ក្រឡាប់រថយន្ត នៅភាគខាងត្បូងប្រទេសម៉ិចស៊ីកូ ផ្តាច់ជីវិតមនុស្សជិត ៥០នាក់
មនុស្សយ៉ាងហោច៤៩នាក់ ដែលភាគច្រើនជាជនចំណាកស្រុកមកពីតំបន់អាមេរិកកណ្តាល បានបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់បំផុតមួយ នៅរដ្ឋឈៀប៉ាស់ (Chiapas) ភាគខាងត្បូងប្រទេសម៉ិចស៊ីកូ កាលពេលថ្មីៗនេះ។
អាជ្ញាធរម៉ិចស៉ីកូបានឲ្យដឹងថា ឧបទ្ទវហេតុខាងលើបានកើតឡើង នៅពេលដែលរថយន្តកុងតឺណឺធំមួយគ្រឿង បានក្រឡាប់លើដងផ្លូវកោងដ៏គ្រោះថ្នាក់មួយ នៅឯជាយទីក្រុងធូសត្លា ហ្គូតឺរែស (Tuxtla Gutierrez) កាលពីថ្ងៃទី៩ ធ្នូ។ ជនរងគ្រោះដែលបានបាត់បង់ជីវិត គឺរួមមានទាំងបុរស ស្ត្រី និងកុមារ។ មនុស្ស៥៨នាក់ទៀត ក៏បានទទួលរងរបួស ក្នុងគ្រោះថ្នាក់ចរចារណ៍នោះផងដែរ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ។
គួរបញ្ជាក់ថា ជាទូទៅ ជនចំណាកស្រុក ដែលព្យាយាមភៀសខ្លួនពីភាពក្រីក្រតោកយ៉ាក និងអំពើហិង្សា នៅក្នុងតំបន់អាមេរិកកណ្តាល តែងតែធ្វើដំណើរឆ្លងកាត់ប្រទេសម៉ិចស៉ីកូ ដើម្បីឆ្ពោះទៅកាន់សហរដ្ឋអាមេរិក ហើយពេលខ្លះពួកគេសុខចិត្តប្រជ្រៀតគ្នា នៅក្នុងរថយន្តដឹកទំនិញធំៗ ដែលរៀបចំដោយក្រុមអ្នកលួចឆ្លងដែនមនុស្ស ទោះត្រូវប្រឈមស្ថានភាពដ៏គ្រោះថ្នាក់ខ្លាំងក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។