ស្ថានភាពអ្នកពុលស្រាសនៅស្រុកសំបូរត្រូវបានធូរស្រាល
ក្រចេះ ៖ ដោយយោងតាមស្នងការនគរបាលខេត្តក្រចេះបានបញ្ជាក់ថា មានប្រជាពលរដ្ឋ៣នាក់ បានកើតអាការៈពុលស្លាប់និងជាង៣០នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តជាបន្តបន្ទាប់ នាព្រលប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ។ ហេតុការណ៍នេះបានកេីតឡេីងក្នុងភូមិដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។ ការពុលរហូតស្លាប់នេះ ត្រូវបានអាជ្ញាធរសន្និដ្ឋានជាជំហានដំបូងថា បណ្តាលមកពុលស្រាស ដែលផលិតចេញពីសិប្បកម្មនៅក្នុងភូមិ។
លោកវរសេនីយ៍ឯក ប៊ុន ឈឿន អធិការនគរបាលស្រុកសំបូរឲ្យដឹងថា មកទល់និងល្ងាចថ្ងៃទី១៩ តុលា នេះស្ថានភាពអាការពុលរបស់អ្នកភូមិដែលបាននាំមកសង្រ្គោះនៅមន្ទីរពេទ្យត្រូវបានធូរស្រាលវិញ។ លោកថា ការពុលនេះបណ្តាលឲ្យមានអ្នកភូមិប្រុស ស្រី៣នាក់ បានស្លាប់ជាបន្តបន្ទាប់គ្នា ក្នុងនោះមាន២នាក់ជាប្តីប្រពន្ធ។ ការពុលនេះដែរគឺបានកើតមានឡើងបន្ទាប់ពីពួកគាត់នាំគ្នាទទួលទានស្រាស ជុំគ្នានៅនិងស្រែក្រោយចប់ពីការច្រូតស្រូវ។
អធិការនគរបាលស្រុកសំបូរ បានបញ្ជាក់បន្ថែមទៀតថា ក្រោយផ្ទុះបាតុភាពពុលនេះបានកើតឡើង នគរបាលស្រុកសំបូរ បានឃាត់ខ្លួនបុរសជាម្ចាស់អាជីវកម្មផលិតស្រានៅក្នុងភូមិម្នាក់មកសាកសួរ និងបានប្រមូលយកសំណាកស្រាដែលនៅសល់មកធ្វើកោសល្យវិច្ច័យផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។