ព្រមទាំង​ចេញ​លិខិត​បដិសេធ លើ​រាល់​លិខិត​ដែល​បានចេញ​រួច​ពី​ពេលមុន​។​
២. ជូន​រដ្ឋបាល​ខេត្តពោធិ៍សាត់​ចាត់វិធានការ​បញ្ឈប់​ការចូល​ទន្ទ្រាន​ដី​ដែន​ព្រៃ​លិច​ទឹក​បន្តទៀត ធ្វើ អត្តសញ្ញាណ​អ្នក​ដែល​បាន​ចូល​ទន្ទ្រាន ដើម្បី​ធ្វើការ​ដកហូត​ដី​និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ដោយ ត្រូវ​កសាង​អង្គហេតុ និង​ដាក់​បណ្ដឹងអាជ្ញា​ទៅ​តុលាការ​។​
៣. ទន្ទឹមនឹង​វិធានការ​ផ្លូវច្បាប់ ជនល្មើស​ត្រូវ​ដាំ​ដើមឈើ​ឡើងវិញ​លើ​ផ្ទៃដី​ដែល​បាន​ទន្ទ្រាន​។
៤. កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ចាត់​កម្លាំង​ចុះ​ល្បាត​តាម​គោលដៅ​ដើម្បី​ទប់ស្កាត់​ការទន្ទ្រាន​ដីព្រៃ​លិច​ទឹក​និង​អនុវត្ត​វិធានការ​ច្បាប់​។
៥. ជូន​ក្រសួង​ធនធានទឹក និង​ឧតុនិយម ទទួលបន្ទុក​ដាំ​បង្គោល​ព្រំដែន​ព្រៃ​លិច​ទឹក​ដែល​ខ្វះ និង​ដែល បាន​ដួលរលំ និង​ដាក់​ពាក្យសុំ​ចុះបញ្ជី​ដី​រដ្ឋ​នូវ​ដីព្រៃ​លិច​ទឹក​តំបន់​ទន្លេសាប​។​
៦. ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​ដាំ​ដំណាំ ពិសេស​ដំណាំ​ស្រូវ ទុកពេល​ឱ្យ​ប្រមូល​ផល រួច​ស្នើ​ឱ្យធ្វើ លិខិត​ទទួលកំហុស និង​ប្រគល់​ដីព្រៃ​លិច​ទឹក​ជូន​រដ្ឋ​វិញ​។​
៧. ការដាំ​ដើមឈើ​ឡើងវិញ ផ្ដល់​អាទិភាព​លើ​ការដាំ​ដើម​ឫស្សី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close