សម្ដេច ហ៊ុន សែន គ្រោងទៅទស្សនកិច្ចប្រទេសភូមា នៅដើមខែមករា
តបតាមការអញ្ជើញរបស់លោក វុនណា ម៉ោងលីន (Wunna Maung Lwin) រដ្ឋមន្រ្តីការបរទេស និងជាបេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋ និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ឬភូមា នៅថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ខាងមុខ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នឹងអញ្ជើញទៅទស្សនកិច្ចនៅប្រទេសភូមា។
គួរបញ្ជាក់ដែរថា នៅក្នុងពិធីសម្ពោធផ្លូវក្នុងខេត្តព្រៃវែងកាលពីថ្ងៃចន្ទ សម្តេច ហ៊ុន សែន បានប្រកាសថា ទោះជាមានការរិះគន់ក៏ដោយ ក៏សម្តេចនឹងធ្វើការជាមួយមេដឹកនាំភូមា លោក មីន អ៊ុងឡាំង ។
សម្តេចបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាននៅដើមឆ្នាំ២០២២ កម្ពុជាមិនទៅណាឆ្ងាយហួសពីគោលការណ៍រួមនិងធម្មនុញ្ញអាស៊ានឡើយក្នុងនោះមាន ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនិង ពង្រឹងអាស៊ានឡើងវិញ បន្ទាប់ពីអាស៊ានមិនបាន ហៅ លោក មីន អ៊ុងឡាំង ឲ្យចូលរួមប្រជុំនាពេលកន្លងទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។