រយៈពេល៣០ថ្ងៃ! សមត្ថកិច្ច បង្ក្រាបបទល្មើសគ្រឿងញៀន ៧១ករណី ឃាត់ខ្លួនជនសង្ស័យ ១២៤នាក់ និងរឹបអូសគ្រឿងញៀនជិត ១គីឡូក្រាម
ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងរយៈពេល៣០ថ្ងៃ ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ សមត្ថកិច្ចជំនាញ បានចុះប្រតិបត្តិការបង្ក្រាបបានបទល្មើសគ្រឿងញៀនចំនួន ៧១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១២៤នាក់ និងដកហូតគ្រឿងញៀន ជិត១គីឡូក្រាម។
លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់នៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ឱ្យដឹងថា លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទាំងនេះ គឺកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងការិយាល័យជំនាញបានសហការគ្នាក្នុងការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងរាជធានីភ្នំពេញ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីលើកកម្ពស់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមឱ្យ បានប្រសើរឡើង។ នៅទន្ទឹមដែលគេមើលឃើញថា បទល្មើសគ្រឿងញៀនជាបញ្ហាប្រឈមបំផុតបង្កអសន្តិសុខសង្គម ដែលជាប្រភពបញ្ហាបង្កឱ្យកើតមានដូចជាបទល្មើស លួចឆក់ ប្លន់ អំពើហឹង្សា និងបទល្មើសផ្សេងទៀតផងដែរ។
លោក បានឱ្យដឹងទៀតថា ការងារបង្ការទប់ស្កាត់គ្រឿងញៀននេះផងដែរ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ក៏បានដាក់ចេញនូវវិធានការ ៤ចំណុច ដើម្បីចូលរួមអនុវត្ត នៃផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យកាន់តែមានប្រសិទ្ធភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។