ព្រឹកនេះសម្តេច ហ៊ុន សែន ចុះពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះនៅខេត្តកណ្តាល
(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ដំណើរអញ្ជើញចុះពិនិត្យការដ្ឋាននេះ គឺជាដំណើរលើកទីពីរហើយ បន្ទាប់កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ សម្តេច បានអញ្ជើញចុះត្រួតពិនិត្យរួចម្តងមកហើយ។
សូមបញ្ជាក់ថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ ត្រូវបានស្ថាបនាលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ជាគម្រោងដ៏ធំសម្បើមនៅក្នុងប្រទេសកម្ពុជា វិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ។
ព្រលានយន្តហោះភ្នំពេញថ្មីជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគមានមហិច្ឆិតាអភិវឌ្ឍន៍ជាព្រលានយន្តហោះថ្មីនេះឲ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។