ស្លាប់៦០នាក់ របួសជាង២០០នាក់ក្នុងហេតុការណ៍រថភ្លើងបុកហ្វូងមនុស្សពេល​​​ចូលរួមក្នុងពិធីបុណ្យសាសនា​​​នៅ​​​ឥណ្ឌា

ឥណ្ឌា ៖ នៅក្នុងពិធីបុណ្យសាសនាមួយក្នុងប្រទេសឥណ្ឌា បានក្លាយទៅជាសោកនាដកម្ម ក្រោយពេលរថភ្លើងដឹកអ្នកដំណើរ បុកទៅលើសាសនិកចូលរួមនៅក្នុងពិធីបុណ្យ សម្លាប់មនុស្ស៦០នាក់ និងរបួសជាង ២០០នាក់ ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះកើត​​​ឡើង កាលពីយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ ។

សារព័ត៌មាន BBC បានដកស្រង់សម្តីប៉ូលិសក្នុងតំបន់បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើង នៅតំបន់ Amritsar រដ្ឋ Punjab ភាគខាងជើងប្រទេសឥណ្ឌា ជាប់ព្រំដែនប្រទេសប៉ាគីស្ថាន។ ជនរងគ្រោះដេកពេញទីលាន ហើយមន្ត្រីក្នុងតំបន់បានបញ្ចាក់ថានឹងមានអ្នកស្លាប់កើនឡើងជាបន្តទៀត។ ជនរងគ្រោះ គឺជាពលរដ្ឋនៅក្នុងតំបន់ ឈរនៅលេីផ្លូវរថភ្លើង ពេលចូលរួមពិធីបុណ្យ Dusshera នៃសាសនាហិនឌូ។ ពលរដ្ឋ មិនឮស៊ូសម្លេងរថភ្លើងឡើយ ពេលកំពុងតែជក់ចិត្ត មើលការបាញ់កាំជ្រួចផ្កាភ្លើង និងដុត រ៉ូបសប្បនិមិត្ម។ ក្នុងចំណោមជនរងគ្រោះមានទាំងកុមារផងដែរ។

ប្រភពព័ត៌មានបានឲ្យដឹងថា គណកម្មការរៀបចំពិធីបុណ្យបានស្នើដល់ពលរដ្ឋកុំទៅតំបន់ផ្លូវដែកពេលបាញ់កាំជ្រួច។ ពេលនេះដែរមានព័ត៌មានបានផ្សាយថា ពលរដ្ឋរត់ទៅផ្លូវដែកដោយសារតែខ្លាចរូបសិប្បនិមិត្ម ដែលដុតនោះបាក់ស្រុតគ្រប់ពេលវេលា ។ សាក្ស៊ីនៅកន្លែងកើតហេតុបានឲ្យដឹងថា ពលរដ្ឋនៅនៅតំបន់ផ្លូវដែក ដើម្បីថតរូបវីដីអូពីសកម្មភាព បាញ់កាំជ្រួច ដោយមិនដឹងថារថភ្លើងកំពុងតែមកដល់ក្នុងល្បឿនលឿន។

ប៉ូលិសក្នុងតំបន់បានឲ្យដឹងថា សម្លេងផ្ទុះនៃកាំជ្រួច និងសម្លេងអ៊ូអរនៃហ្វូងមនុស្ស ធ្វើឲ្យជនរងគ្រោះស្ដាប់មិនឭសម្លេងរថភ្លើង ។ រថភ្លើងខាងលើធ្វើដំណើរពី Jalandhar ទៅកាន់ Amritsar ។ អភិបាលរដ្ឋ Punjab លោក Amarinder Singh បានឲ្យដឹងថា នេះជាសោកនាដកម្មមួយដ៏រន្ធត់ ហើយលោកនឹងបញ្ជាដល់មន្ត្រីឲ្យជួយដល់ជនរង្គ្រោះឲ្យបានល្អបំផុត និងបើកការស្រាវជ្រាវពីហេតុការណ៍ខាងលើ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close