សណ្ឋាគារជិត ២ម៉ឺនបន្ទប់ និងផ្ទះសំណាក់ ៨ពាន់បន្ទប់ នៅខេត្ដសៀមរាប បើកដំណើរការឡើងវិញ

ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានឱ្យដឹងថា សម្រាប់ខេត្តសៀមរាប មានសណ្ឋាគារប្រមាណជិត ២ម៉ឺនបន្ទប់ និងផ្ទះសំណាក់ចំនួន ៨,០០០បន្ទប់ បានបើកដំណើរការជាផ្លូវការនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ។

លោកបន្តថា ការបើកដំណើរការឡើងវិញនូវផ្ទះសំណាក់ និងសណ្ឋាគារនេះ ដោយសារភ្ញៀវទេសចរនឹងចាប់ផ្តើមធ្វើដំណើរមកកម្សាន្តនៅខេត្តនេះជាបណ្តើរៗហើយ ។ លោកថា នៅថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យជាតិ មានភ្ញៀវទេសចរមកម្សាន្ត នៅខេត្តដ៏មានសក្កានុពលមួយនេះប្រមាណ ៦,០០០នាក់ ជារៀងរាល់សប្តាហ៍។

នៅក្នុងវិបត្តិកូវីដ-១៩ វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប រងគ្រោះធ្ងន់ធ្ងរជាងគេ ដែលក្នុងនោះវិស័យសណ្ឋាគារ និងផ្ទះសំណាក់ បានបិទដំណើរការពី ៨០% ទៅ ៩០%។ ប៉ុន្តែបច្ចុប្បន្នគ្រប់ផ្នែកទាំងអស់ ដូចជាសេវាកម្មអាហារដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់ បានបើកដំណើរការឡើងវិញ ដែលជាផ្នែកមួយជួយជំរុញវិស័យសេដ្ឋកិច្ចជាតិឲ្យកាន់តែល្អប្រសើរនាពេលឆាប់ៗនេះ។

បើតាមការជូនដំណឹងរបស់ភ្នាក់ងារអាកាសចរណ៍កម្ពុជា កាលពីពេលថ្មីៗនេះ មានជើងហោះហើរចំនួន ២ខ្សែ គឺសាំងហ្កាពួ អ៊ែឡាញ និងម៉ៃអ៊ែឡាញ នឹងដឹកភ្ញៀវទេចរចូលមកខេត្តសៀមរាប។

គួរ​រំលឹកថា ក្នុងឆ្នាំ២០២០កន្លងទៅនេះ នៅទូទាំងប្រទេសមានសណ្ឋាគារចំនួន ២៥៩ ទីតាំង ស្មើនឹង ១៤,៤៥៣ បន្ទប់ និងផ្ទះភ្ញៀវចំនួន ២៩៤ ទីតាំង ស្មើនឹង ៣,១៧១ បន្ទប់ បានបិទទ្វារជាបន្តបន្ទាប់។ ទីតាំងដែលរងផលប៉ះពាល់ខ្លាំងជាងគេមានរាជធានីភ្នំពេញ ខេត្តសៀមរាប ស្វាយរៀង កំពត បន្ទាយមានជ័យ និងខេត្តបាត់ដំបង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close