​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ក្រុងព្រះសីហនុ សម្រេចបាន​ជាង ៧០%​ហើយ គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០២១!

​ខេត្តកំពង់ស្ពឺ​៖ កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ថ្មីៗ​នេះ ឯកឧត្តម យិ​ត បុ​ណ្ណា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ចុះ​ពិនិត្យ​វឌ្ឍនភាព​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ឋិត​ត្រង់ចំណុច​ទីតាំង​ផ្លូវបំបែក​ប្តូរ​ទិស​ទី​២ និង​ទី​៣ ដោយមាន​ការចូលរួម​ពី​តំណាង​ក្រុមហ៊ុន​សាងសង់ តំណាង​ក្រុមហ៊ុន​ត្រួតពិនិត្យ​បច្ចេកទេស មន្ត្រី​បច្ចេកទេស​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​ផងដែរ​។​

​ក្រោយពី​បាន​ចុះ​ពិនិត្យ​នេះដែរ​ឯកឧត្តម​រដ្ឋលេខា​ធិ​ការ បាន​ស្នើឱ្យ​ក្រុមហ៊ុន​សាងសង់
​ពិនិត្យមើល​ទីតាំង​ផ្លូវបំបែក​ប្តូរ​ទិស​នីមួយៗ​ឱ្យបាន​ហ្មត់ចត់ ជាពិសេស​ត្រង់​កន្លែង​ប្ដូរ​ទិស​ដែល​មិនមាន​របាំង​បែងចែក​ទិស​ចរាចរណ៍ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ប្រសិទ្ធភាព និង​ធានាបាន​សុវត្ថិភាព​ដល់​អ្នកបើក​បរ ដែល​ធ្វើ​ចរាចរណ៍​ចូលមក​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​នេះ និង​បាន​ស្នើឱ្យ​ពិនិត្យមើល​វិធាន​បច្ចេកទេស​ការពារ​ផ្លូវ​ពី​ការបាក់​រអិល​ជ្រេ​ល​ដោយ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ការពារ​តំបន់​មួយចំនួន​នៅជាប់​ទីតាំង​ជម្រាលភ្នំ ដែល​អាច​ទទួលរង​ការ​រអិល​បាក់​ដី បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​។​

​សូមបញ្ជាក់​ជូន​ថា​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ មាន​ប្រវែង ១៩០​គីឡូម៉ែត្រ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ខែកក្កដា ឆ្នាំ​២០១៩ ហើយ​គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០២១ ដំណើរការ​សាងសង់​សម្រេចបាន​៧០,៩៣%​ហើយ និង​គ្រោង​បញ្ចប់​ការសាងសង់​នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២៣​។ ផ្លូវ​នេះ​ត​ភ្ជាប់​ពី​ភូមិ​១ សង្កាត់ សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដល់​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។​

​ផ្លូវ​នេះ​អនុវត្ត​ការសាងសង់​ដោយ​ក្រុមហ៊ុន PPSHV Expressway Co., Ltd និង​ក្រុមហ៊ុន​វិនិយោគ​បុត្រ​សម្ព័ន្ធ​នៃ ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​(CRBC) និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន MINCONSULT SDN. BHD. ចំណាយ​រយៈពេល​សាងសង់​៤៨​ខែ គ្រោង​ចំណាយ​ថវិកា​ប្រមាណ ២០១៩​លាន​ដុល្លារ សហរដ្ឋអាមេរិក មាន​គន្លង​ផ្លូវ​ចំនួន​៤​គន្លង ទទឹងផ្លូវ​សរុប ២៤,៥ ម៉ែត្រ មាន​ផ្លូវបំបែក​ទិស​៧​កន្លែង កន្លែង​ឈប់សម្រាក​ចំនួន​៣​កន្លែង ចំណតរថយន្ត​១​កន្លែង មណ្ឌល​ប្រតិបត្តិការ​និង​ថែទាំ​ចំនួន​៤​កន្លែង​។

​ផ្លូវ​ល្បឿន​លឿន​នេះ​បាន​ឆ្លងកាត់​ខេត្តកំពង់ស្ពឺ​ប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុង​ប្រវែង​១,៩២ គីឡូម៉ែត្រ និង​ខេត្ត​ព្រះសីហនុ​ប្រវែង ៨៩,៨៩​គីឡូម៉ែត្រ​។​
​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​គឺជា​គម្រោង​ផ្លូវ​ល្បឿន​លឿនទី​១ និង​ជា​គម្រោង​ផ្លូវ របៀង​យុទ្ធសាស្ត្រ​សំខាន់បំផុត​នៅ​កម្ពុជា ជួយ​កាត់បន្ថយ​ពេលវេលា​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅ​កំពង់ផែ​សមុទ្រ​ក្រុងព្រះសីហនុ​ពី​ចំនួន​ប្រាំ​ម៉ោង​ថយ​មក​ត្រឹមតែ​ពីរ​ម៉ោង​ប៉ុណ្ណោះ និង​ជួយ​កាត់បន្ថយ​តម្លៃ​ដឹកជញ្ជូន​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close