ថ្ងៃនេះ អាជ្ញាធរជាតិអប្សរានឹងបើកព្រឹត្តិការណ៍រំលឹកគុណអង្គរ នៅមុខប្រាសាទអង្គរវត្ត
(សៀមរាប) ៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នេះ អាជ្ញាធរជាតិអប្សរា ចាប់ផ្តើមធ្វើពិធីបួងសួងនៅមុខប្រាសាទអង្គរវត្ត សម្រាប់បើកព្រឹត្តិការណ៍រំលឹកគុណអង្គរ។
ពិធីនេះ នឹងមានការអញ្ជើញចូលរួម ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវ កិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច, លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំខេត្ត សៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ រួមទាំងមាននិមន្តពីសំណាក់ព្រះសង្ឃ ពុទ្ធបរិស័ទ បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន នឹងចូលរួម។
បើតាមលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ពិធីរំលឹកគុណអង្គរ ប្រារព្ធឡើងក្នុងគោលបំណងចំនួន៧ធំៗ រួមមាន៖
១.ដើម្បីរំលឹកគុណដល់បុព្វការីជនដែលបានខិតខំកសាង និងថែរក្សារមណីយដ្ឋានអង្គរឱ្យបានស្ថិតស្ថិរគង់វង្សមកដល់សព្វថ្ងៃ។
២.ដើម្បីរក្សាភាពស័ក្តិសិទ្ធិក្នុងបរិបទសាកលភាវូបនីយកម្ម។
៣.ដើម្បីរំលឹកឡើងវិញនូវកេរដំណែលនៃពិធីដឹងគុណព្រះមហាក្សត្រក្នុងសម័យអង្គរ ក្រោមរូបភាពពិធីឡើងសួយសារអាករពីរដ្ឋចំណុះ ជាពិសេសដើម្បីសម្តែងនូវកតញ្ញូតាធម៌ និងគុណូបការចំពោះវីរជន ឥស្សរជន និងបុព្វបុរសគ្រប់ជំនាន់ដែលបានលះបង់កាយចិត្តស្មារតីក្នុងការកសាង ថែរក្សា ការពារ និងអភិរក្សមត៌កវប្បធម៌។
៤.ដើម្បីបង្កើតឱ្យមានយន្តការនៃការរំលឹកគុណអង្គរ ដើម្បីបំផុសឱ្យភ្ញៀវជាតិ ឬអន្តរជាតិ១នាក់ចូលរួមទស្សនាអង្គរយ៉ាងហោចណាស់ឱ្យបាន១ដងក្នុង១ឆ្នាំ មកទស្សនាហើយចង់មកទៀត។
៥.ដើម្បីបំផុសចលនាស្រលាញ់ និងចូលរួមការពាររមណីយដ្ឋានអង្គរ ជៀសវាងឱ្យបាននូវការបំផ្លាញដោយស្នាដៃមនុស្ស និងធម្មជាតិ តាមរយៈការរៀបចំកម្មវិធីស្វែងយល់ផ្ទាល់នៅការដ្ឋានការងាររបស់អាជ្ញាធរជាតិអប្សរា បញ្ហាប្រឈម និងការបញ្ជ្រាបតាមរយៈការសម្តែងសិល្បៈ ទស្សនីយភាព ពោលដើម្បីបណ្តុះស្មារតីយុវជន និងប្រជាពលរដ្ឋខ្មែរឱ្យចេះស្រលាញ់ ចូលរួមថែរក្សា ការពារ និងលើកតម្កើងបេតិកភណ្ឌ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីផូរផង់របស់កម្ពុជា លើកស្ទួយពាក្យស្លោក «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ»។
៦.ដើម្បីធ្វើឱ្យកាន់តែប្រាកដឡើងនូវពាក្យស្លោក «កោះសន្តិភាព» ដែលមានចែងក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញកម្ពុជា ក្រោមពាក្យស្លោក «អរគុណសន្តិភាព» និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសភាពជោគជ័យនៃយន្តការទប់ស្កាត់កូរីដ១៩របស់កម្ពុជា ក៏ដូចជាចូលរួមចំណែកជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងការធ្វើឱ្យរួសរានឡើងវិញនូវវិស័យទេសចរណ៍របស់កម្ពុជា។
៧.ដើម្បីបង្ហាញមោទកភាពជាតិរបស់កម្ពុជា ដែលជាមហាអំណាចវប្បធម៌ និងមានប្រវត្តិសាស្រ្តយូរលង់មកហើយ ព្រមទាំងលើកគុណតម្លៃសម្បត្តិបេតិកភណ្ឌដើម្បីផ្សព្វផ្សាយពីសក្តានុពលវប្បធម៌ និងទេសចរណ៍ទៅកាន់ឆាកអន្តរជាតិជាដើម។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។