ផ្លូវជាតិ​លេខ​១០ សម្រេចការសាងសង់បាន​ជិត ៥៥%​ហើយ

​ខេត្តកោះកុង​៖ ​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​១០ មាន​ប្រវែង​សរុប​ចំនួន​១៩៨,៧១​គីឡូម៉ែត្រ​ត​ភ្ជាប់​ពី​សំឡូត​- វាលវែង​-​អូរ​សោម​ដល់​កោះកុង សាងសង់​ស្របតាម​បទដ្ឋាន​បច្ចេកទេស​កម្រិត​៣​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន មាន​ទទឹង​តួ​ផ្លូវ​សរុប​ចំនួន​៩​ម៉ែត្រ ជា​ប្រភេទ​ផ្លូវ​កៅស៊ូ​ពីរ​ស្រទាប់​(DBST) សាងសង់​ស្ពាន​ចំនួន​២៣​កន្លែង​ប្រវែង​១៧២១,៤៦​ម៉ែត្រ ដែល​ក្នុងនោះ​មាន​ស្ពាន​ខ្ពស់​ជាងគេ​មួយ ដែលមាន​កម្ពស់​៧៥​ម៉ែត្រ បណ្តោយ​៥៣០​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ព្រមទាំង​មាន​បំពាក់​ផ្លាកសញ្ញា​ចរាចរណ៍ គំនូស​ចរាចរណ៍ បង្គោលគីឡូម៉ែត្រ និង​បង្គោល​សុវត្ថិភាព​ផងដែរ​។

​គម្រោង​ផ្លូវ​នេះ​ត្រូវបាន​បើក​ការដ្ឋាន សាងសង់​កាលពី​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​គិត​ត្រឹម​ដំណាច់ខែ​វិច្ឆិកា ឆ្នាំ​២០២១ វឌ្ឍនភាព​ការងារ​ជារួម​សម្រេចបាន​៥៤,៨៩%​។

​គម្រោង​ផ្លូវ​នេះ​មានការ​ជ្រើសរើស​គន្លង​ផ្លូវ​ថ្មី​ប្រវែង​សរុប​៦៥,៨៩​គីឡូម៉ែត្រ ដើម្បី​ធ្វើ​ផ្លូវ​ពង្វាង​ពី​ភ្នំក្រវាញ ព្រោះតែ​មិន​ចង់​វះកាត់​ភ្នំក្រវាញ​ជា​ពីរ​នាំឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​និង​ជម្រក​សត្វព្រៃ​ធ្ងន់ធ្ងរ ដែល​នេះ​ជាការ​បង្ហាញឱ្យឃើញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​លើ​ការថែរក្សា​បរិស្ថាន​។​ ​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ធ្វើដំណើរ​យ៉ាង​ស្វិតស្វាញ​បំផុត​ក្នុងការ​ត្រួសត្រាយ​តម្រាយ​ផ្លូវជាតិ​លេខ​១០ ពុះពារ​គ្រប់​ឧបសគ្គ ឆ្លងកាត់​ជ្រោះ​ជ្រោង​ជ្រលង​ដងអូរ កាត់​ខ្នងភ្នំ​ក្រវាញ​ដើម្បី​ពិនិត្យ​ស្ថានភាព​ទឹកដី​ភូមិសាស្ត្រ​សមស្រប​សម្រាប់​ការសាងសង់​។

​គម្រោង​ផ្លូវ​នេះ​គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ​១៨៨,៣៨​លាន​ដុល្លារ​សហ​អាមេរិក ជា​ហិរញ្ញប្បទាន ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួមជាមួយ​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុ​ជាស​ម្រា​ប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​គ្រាប់មីន យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ សាងសង់​ដោយ​ក្រុមហ៊ុន សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​(CRBC) ត្រួតពិនិត្យ​បច្ចេកទេស​សាងសង់​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​ក្វាង​ចូ​វ វ៉ាន​អាន និង​គ្រោង​ចំណាយពេល​សាងសង់​ចំនួន​៤៨​ខែ ចាប់ពី​ខែធ្នូ ឆ្នាំ​២០១៩ ដល់​ខែធ្នូ ឆ្នាំ​២០២៣​។

​គួរ​កត់សម្គាល់ថា​៖ ផ្លូវជាតិ​លេខ​១០​គឺជា​សរសៃឈាម​សេដ្ឋកិច្ចជាតិ​ដ៏​មាន​សក្តានុពល​របស់​ក​ម្ពុ​ជា អាចជួយ​សម្រួល​ដល់​ការតភ្ជាប់​ទំនាក់ទំនង​គមនាគមន៍ ធ្វើ​សមាហរណកម្ម​ត​ភ្ជាប់​ផ្ទៃក្នុង​ប្រទេស និង​ជាមួយ​តំបន់ រួមចំណែក​ក្នុងការ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការដោះដូរ​ពាណិជ្ជកម្ម វិនិយោគ ដំណាំ​កសិផល ក​សិ​-​ឧស្សាហកម្ម និង​ទេសចរណ៍​បាន​ឆាប់រហ័ស និង​ចំណាយ​តិច ជាពិសេស​ជាមួយ​ប្រទេសជិតខាង​។​
​
គួរ​រំឭក​ផងដែរ​ថា នៅ​សម័យ​សង្គ្រាម​តំបន់​វាលវែង​នេះ​គឺជា​សមរភូមិ​ប្រយុទ្ធ​យ៉ាង​ក្តៅគគុក ប៉ុន្តែ​តាមរយៈ ការអនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី តំបន់​នេះ​ត្រូវបានធ្វើ​សមាហរណកម្ម ទាំងស្រុង និង​បានប្រែក្លាយ​ទៅជា​ដែនដី​រដ្ឋបាល​តែមួយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ត្រូវបាន​អភិវឌ្ឍ គ្រប់​វិស័យ​ជា​បន្តបន្ទាប់​ក្រោម​ម្លប់​សន្តិភាព និង​សេរីភាព​ពេញលេញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close