រថយន្តបុកម៉ូតូបើកឆ្លងផ្លូវ ស្លាប់មនុស្ស ២នាក់ នៅស្រុកអូរជ្រៅ!
បន្ទាយមានជ័យ៖ បុរសវ័យចំណាស់ម្នាក់ និងស្ត្រីម្នាក់បានស្លាប់ភ្លាមៗ ក្នុងហេតុការណ៍ថ្នាក់ចរាចរណ៍ កាលពីយប់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិខៃដន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រវាងរថយន្តនិងម៉ូតូ។

នគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ទាំង០២នាក់ ឈ្មោះ សៀម យិង ភេទប្រុស អាយុ៦០ឆ្នាំ អ្នកបើកបរម៉ូតូ និងម្នាក់ទៀត ឈ្មោះហឿន ហេងភេទស្រី អាយុ៤០ឆ្នាំ អ្នករួមដំណើរ, ជនរងគ្រោះទាំង០២នាក់ រស់នៅភូមិខៃដន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
នគរបាលបានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ 1.C 3218 ឌុបក្មួយស្រី ក្នុងទិសដៅ ពីជើងមកត្បូង កាត់ទ្រូងថ្នល់ជាតិលេខ៥ហើយបត់ឆ្វេងមកទិសខាងកើតវិញ ស្របពេលនោះមានរថយន្តមួយគ្រឿងម៉ាកលិចសុសGS300ពាក់ស្លាកលេខ ប.មានជ័យ 2E. 9000 បើកបរក្នុងទិសដៅលិចទៅកើត មកដល់កន្លែងកើតហេតុបានបុកម៉ូតូពេញទំហឹង បណ្តាលអោយស្លាប់បើកម៉ូតូនិងអ្នករួមដំណើរភ្លាមៗនៅនឹងកន្លែង ចំណែកម៉ូតូខូចខាតធ្ងន់ ។
ក្រោយកើតហេតុ អ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើហេតុ។បច្ចុប្បន្នវត្ថុតាងម៉ូតូនិងរថយន្ត ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីស្រាវជ្រាវរកម្ចាស់រថយន្តមកដោះស្រាវតាមនីតិវិធី។
ចំពោះសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។