រុស្ស៊ី​នឹង​ប្រើប្រាស់​បំណុល​ដែល​កម្ពុជា​ជំពាក់​​​ទៅ​​​ជា​​​​ទុក​​​​វិនិយោគ​​​​វិញ​

កម្ពុជា/រុស្សីុ ៖ តប​តាម​សំណើរ​របស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​ជួបពិភាក្សា​ការងារ​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល ប្រទេស​បែ​ល​ហ្សិ​ក​ នាយករដ្ឋមន្ត្រី​រុស្ស៊ី​បាន​លើកឡើងថា រុស្សី​នឹង​ប្រើប្រាស់​បំណុល​ដែល​កម្ពុជា​ជំពាក់​កាលពី​អតីតកាល សម្រាប់​ជាការ​វិនិយោគ​នៅ​កម្ពុជា ដែល​នោះ​គឺជា​អាទិភាព​ដ៏​ល្អ​សម្រាប់​កម្ពុជា​ដែល​រុស្ស៊ី​ចង់​ជួយ​។​

​ក្នុងនោះ រុស្ស៊ី​ក៏​នឹង​ផ្តល់ជំនួយ​បច្ចេកទេស​មួយចំនួន ក្នុង​ការជួយ​ដល់​ការជួសជុល​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត និង​ក៏​បំណង​ជួយ​ដល់​ការជួសជុល​ប្រាសាទបុរាណ​មួយចំនួន​របស់​កម្ពុជា​ផងដែរ ដោយសារ​តែមាន​អ្នក​ទេសចររុស្ស៊ី​ជាច្រើន បាន​ទៅ​ទស្សនា និង​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​ប្រទេស​កម្ពុជា​។​

​ឯកឧត្តម ដិ​មិ​ទ្រី មី​ត​ដ្វេ​ដែ​វ (Dmitry Medvedev) នាយករដ្ឋមន្ត្រី​រុស្ស៊ីបាន​បញ្ជាក់ថា ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​រុស្ស៊ី ពិត​ជាមាន​ភាពល្អប្រសើ​រ​ខ្លាំងណាស់ ក្នុងពេល​បច្ចុប្បន្ន​។ ហើយ​រុស្សី​នឹង​បន្ត​សហការ​ជាមួយ​កម្ពុជា ទៅលើ​វិស័យ​ជាច្រើន​រួមទាំង​វិស័យ​សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ដើម្បី​ឲ្យ​ទំនាក់ទំនង នៃ​ប្រទេស​ទាំងពីរ​កាន់តែ​រឹងមាំ​ទ្វេ​ឡើង​ថែមទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close