ខាវ៉ាន់ដំរីដ៏ឯកោលើលោក លែងឯកោទៀតហើយ ដោយមានសុខភាពរឹងមាំ និងរីករាយ ក្នុងជម្រកថ្មី!
«ក្រសួងបរិស្ថានពិតជាមានមោទកភាពដែលបានឃើញដំរីខាវ៉ាន់ដែលគេស្គាល់ថាជាដំរីដ៏ឯកោជាងគេនៅលើពិភពលោកមានសុខភាពល្អ មានអារម្មណ៍ស្ងប់និងមានភាពស៊ាំនឹងមនុស្សច្រើនជាងមុន ស្លូតបូតជាងមុន និងលែងឯកោទៀតហើយ»។
នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ថ្លែងកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ក្រោយពេលបានមកពិនិត្យមើលដំរីខាវ៉ាន់ នៅតំបន់អភិរក្សសត្វដំរី នៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែលក្រសួងបរិស្ថានបានអនុញ្ញាតដល់អង្គការដែនជម្រកសត្វព្រៃកម្ពុជាចូលរួមការពារនិងអភិរក្សព្រៃឈើនិងសត្វព្រៃតំបន់នោះ។
ឯកឧត្តម នេត្រ ភក្ត្រា ដែលជា មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានចូលរួមជាអធិបតីស្វាគមន៍សត្វដំរីខាវ៉ាន់ ដែលបានមកដល់កម្ពុជា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅក្រោយរស់នៅក្នុងសួនសត្វនៃប្រទេសប៉ាគីស្ថានរាប់ឆ្នាំ។ បច្ចុប្បន្ននេះ ដំរីខាវ៉ាន់មានអាយុ ៣៦ ឆ្នាំហើយ និងបានរស់នៅលើជម្រកថ្មីរបស់ខ្លួនក្នុងប្រទេសកម្ពុជា រយៈពេលមួយឆ្នាំមកហើយ។
ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ដោយលាន់មាត់ថា រយៈពេលមួយឆ្នាំដែល ដំរីខាវ៉ាន់រស់នៅក្នុងជម្រកថ្មីដែលកម្ពុជាបានផ្តល់ឱ្យ មានភាពប្លែកខុសពីមកដំបូងក្នុងនោះ ដំរីខាវ៉ាន់បានប្រែប្រួលពណ៌សម្បុរ ដូចជាដំរីរស់ក្នុងធម្មជាតិវិញ មានឃើញដុះរោមថ្មីនៅលើខ្នង ក្រចកលែងសូវរិចរិល និងមានឃើញលូតលាស់គល់ក្រចក មានដុះភ្លុករាងវែងបន្តិច រាងកាយមានភាពមាំមួនជាងមុនធាត់ជ្រុលដូចមុន និងរូបរាងមានការប្រែប្រួល។
ឯកឧត្តមបានបន្ថែមទៀតថា ចរិតរបស់ដំរីខាវ៉ាន់មានការប្រែប្រួលខ្លាំងគឺមានភាពស្ងៀមស្ងាត់ និងស៊ាំនឹងមនុស្ស មិនតប់ប្រមល់ និងគួរឱ្យស្រឡាញ់។ ពេលវាស៊ីចំណី ស៊ីដោយរីករាយ និង យកចំណីពីដៃមនុស្សដោយមនោសញ្ចេតនា។ «ខ្ញុំពិតជាមានសេចក្តីសប្បាយរីករាយយ៉ាងខ្លាំងចំពោះការ វិវឌ្ឍសុខភាព អត្តចរិតដ៏ល្អរបស់ដំរីខាវ៉ាន់នេះ»។
គួររំឭកថា ដំរីឈ្មោះខាវ៉ាន់ ដែលជាដំរីដ៏ឯកោបំផុតនៅលើលោកទីបំផុត បានមកដល់ទឹកដីនៃខេត្តសៀមរាមអង្គរ នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីបានធ្វើដំណើរជាច្រើនម៉ោងនៅលើយន្តហោះពីប្រទេសប៉ាគីស្ថាន។ កម្ពុជាបានផ្តល់ជម្រកថ្មី ផ្តល់ជីវិតថ្មី និងផ្តល់ក្តីសង្ឃឹមថ្មីដល់ដំរីដ៏ឯកោមួយនេះ។
ក្រោយពីទទួលបានការប្រោះព្រំពីព្រះសង្ឃនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដំរីខាវ៉ាន់ត្រូវបាននាំយកទៅកាន់ជម្រកថ្មីដែលមានទំហំដី ៤.៣៥០ ហិកតានៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យដែលអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា បានទទួលការអនុញ្ញាតក្រសួងបរិស្ថានធ្វើការការពារ និងអភិរក្ស។
សត្វដំរីខាវ៉ាន់នេះ នឹងត្រូវរស់នៅក្នុងព្រៃធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ក្រោមការយកចិត្តទុកដាក់ថែរក្សាការពារខ្ពស់របស់អង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា។ បច្ចុប្បន្ននេះ ដំរីខាវ៉ាន់ ត្រូវបានបន្តបន្ស៊ាំនឹងការរស់នៅក្នុងព្រៃធម្មជាតិក្នុងទំហំ១២ ហិកតា ហើយនៅក្នុងតំបន់នោះ មានសត្វដំរីស្រុកញិចំនួន ៣ ក្បាល ដែលរហូតមកដល់ពេលនេះ ដំរីខាវ៉ាន់បានធ្វើការទាក់ទង។ អង្គការដែនជម្រកសត្វព្រៃកម្ពុជាបានយកចិត្ត ទុកដាក់ខ្ពស់ក្នុងការថែរក្សាសត្វដំរីខាវ៉ាន់ និងសត្វដំរីផ្សេងទៀត រួមនឹងសត្វព្រៃនានាក្នុងតំបន់អភិរក្សនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។