កម្ពុជា ទទួលបាន​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ៣០​ម៉ឺន​ដូ​ស​បន្ថែមទៀត ពី​ជំនួយ​កូ​វ៉ា​ក់

​ភ្នំពេញ​៖ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ស៊ី​ណូ​វ៉ា​ក់ ចំនួន ៣០​ម៉ឺន​ដូ​ស​បន្ថែមទៀត ដែលជា​ជំនួយ​របស់​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ (COVAX Facility) បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​ហើយ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៣ ខែធ្នូ ឆ្នាំ​២០២១​នេះ​។

​សូមជម្រាបថា មជ្ឈមណ្ឌល​កូ​វ៉ា​ក់ គឺជា​យន្តការ​អន្តរជាតិ​មួយ ត្រូវបាន​បង្កើតឡើង​ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​អភិវឌ្ឍន៍​អន្តរជាតិ​នានា ដើម្បី​ស្វះ​ស្វែងរក​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ជូន​ដល់​ប្រទេស​ក្រីក្រ និង​ប្រទេស​អភិវឌ្ឍន៍​តិចតួច​។​

​ប្រទេស​កម្ពុជា ក៏​ជា​ប្រទេសមួយ ដែល​ត្រូវបាន​មជ្ឈមណ្ឌល​កូ​វ៉ា​ក់​កំណត់​ជា​ប្រទេស​ត្រូវ​ផ្តល់នូវ​ជំនួយ​វ៉ាក់សាំង ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​ផងដែរ​។ មជ្ឈមណ្ឌល​កូ​វ៉ា​ក់ បានកំណត់​ផ្តល់​វ៉ាក់សាំង​បង្កា​ជំងឺ​កូ​វីដ​១៩ ប្រមាណ ៦.៦​លាន​ដូ​ស​មកដល់​ប្រទេស​កម្ពុជា​ក្នុង​ជំហាន​ដំបូង​។​

​មកដល់ពេលនេះ​វ៉ាក់សាំង​ចម្រុះ​ជាង ៣​លាន​ដូ​ស​ហើយ តាមរយៈ​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់​។ វ៉ាក់សាំង​ជា​ជំនួយ​របស់​កូ​វ៉ា​ក់​ដែល​ដឹកនាំ​មកដល់​ប្រទេស​កម្ពុជា​នោះ មានដូចជា​ស៊ី​ណូ​វ៉ា​ក់ អា​ស្ត្រា​ហ្សេ​នី​កា ម៉ូ​ដេ​ណា និង​ច​ន​សុន​&​ច​ន​សុន​។​

​ពាក់ព័ន្ធ​នឹង​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​នេះ កម្ពុជា គឺជា​ប្រទេស​ដែល​រកបាន​វ៉ាក់សាំង បាន​លឿន​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​។ តាមរយៈ​ផែនការ​មួយ​ច្បាស់លាស់​ទាំង​ការទិញ ជំនួយ​ពី​ប្រទេស​ជា​មិត្ត និង​មជ្ឈមណ្ឌល​កូ​វ៉ា​ក់​នោះ មកដល់ពេលនេះ កម្ពុជា​រកបាន​វ៉ាក់សាំង​សរុប​ជាង ៤០​លាន​ដូ​ស​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close